គណបក្សប្រជាជនកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលចំនួន៣ នៅថ្ងៃទី៦-៧ ខែកុម្ភៈ ឆ្នាំ២០២៦ខាងមុខនេះ


គណបក្សប្រជាជនកម្ពុជា តាមរយៈសេចក្ដីប្រកាសព័ត៌មាន នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានឲ្យដឹងថា នៅថ្ងៃទី៦-៧ ខែកុម្ភៈ ឆ្នាំ២០២៦ខាងមុខ គណបក្សប្រជាជនកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលចំនួន៣។

បើតាមសេចក្ដីប្រកាសព័ត៌មានទទួលបានបញ្ជាក់ថា កិច្ចប្រជុំកំពូលចំនួន ៣នោះរួមមាន៖

* ទី១៖ កិច្ចប្រជុំកំពូលទ្វេភាគី រវាងគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងការិយាល័យនយោបាយគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ដឹកនាំដោយលោក តូ ឡឹម អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកម្មុយនីស្តវៀតណាម

* ទី២៖ កិច្ចប្រជុំកំពូលទ្វេភាគី រវាងគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងការិយាល័យនយោបាយគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ ដឹកនាំដោយលោក ថងលុន ស៊ីសូលីត អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ ឡាវ

* ទី៣៖ កិច្ចប្រជុំកំពូលត្រីភាគី រវាងអ្នកដឹកនាំកំពូលគណបក្សប្រជាជនកម្ពុជា បក្សកុម្មុយនីស្តវៀតណាម និងបក្សប្រជាជនបដិវត្តន៍ឡាវ ដឹកនាំដោយ ប្រធានគណបក្ស/អគ្គលេខាធិការបក្សទាំងបីរូប និងមានការចូលរួម ពីនាយករដ្ឋមន្ត្រីនៃប្រទេសទាំង ថ្នាក់ដឹកនាំនៃរដ្ឋសភានៃប្រទេសទាំងបី និងឥស្សរជនរបស់គណបក្ស មួយចំនួនទៀត។

កិច្ចប្រជុំកំពូលទាំងបី រៀបចំឡើងដើម្បីលើកកម្ពស់ចំណងមិត្តភាព សាមគ្គីភាពជាប្រពៃណី កិច្ចសហ ប្រតិបត្តិការ និងការជួយគាំទ្រគ្នាទៅវិញទៅមក ក្នុងការដោះស្រាយបញ្ហានានា ក្នុងទំនាក់ទំនងរវាងគណបក្ស ទាំងបីឲ្យបានទាន់ពេល និងមានប្រសិទ្ធភាព។ ក្នុងស្មារតីគោរពគ្នាទៅវិញទៅមក ដើម្បីឯករាជ្យភាព អធិបតេយ្យ សន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព សម្រាប់ផលប្រយោជន៍ គណបក្ស រដ្ឋ និងប្រជាជន នៃប្រទេសទាំងបី កិច្ចប្រជុំ ក៏នឹងចូលរួមចំណែកដល់ការកសាង និងការពារសន្តិភាព និងវិបុលភាពតំបន់ និងពិភពលោក។

គណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ទៀតថា កិច្ចប្រជុំកំពូលទាំងបីខាងលើ គឺត្រូវបានរៀបចំស្របគ្នានឹងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ របស់លោក តូ ឡឹម អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកម្មុយនីស្តវៀតណាមនៅកម្ពុជា នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ និងដំណើរបំពេញ ទស្សនកិច្ចផ្លូវរដ្ឋរបស់លោក ថងលុន ស៊ីសូលីត អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិម បក្សប្រជាជនបដិវត្តន៍ឡា និងជាប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវនៅកម្ពុជា នៅ ថ្ងៃទី៦-៧ ខែកុម្ភៈ ឆ្នាំ២០២៦ តបតាមព្រះរាជអញ្ជើញរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា៕