យោងតាមព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់របស់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់សម្តេចព្រះមហាក្សត្រី បានរៀបចំពិធីប្រគល់ព្រះរាជទ្រព្យ ដែលជាព្រះរាជទានដ៏ថ្លៃថ្លារបស់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ជូនដល់មន្ទីរពេទ្យ មជ្ឈមណ្ឌល អង្គការ និងសមាគមចំនួន១១ ដែលប្រព្រឹត្តទៅក្នុងក្រសួងព្រះបរមរាជវាំង នៅរសៀលថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៦។
ព្រះរាជទ្រព្យ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ប្រោសព្រះរាជទាន តាមរយៈសម្តេចមហាមន្ត្រី គុយ សុផល ព្រះរាជតំណាង ក្នុងឱកាសនេះមាន៖
១. មន្ទីរពេទ្យ ហ្លួងម៉ែ ដឹកនាំដោយលោកសាស្ត្រាចារ្យ ជំនួយ ស៊ូ ស៊ីផាណ្ណា នាយកមន្ទីរពេទ្យហ្លួងម៉ែ ទទួលបានព្រះរាជទ្រព្យ ចំនួន ២០០.០០០$ (ពីររយពាន់ដុល្លារសហរដ្ឋអាម៉េរិក)
២. មន្ទីរពេទ្យកុមារ គន្ធបុប្ផា ដឹកនាំដោយលោក ដេនីស ឡូរ៉ង់ អគ្គនាយកមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ ទទួលបានព្រះរាជទ្រព្យ ចំនួន ១០០.០០០$ (មួយរយពាន់ដុល្លារសហរដ្ឋអាម៉េរិក)
៣. មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ដឹកនាំដោយឯកឧត្តម ហេង រតនា អគ្គនាយកនៃ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពជា ទទួលបានព្រះរាជទ្រព្យចំនួន ១០០.០០០$ (មួយរយពាន់ដុល្លារ សហរដ្ឋអាម៉េរិក)
៤. មន្ទីរពេទ្យកុមារអង្គរសៀមរាប ដឹកនាំដោយលោក វ៉ា វីរៈ សមាជិកក្រុមប្រឹក្សាភិបាលនៃមន្ទីរពេទ្យកុមារអង្គរសៀមរាប តំណាងលោកសាស្ត្រាចារ្យ ងួន ច័ន្ទភក្ត្រា ប្រធានមន្ទីរពេទ្យកុមារអង្គរ សៀមរាប ទទួលបានព្រះរាជទ្រព្យចំនួន ៥០.០០០$ (ហាសិបពាន់ដុល្លារសហរដ្ឋអាម៉េរិក)
៥. មន្ទីរពេទ្យព្រះសីហនុមណ្ឌលនៃក្តីសង្ឃឹម រាជធានីភ្នំពេញ ដឹកនាំដោយលោកស្រីវេជ្ជបណ្ឌិត លឹម គ្រុយ តំណាងលោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត ចាប សៀកឆាយ នាយកមន្ទីរពេទ្យព្រះសីហនុមណ្ឌលនៃក្តីសង្ឃឹម ទទួលបានព្រះរាជទ្រព្យចំនួន ៣០.០០០$ (សាមសិបពាន់ដុល្លារសហរដ្ឋអាម៉េរិក)
៦. អង្គការដើម្បីភាពញញឹមនៃកុមារ (PSE) ដឹកនាំដោយលោកស្រី ដេប៉ាលីយែរ លក្ខិណា នាយកអង្គការ ដើម្បីភាពញញឹមនៃកុមារ ទទួលបានព្រះរាជទ្រព្យចំនួន ២០.០០០$ (ម្ភៃពាន់ដុល្លារសហរដ្ឋអាម៉េរិក)
៧. សមាគមកាយរិទ្ធនារីកម្ពុជា ដឹកនាំដោយលោកជំទាវ ឆូវ ផល្លី អគ្គស្នងការរងនៃសមាគមកាយរិទ្ធនារីកម្ពុជា ទទួលបានព្រះរាជទ្រព្យចំនួន ៣០.០០០$ (សាមសិបពាន់ដុល្លារសហរដ្ឋអាម៉េរិក)
៨. ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ដឹកនាំដោយលោកជំទាវ អ៊ុង សុភាវី អនុប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី តំណាងលោកជំទាវ អ៊ឹង កន្ថាផាវី ប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ទទួលបានព្រះរាជទ្រព្យចំនួន ៣០.០០០$ (សាមសិបពាន់ដុល្លារសហរដ្ឋអាម៉េរិក)
៩. មន្ទីរពេទ្យបង្អែកសម្តេចឪ សម្តេចម៉ែ គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវដឹកនាំដោយ លោកវេជ្ជបណ្ឌិត អ៊ុន សុភ័ស្ត ប្រធានមន្ទីរពេទ្យបង្អែកសម្តេចឪ សម្តេចម៉ែគីឡូម៉ែត្រលេខ៦ ទទួលបានព្រះរាជទ្រព្យចំនួន៣០.០០០$ (សាមសិបពាន់ដុល្លារសហរដ្ឋអាម៉េរិក)
១០. សមាគមដូនជី និងឧបាសិកាកម្ពុជរដ្ឋ ដឹកនាំដោយឧបាសិកា ចាន់ សុប៉ុណ្ណវី ស្ថាបនិកសមាគមដូនជី និងឧបាសិកាកម្ពុជរដ្ឋ ទទួលបានព្រះរាជទ្រព្យចំនួន ១០.០០០$ (ដប់ពាន់ដុល្លារសហរដ្ឋអាម៉េរិក)
១១. មជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ដឹកនាំដោយឧកញ៉ាមហាឧបាសិកាធម្មបណ្ឌិត ញឹក ប៊ុនថា ទទួលបានព្រះរាជទ្រព្យចំនួន ២០.០០០$ (ម្ភៃពាន់ដុល្លារសហរដ្ឋអាម៉េរិក)៕






















