រដ្ឋមន្រ្តី ហួត ហាក់ អញ្ជើញចូលរួមទស្សនាស្តង់ពិព័រណ៍អាស៊ាន នៅហ្វីលីពីន


ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមទស្សនាស្តង់ពិព័រណ៍អាស៊ាន ដោយមានការរៀបចំស្តង់ពិព័រណ៍ (Booth) តាំងបង្ហាញផលិតផលទេសចរណ៍ អមជាមួយការសម្តែងសិល្បៈខ្នាតតូចតាមប្រពៃណីនៃប្រទេសអាស៊ាននីមួយៗ ដើម្បីផ្សព្វផ្សាយសក្តានុពលទេសចរណ៍ វប្បធម៌ និងអរិយៈធម៌រៀងៗខ្លួនឱ្យកាន់តែទូលំទូលាយផងដែរ។

ការអញ្ជើញចូលរួមនេះ បានធ្វើឡើងក្រោយ ទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីរាជរដ្ឋាភិបាលកម្ពុជា នាឱកាសចូលរួមវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២៦ កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីទេសចរណ៍អាស៊ាន លើកទី២៩ និងកិច្ចប្រជុំពាក់ព័ន្ធ នៅកោះសេប៊ូ សាធារណរដ្ឋហ្វីលីពីន។

សូមជម្រាបជូនថា ព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍ TRAVEX 2026 គឺជាព្រឹត្តិការណ៍មួយដែលផ្តោតសំខាន់លើការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ក្នុងតំបន់អាស៊ាន និងពង្រឹងការងារទីផ្សារក្នុងតំបន់ដែលចូលរួមដោយផ្នែកឯកជន-អន្តរជាតិ ដែលពាក់ព័ន្ធក្នុងវិស័យទេសចរណ៍រួមមាន៖ អ្នកទិញ (Buyer) អ្នកលក់ (Sellers) ប្រតិបត្តិករទេសចរណ៍ (Tour Operator) ភ្នាក់ងារទេសចរណ៍ (Tour Guide) អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ដើម្បីធ្វើការដាក់បង្ហាញលក់ផលិតផល និងសេវាកម្មទេសចរណ៍របស់ខ្លួន ក៏ដូចជាផ្គូរផ្គងធុរកិច្ច ចែករំលែកបទពិសោធ និងព័ត៌មានផងដែរ៕