ក្រសួងការងារ ត្រៀមដាក់ចេញនូវយន្ដការសំខាន់ៗមួយចំនួនទៀត ដើម្បីឱ្យអតីតពលករមានការងារបន្ថែមទៀត ខណៈអតីតពលករជាង ៦២ម៉ឺននាក់ហើយ ទទួលបានការងារធ្វើ


ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានត្រៀមដាក់ចេញនូវយន្ដការសំខាន់ៗមួយចំនួនទៀត ដើម្បីអន្តរាគមន៍ឱ្យអតីតពលករត្រឡប់មកពីថៃ ទទួលបានឱកាសការងារធ្វើបន្ថែមទៀត។ នេះបើតាមការឱ្យដឹងពី ឯកឧត្តម ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

ឯកឧត្តម ស៊ុន មេសា បានលើកឡើងនៅថ្ងៃទី៤ ខែកុម្ភៈនេះថា ចាប់ពីថ្ងៃទី៨ ខែមិថុនា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥កន្លងទៅនេះ ក្រសួងការងារ បានដាក់ចេញនូវវិធានការគាំទ្រ និងការអន្តរាគមន៍ជា ៤ដំណាក់កាល និងមានចំនួន ៣០ចំណុច ហើយជាលទ្ធផល អតីតពលករត្រឡប់មកពីថៃជាង ៦២ម៉ឺននាក់ បានទទួលការងារធ្វើ ក្នុងនោះតាមរយៈក្រសួងការងារ មានចំនួនជាង ៣០ម៉ឺននាក់។

ឯកឧត្តមបានបន្តថា ជាផែនការបន្ត ក្រសួងការងារ នឹងត្រៀមដាក់ចេញនូវអន្តរាគមន៍មួយចំនួនទៀតដូចជា៖ យន្តការប្រមូលព័ត៌មានឱកាសការងារ ដោយពង្រឹងកិច្ចសហការជាមួយសមាគមនិយោជក រដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេស សហគ្រាស ក្រុមហ៊ុន និងរោងចក្រផ្ទាល់ និងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីពង្រីកព័ត៌មានឱកាសការងារឱ្យបានកាន់តែច្រើនបន្ថែមទៀត ហើយក៏នឹងប្រមូលព័ត៌មានឱកាសការងារ ពីប្រភពផ្សេងទៀតមានដូចជាតាមទំព័រហ្វេសបុក តេលេក្រាម និង Tiktok ជាដើម។

ឯកឧត្តមបានបន្ថែមថា ចំពោះយន្តការផ្សព្វផ្សាយព័ត៌មានឱកាសការងារ និងការផ្គូរផ្គងការងារ ក្រសួងការងារ នឹងបន្តបូកសរុប និងរៀបចំព័ត៌មានឱកាសការងារដែលប្រមូលបានទៅជាបញ្ជីសហគ្រាស ក្រុមហ៊ុន រោងចក្រ ដើម្បីផ្សព្វផ្សាយឱ្យបានទូលំទូលាយជារៀងរាល់សប្តាហ៍ ហើយក៏បន្តរៀបចំវេទិកាការងារភ្លាមៗនៅតាមឃុំ ដែលមានចំនួនពលករមកវិញច្រើន។ ក្នុងនោះដែរ ក្រសួងការងារ នឹងបង្កើនការដំឡើងផ្ទាំងផ្សព្វផ្សាយពីប្រព័ន្ធ Hotline ១២៩៧ និង QR Code តេឡេក្រាម ខ្មែរជួយរកការងារ និងផ្តល់ការងារឱ្យខ្មែរ «រកការងារឱ្យខ្មែរ ស្វែងរកបុគ្គលិកខ្មែរ និងផ្តល់ជំនាញឱ្យខ្មែរ»។

អ្នកនាំពាក្យក្រសួងការងារដដែល បានបន្ថែមទៀតថា សម្រាប់យន្តការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ជូនដល់អតីតប្រជាពលករ ដោយក្រសួងការងារ នឹងផ្តល់ការបណ្ដុះបណ្ដាលកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ (C1) ដែលមានបំណងផ្លាស់ប្តូរជំនាញ ហើយរៀបចំកម្មវិធីបណ្តុះបណ្តាលខ្លីៗ ដែលជាការបណ្តុះបណ្តាលតាមតម្រូវការសហគមន៍ និងផ្តល់ការទទួលស្គាល់ និងផ្តល់គុណវុឌ្ឍិ ដល់អតីតពលករ ជាពិសេសអតីតពលករដែលធ្វើការផ្នែកសំណង់ តាមរយៈការធ្វើតេស្តវាយតម្លៃទទួលស្គាល់ការសិក្សា ដែលមានពីមុន (RPL)។

ជាមួយគ្នានេះដែរ ឯកឧត្តម ស៊ុន មេសា បានបញ្ជាក់ថា ក្រសួងការងារ ក៏នឹងបន្តពង្រឹងភ្នាក់ងារព័ត៌មានទីផ្សារការងារស្ម័គ្រចិត្ត ស.ស.យ.ក. ដើម្បីបន្តជួយចុះឈ្មោះស្វែងរកការងារធ្វើ ជួយផ្សព្វផ្សាយព័ត៌មានទីផ្សារការងារ និងព័ត៌មានបណ្តុះបណ្តាល ផងដែរ៕