ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្ត និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនខេត្តព្រះសីហនុ នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយគ្រួសារអតីតយុទ្ធជន និវត្តជនរស់នៅលើដីសម្បទាន មានទីតាំងនៅឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
ក្រុមគ្រួសារអតីតយុទ្ធជន និងនិវត្តជន (ថ្មី) ចំនួន ៣១គ្រួសារ ទទួលបានផ្ទះថ្មី ១ខ្នង សម្ភារផ្ទះបាយ ១ឈុត និងថវិកាមួយចំនួនផងដែរ។ ដោយឡែកគ្រួសារអតីតយុវជន និងនិវត្តជនចំនួន ៦៥គ្រួសារ បានទទួលគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន។ ដោយឡែក
ជាមួយនឹងការទទួលបានផ្ទះថ្មីនេះ ក្រុមគ្រួសារអតីតយុទ្ធជន និងនិវត្តជន នៅខេត្តព្រះសីហនុ ថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន ដែលបានផ្តល់ដីសម្បទាន និងផ្ទះ ជូនពួកគាត់បានរស់នៅសមរម្យ។
នាឱកាសនោះដែរ ឯកឧត្តម ម៉ាង ស៊ីណេត បានថ្លែងថា សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត តែងគិតគូរ និងនឹករលឹកដល់បងប្អូនជានិច្ច។ ដូច្នេះ ការពលីកម្មរបស់បងប្អូនអតីតយុទ្ធជន គឺជាគុណបំណាច់ដ៏ធំធេងចំពោះជាតិមាតុភូមិមិនអាចបំភ្លេចបានឡើយ។
ឯកឧត្តមបានគូសបញ្ជាក់ថា សូមបងប្អូនជឿជាក់លើសម្តេចតេជោ ហ៊ុន សែន និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការដឹកកសាងប្រទេសជាតិឆ្ពោះទៅរកសុខសន្តិភាព វិបុលភាព និងវឌ្ឍនភាពជូនប្រទេសជាតិ និងប្រជាជនគ្រប់រូប។
គូសបញ្ជាក់លថា នៅក្នុងឱកាសប្រគល់ផ្ទះថ្មី គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនជូនអតីតយុទ្ធជននេះ, សមាគមក៏បាននឹងកំពុងរៀបចំហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ភ្លើង អណ្តូងស្នប់ ដាក់លូរតាមផ្លូវមេ ធ្វើស្ពានឆ្លង កែលម្អរបន្ថែមលើរចនាសម្ព័ន្ធដែលមានស្រាប់កន្លងមកដើម្បីសម្រួលដល់ការរស់នៅជាក់ស្តែងរបស់បងប្អូនគ្រួសារអតីតយុទ្ធជន៕



















