កម្ពុជា និងប៉ាគីស្ថាន បានបង្ហាញការប្តេជ្ញាចិត្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែខ្លាំងក្លាថែមទៀត។
ការប្តេជ្ញាត្រូវបានធ្វើឡើងតាមរយៈជំនួបសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ជាមួយលោក ស៊ីយ៉េដ យូសាហ្វ រ៉ាហ្សា ហ្គីឡានី (H.E. Syed Yousaf Raza Gilani) ប្រធានព្រឹទ្ធសភាប៉ាគីស្ថាន នៅវិមានសន្តិភាព នារសៀលថ្ងៃអង្គារ ទី៣ ខែកុម្ភៈ ឆ្នាំ២០២៦នេះ។
ក្នុងជំនួបនោះ លោកប្រធានព្រឹទ្ធសភាប៉ាគីស្ថាន បានសម្ដែងក្ដីសោមនស្សរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅពីសំណាក់ភាគីកម្ពុជា។ លោកបានរំលឹកថា ឆ្នាំនេះគឺជាខួបលើកទី៧៤ នៃទំនាក់ទំនងការទូតប៉ាគីស្ថាន-កម្ពុជា ហើយប៉ាគីស្ថាន គឺជាប្រទេសដំបូងមួយ ដែលបានទទួលស្គាល់ឯករាជ្យរបស់កម្ពុជាកាលពីឆ្នាំ១៩៥៣។
លោកប្រធានព្រឹទ្ធសភា ក៏បានលើកឡើងពីភាពស្រដៀងគ្នាដែលកម្ពុជា និងប៉ាគីស្ថានមាន គឺសក្ដានុពលលើវិស័យកសិកម្ម និងកម្លាំងពលកម្មវ័យក្មេងដ៏សកម្ម។ លោក ហ្គីឡានី បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគីកន្លងមក និងបង្ហាញជំនឿជឿជាក់ថាដំណើរទស្សនកិច្ចនេះ នឹងក្លាយជាកម្លាំងចលករថ្មីក្នុងការជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅ ជាពិសេសទំនាក់ទំនងរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ។
សម្ដេចធិបតីមហាបវរធិបតី បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្ដៅជូនចំពោះ លោកប្រធានព្រឹទ្ធសភា និងគណៈប្រតិភូ។ សម្ដេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ថា វត្តមានរបស់លោកប្រធានព្រឹទ្ធសភា នាពេលនេះ គឺជាសក្ខីភាពឆ្លុះបញ្ចាំងពីការរីកចម្រើននៃទំនាក់ទំនងរវាងព្រឹទ្ធសភានៃប្រទេសទាំងពីរ។
សម្ដេចមហាបវរធិបតី មានជំនឿយ៉ាងមុតមាំថា ដំណើរទស្សនកិច្ចនេះនឹងជួយពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យថ្មីបន្ថែមទៀត ខណៈដែលរាជរដ្ឋាភិបាលកម្ពុជាត្រៀមខ្លួនរួចជាស្រេចក្នុងការផ្ដល់ការគាំទ្រ និងបង្កើនសន្ទុះនៃទំនាក់ទំនងរវាងស្ថាប័ននីតិប្បញ្ញត្តិឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត។
សម្តេចមហាបវរធិបតី និងលោកប្រធានព្រឹទ្ធសភាប៉ាគីស្ថាន ក៏បានពិភាក្សាលើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសក្ដានុពលជាច្រើន រួមមាន៖ វិស័យនយោបាយ និងការទូត, សន្តិសុខ និងការពារជាតិ, ពាណិជ្ជកម្ម និងការវិនិយោគ, កសិកម្ម, បច្ចេកវិទ្យា, ធនធានរ៉ែ, កម្មន្តសាល, អប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, វប្បធម៌, ទេសចរណ៍, សុខាភិបាល និងការតភ្ជាប់រវាងប្រជាជន និងប្រជាជន ជាដើម។
សម្តេចមហាបវរធិបតី និងលោកប្រធានព្រឹទ្ធសភា បានលើកទឹកចិត្តឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន នៃប្រទេសទាំងពីរ បន្តផ្សារភ្ជាប់ទំនាក់ទំនងគ្នា សំដៅស្វែងរកកាលានុវត្តភាពថ្មីៗបន្ថែមទៀត ក្នុងការជំរុញ ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែរីកចម្រើន។
សម្តេចមហាបវរធិបតី និងលោកប្រធានព្រឹទ្ធសភា ក៏បានឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ នៅក្នុងវេទិកាតំបន់ និងអន្តរជាតិផងដែរ៕









