ប្រធានរដ្ឋសភាកម្ពុជា និងប្រធានព្រឹទ្ធសភាប៉ាគីស្ថាន ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការសភាប្រទេសទាំងពីរ ដើម្បីលើកកម្ពស់ផលប្រយោជន៍ពលរដ្ឋ


សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងលោក ស៊ីយ៉េដ យូសាហ្វ រ៉ាហ្ស៉ា ហ្គីឡានី (Syed Yusaf Raza Gilani) ប្រធានព្រឹទ្ធសភានៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន បានប្តេជ្ញាចិត្តរួមគ្នានៅក្នុងការលើកកម្ពស់ពង្រឹងកិច្ចសហប្រតិបត្តិការទំនាក់ទំនងប្រជាជននៃប្រទេសទំាងពីរឱ្យកាន់តែជិតស្និទ្ធឡើង ស្របតាមចំណងមិត្តភាព កិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទំាងពីរ ដែលបានឈរយ៉ាងរឹងមាំ ឈ្មោះត្រង់ ជឿទុកចិត្តគ្នា ក្នុងការស្វែងរកផលប្រយោជន៍ជូនពលរដ្ឋទំាងសងខាង។

ការប្ដេជ្ញានេះបានធ្វើឡើង នាឱកាសដែលសម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានជួបពិភាក្សាការងារជាមួយលោក ស៊ីយ៉េដ យូសាហ្វ រ៉ាហ្ស៉ា ហ្គីឡា នៅព្រឹកថ្ងៃទី៤ ខែកុម្ភៈឆ្នាំ២០២៦ នៅវិមានរដ្ឋសភា នៅក្នុងពេលលោកប្រធានព្រឹទ្ធសភា បានដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាពនៅកម្ពុជា តបតាមការអញ្ជើញរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា។

សម្ដេចរដ្ឋសភាធិបតី ឃួន សុដារី បានសម្ដែងនូវការស្វាគមន៍ដោយក្តីរីករាយចំពោះវត្តមានលោកប្រធានព្រឹទ្ធសភា និងបានចាត់ទុកវត្តមាន លោកនៅកម្ពុជាជាផ្នែកដ៏សំខាន់ ក្នុងការធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរ កាន់តែរីកចម្រើនបន្ថែមទៀត ទាំងក្នុងក្របខ័ណ្ឌស្ថាប័ននីតិប្បញ្ញត្តិ និងស្ថាប័ននីតិប្រតិបត្តិ។ សម្តេចប្រធានរដ្ឋសភា បានអបអរសាទរចំពោះភាពជោគជ័យថ្មីៗ នេះរបស់ប៉ាគីស្ថាន ដែលបានរៀបចំនូវសន្និសីទ ប្រធានសភានៃអន្តរសភា(ISC) កាលពីខែវិច្ឆិកាកន្លងទៅ ដែលសន្និសីទបានចេញសេចក្តីប្រកាសគំាទ្រចំពោះកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ និងបានជំរុញឱ្យភាគីទំាងពីរ អនុវត្តកិច្ចព្រមព្រៀងនោះ ឱ្យមានប្រសិទ្ធភាពខ្ពស់ក្នុងការដោះស្រាយជម្លោះព្រំដែន។

លោកប្រធានព្រឹទ្ធសភាប៉ាគីស្ថានបានសម្ដែងនូវការអរគុណចំពោះសម្តេចប្រធានរដ្ឋសភា ដែលបានទទួលស្វាគមន៍ដ៏កក់ក្តៅជូនគណៈប្រតិភូនាឱកាសនេះ ជាពិសេសលោកបានអរគុណសម្ដេចតេជោ ហ៊ុន សែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងពលរដ្ឋកម្ពុជា ទំាងអស់ដែលបានទទួលស្វាគមន៍គណៈប្រតិភូព្រឹទ្ធសភាប៉ាគីស្ថានយ៉ាងកក់ក្តៅជាទីបំផុតចាប់តំាងពេលអញ្ជើញដល់កម្ពុជា។

លោកប្រធានព្រឹទ្ធសភាបានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនគ្រប់វិស័យនៅកម្ពុជា និងបានគូសបញ្ជាក់ថា លោកបានអញ្ជើញមកកាន់ប្រទេសកម្ពុជា ចំនួន៣លើករួចមកហើយ ពោលគឺតាំងពីឆ្នាំ២០១៩ បន្ទាប់មកនៅឆ្នាំ២០២៣ ដែលពេលនោះលោិក៏បានអញ្ជើញចូលរួមក្នុងការសង្កេតការណ៍បោះឆ្នោតនៅកម្ពុជា និងលើកទី៣នេះ ជាដំណើរទស្សនកិច្ចក្នុងនាមលោកជាប្រធានព្រឹទ្ធសភាប៉ាគីស្ថាន។

សម្ដេចប្រធានរដ្ឋសភា និងលោកប្រធានព្រឹទ្ធសភាប៉ាគីស្ថានក៏បានពិភាក្សាបន្ថែមទៀតទៅលើការជំរុញ និងពង្រីកកិច្ចសហប្រតិបត្តិការ រវាងរដ្ឋសភាកម្ពុជានិងព្រឹទ្ធសភាប៉ាគីស្ថាន ក្នុងការលើកកម្ពស់ទំនាក់ទំនងប្រជាជននៃប្រទេសទំាងពីរឱ្យកាន់តែជិតស្និទ្ធ ដែលជាមូលដ្ឋានគ្រឹះក្នុងការឈានដល់ការពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀតនៅលើវិស័យនានា មានដូចជាវិស័យពាណិជ្ជកម្ម ទេសចរណ៍ អប់រំ វប្បធម៌ បច្ចេកវិទ្យាព័ត៍មាន និងកសិកម្មជាដើម។

រដ្ឋសភាកម្ពុជានិងព្រឹទ្ធសភាប៉ាគីស្ថាន នឹងជំរុញឱ្យមានកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរដំណើរទស្សនកិច្ចគ្នាទៅវិញទៅមក ទំាងកម្រិតថ្នាក់ដឹកនាំកំពូល ក្រុមមិត្តភាពនិងកម្រិតអគ្គលេខាធិការដ្ឋាន។ ថ្នាក់ដឹកនាំសភាប្រទេសទំាងពីរបានឯកភាពគ្នាពីសារៈសំខាន់នៅក្នុងការគោរពច្បាប់អន្តរជាតិ ការគោរព ឱ្យតម្លៃគ្នាទៅវិញទៅមក ដើម្បីផលប្រយោជន៍រួម ជំរុញសុខសន្តិភាព វិបុលភាពមនុស្សជាតិ។ មិនថាទេសតូច ឬប្រទេសធំនោះទេ ត្រូវគោរពអធិបតេយ្យភាពគ្នានិងឱ្យតម្លៃគ្នាទៅវិញទៅមក។

សម្តេចប្រធានរដ្ឋសភា បានស្នើផងដែរសុំឱ្យប៉ាគីស្ថានពិចារណានៅក្នុងការផ្សារភ្ជាប់ជើងហោះហើរត្រង់រវាងប្រទេសទំាងពីរ។សម្តេចរដ្ឋសភាធិបតីឃួន សុដារី បានជម្រាបជូនលោកប្រធានព្រឹទ្ធសភាប៉ាគីស្ថានថាសម្តេចតេជោ ហ៊ុន សែន បានទទួលយកសំណើរបស់លោកប្រធានព្រឹទ្ធសភានៅក្នុងការទទួលរៀបចំសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ នៅក្នុងឆ្នាំ២០២៦នេះ៕