ដោយទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា, ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួង នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ បានដឹកនាំសន្និបាតបូកសរុបលទ្ធផលការងារវិស័យទេសចរណ៍ឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ ដែលប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី៣-៤ ខែកុម្ភៈ ឆ្នាំ២០២៦ ក្នុងគោលបំណងចំនួន៣សំខាន់ៗ៖ ទី១ បូកសរុបសភាពការណ៍វិស័យទេសចរណ៍ទាំងកម្រិតសកល តំបន់ និងកម្ពុជា,ទី២ ត្រួតពិនិត្យ វាយតម្លៃ និងបូកសរុបលទ្ធផលការងារដែលសម្រេចបាន និងការងារដែលមិនទាន់សម្រេចបានចន្លោះសន្និបាតឆ្នាំ២០២៥ និងសន្និបាតឆ្នាំ២០២៦នេះ ដោយរួមគ្នាពិភាក្សា លើកយោបល់ ផ្តល់ធាតុចូល ផ្លាស់ប្តូរទស្សនៈឱ្យបានគ្រប់ជ្រុងជ្រោយ និងស៊ីចង្វាក់ពីគ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ ទាំងផ្នែកដែលស្ថិតក្នុងវិស័យទេសចរណ៍ដោយផ្ទាល់ និងផ្នែកដែលគាំទ្រដោយប្រយោល ដើម្បីរកឱ្យឃើញនូវចំណុចខ្លាំង, ចំណុចខ្វះខាត, បញ្ហាប្រឈមពិតប្រាកដ និងសំណូមពរពីគ្រប់ភាគីពាក់ព័ន្ធ, និងទី៣ គឺការឈានទៅដាក់ចេញរួមគ្នានូវវិធានការគន្លឹះ និងលើកទិសដៅការងារបន្តដើម្បីអភិវឌ្ឍន៍វិស័យទេសចរណ៍ ដោយឈរលើភាពជាក់ស្តែង ប្រាកដនិយម, ស្របតាមអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ», និងអភិក្រម «រួមគិត រួមធ្វើ រួមទទួលខុសត្រូវ និងរួមគ្នាទទួលផល» ដោយឈរលើស្មារតី បុរេសកម្ម, សកម្ម, អន្តរសកម្ម និង (ក្នុងករណីចាំបាច់) ប្រតិកម្ម ។
ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថាសន្និបាតបូកសរុបលទ្ធផលការងារវិស័យទេសចរណ៍ មានលក្ខណៈជាសន្និបាតមហាគ្រួសារវិស័យទេសចរណ៍បើកទូលាយ និងមានលក្ខណៈ Hybrid ដោយពិធីបើកសន្និបាត មានសមាសភាពចូលរួមដោយផ្ទាល់ ប្រមាណជាង ១៣០០រូបនិងចូលរួមតាមប្រព័ន្ធ Zoom ប្រមាណ ៧០០រូប សរុបទាំងអស់ ២០០០រូប អញ្ជើញមកពីគ្រប់ផ្នែក គ្រប់ថ្នាក់ពាក់ព័ន្ធទាំងអស់ ដែលស្ថិតនៅក្នុងក្របខណ្ឌសសរស្តម្ភកិច្ចសហប្រតិបត្តិការទាំង៦ ពោលគឺ ១៖ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ និងមន្ត្រីក្រសួងទេសចរណ៍, ឯកឧត្តម លោកជំទាវតំណាងអន្តរក្រសួង ស្ថាប័ន, ២៖ តំណាងគណៈអភិបាលរាជធានី ខេត្ត ទាំង ២៥ និងមន្ទីរទេសចរណ៍រាជធានី ខេត្ត ទាំង២៥, ៣៖ ឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត តំណាងអង្គទូតបរទេសប្រចាំនៅកម្ពុជា, តំណាងដៃគូអភិវឌ្ឍ អង្គការជាតិ និងអន្តរជាតិ, ៤៖ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ដែលអញ្ជើញមកពីវិស័យឯកជន, ៥៖ លោក លោកស្រី តំណាងអង្គភាពសារព័ត៌មានជាតិនិងអន្តរជាតិ និងអ្នកផលិតមាតិកាព័ត៌មាន, ពិធីករ, ពិធីការិនី, ៦៖ និងបុគ្គលម្នាក់ៗដែលជាសមាជិកមហាគ្រួសារវិស័យទេសចរណ៍។
ព្រមជាមួយគ្នានេះ សន្និបាតមហាគ្រួសារវិស័យទេសចរណ៍នៅឆ្នាំ២០២៦ នឹងមានការតាំងពិព័រណ៍សក្តានុពលនៃតំបន់ទេសចរណ៍នៅតាមបណ្ដារាជធានី ខេត្ត និងការតាំងបង្ហាញពីអាជីវកម្ម និងសេវាកម្មទេសចរណ៍, ព្រមទាំងការរៀបចំឱ្យមានកិច្ចពិភាក្សាលើប្រធានបទសំខាន់ៗចំនួន៩៖ ១៖ គុណភាពសេវាកម្មទេសចរណ៍៖ ពីស្តង់ដាទៅភាពជឿជាក់ និងការវិលត្រឡប់មកវិញរបស់ភ្ញៀវ, ២៖ វិធីសាស្ត្រចងក្រងសូចនាករ និងការព្យាករណ៍ទេសចរណ៍, ៣៖ ការបង្កើតខ្សែទស្សនកិច្ច Cluster វៃឆ្លាតដើម្បីបង្កើនតម្លៃបន្ថែម និងរយៈពេលស្នាក់នៅ, ៤៖ ការតភ្ជាប់និងភាពរលូនក្នុងការធ្វើដំណើរ៖ មូលដ្ឋាននៃការប្រកួតប្រជែងទេសចរណ៍,៥៖ ការទូតទេសចរណ៍ និងម្ហូបអាហារ ៖ ឥទ្ធិពលវប្បធម៌ និងការទូតក្នុងការផ្សព្វផ្សាយទេសចរណ៍កម្ពុជា, ៦៖ យុទ្ធសាស្ត្រទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា, ៧/. បរិវត្តកម្មទេសចរណ៍ឌីជីថល៖ ទិសដៅថ្មីសម្រាប់បង្កើនភាពប្រកួតប្រជែង, ៨៖ ក្រុមការងារបណ្ដាញសង្គម៖សម្លេងឌីជីថលសម្រាប់វិស័យទេសចរណ៍កម្ពុជា, ៩៖ យុទ្ធនាការទស្សនាកម្ពុជានៅរដូវកាលបៃតង៖តម្លៃនៃទេសចរណ៍ចីរភាព។
ជាមួយគ្នានេះ, ឯកឧត្តមរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា សន្និបាតនេះនឹងដើរតួនាទីជាវេទិកាជាតិដ៏សំខាន់ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ និងលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់វិស័យទេសចរណ៍កម្ពុជានៅក្នុងតំបន់ ជាមួយនឹងការកំណត់ទិសដៅអភិវឌ្ឍទេសចរណ៍ច្បាស់លាស់និងប្រាកដនិយម ប្រកបដោយនិរន្តភាព ភាពធន់ និងបរិយាបន្ន៕





















