មន្ដ្រីជាន់ខ្ពស់សុខាភិបាលបន្ដអំពាវនាវដល់ក្រុមគ្រូពេទ្យទាំងអស់ ត្រូវអនុវត្ដវិជ្ជាជីវៈវេជ្ជសាស្រ្ដឱ្យបានត្រឹមត្រូវ និងមានក្រមសីលធម៌ខ្ពស់បម្រើប្រជាពលរដ្ឋប្រកបដោយសុវត្ថិភាព និងគុណភាព


ឯកឧត្តមសាស្ដ្រាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិ បន្ដអំពាវនាវដល់ក្រុមគ្រូពេទ្យ និងអ្នកប្រកបវិជ្ជាជីវៈសុខាភិបាលទាំងអស់ ឱ្យយកចិត្ដទុកដាក់ បន្ដការសិក្សាស្វែងយល់ស្រាវជ្រាវខ្លួនឯងអំពីច្បាប់ មេរៀនដែលពាក់ព័ន្ធនឹងការប្រកបដោយវិជ្ជាជីវៈ ស្វែងយល់នូវក្រមសីលធម៌ និងបទបញ្ញាត្ដិផ្សេងៗ ក៏ដូចជាការអនុវត្ដន៍ការងារ និងត្រូវគោរពនូវវិន័យរបស់អង្គភាពឱ្យបានត្រឹមត្រូវ និងប្រសិទ្ធិភាពខ្ពស់ ដើម្បីបម្រើសេវាសុខាភិបាលជូនប្រជាជន ប្រកបដោយសុវត្ថិភាព និងគុណភាព។

ការថ្លែងយ៉ាងដូច្នេះរបស់ឯកឧត្តមសាស្ដ្រាចារ្យ ឡឹម តារា ក្នុងពិធីផ្សព្វផ្សាយច្បាប់ស្ដីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈសុខាភិបា ក្រមសីលធម៌វិជ្ជាជីវៈ និងភាពជាអ្នកមានវិជ្ជាជីវៈវេជ្ជសាស្ដ្រ» នាថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ នៅមន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀត។

ឯកឧត្តមសាស្ដ្រាចារ្យ ឡឹម តារា បានថ្លែងបន្ដថា ក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិ មានបេសកកម្មក្នុងការការពារ ការអនុវត្ដន៍វិជ្ជាជីវៈវេជ្ជសាស្ដ្រនៅកម្ពុជា ឱ្យប្រព្រឹត្ដទៅស្របតាមស្ដង់ដា ច្បាប់បទដ្ឋានគតិយុត្ដ​ ក្រមសីលធម៌ និងគោលការណ៍វិជ្ជាជីវៈដោយផ្ដោតលើគុណភាពសេវា និងសុវត្ថិភាពរបស់អ្នកជំងឺជាចម្បង។

ឯកឧត្តមសាស្ដ្រាចារ្យបានថ្លែងទៀតថា ការរៀបចំឱ្យមានផ្សព្វផ្សាយនាពេលនេះ បានបញ្ជាក់ឱ្យឃើញច្បាស់ពីការយកចិត្ដទុកដាក់យ៉ាងខ្ពស់របស់ក្រសួងសុខាភិបាល និងគណៈគ្រូពេទ្យជាតិ ចំពោះការអនុវត្ដន៍វិជ្ជាជីវៈត្រឹមត្រូវមានគុណភាព មានសុវត្ថិភាព ស្របតាមច្បាប់ និងស្ដង់ដាជាតិ និងអន្ដរជាតិរបស់បុគ្គលិកសុខាភិបាល ។

ឯកឧត្តមសាស្ដ្រាចារ្យបន្ដថា «យើងបានដឹងហើយថា គោលនយោបាយរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលនៅក្នុងអាណត្ដិទី៧នៃរដ្ឋសភានេះ គឺបានខិតខំធ្វើការជំរុញ​ប្រព័ន្ធសុខាភិបាល។ ហើយអ្វីៗទាំងអស់នេះ គឺដើម្បីលើកកម្ពស់គុណភាពសុខាភិបាលគ្រប់ផ្នែកទាំងអស់។ ដូច្នេះការមានគុណភាព លុះត្រាតែមានសុវត្ថិភាព ហើយចំណុចទាំងពីរនោះ គឺត្រូវផ្សារភ្ជាប់នឹងក្រមសីលធម៌វិជ្ជាជីវៈ»

ឯកឧត្តមសាស្ដ្រាចារ្យបានគូសបញ្ជាក់ថា គណៈគ្រូពេទ្យជាតិ មានតួនាទីក្នុងការគ្រប់គ្រងទៅលើអ្នកប្រកបវិជ្ជាជីវៈគ្រូពេទ្យទាំងអស់ ហើយបំពេញកិច្ចការងារវិជ្ជាជីវៈប្រកបដោយភាពថ្លៃថ្នូរ និងកិត្ដិយស មានគុណភាព សុវត្ថិភាព ដែលជាទីទុកចិត្ដសម្រាប់ប្រជាជនយើងទាំងអស់គ្នា ហើយតួនាទីសំខាន់នោះ គឺធ្វើយ៉ាងម៉េចឱ្យបុគ្គលិកពេទ្យស្រលាញ់មុខវិជ្ជាជីវៈ ហើយថែរក្សាកិត្ដិយសវិជ្ជាជីវៈឱ្យមានភាពថ្លៃថ្នូរ។ ដូច្នេះច្បាប់ស្ដីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈសុខាភិបាល មិនមែនជាការដាក់កំហិតលើការអនុវត្ដន៍វិជ្ជាជីវនោះទេ ប៉ុន្ដែជាឧបករណ៍ដ៏សំខាន់មួយសម្រាប់ការពារអ្នកជំងឺ និងសុខុមាលភាពសាធារណៈ ក៏ដូចជាការការពារសេចក្ដីថ្លៃថ្នូរអ្នកប្រកបវិជ្ជាជីវៈផងដែរ។

«លើសពីនោះសុវត្ថិភាពរបស់អ្នកជំងឺគឺជាអាទិភាពខ្ពស់បំផុតនៃការអនុវត្ដន៍ការគ្រប់គ្រងវិជ្ជាជីវៈវេជ្ជសាស្ដ្រ ដូច្នេះក្នុងនាមជាថ្នាក់ដឹកនាំសុខាភិបាល និងថ្នាក់ដឹកនាំអង្គភាព ឬថ្នាក់ដឹកនាំគណៈវិជ្ជាជីវៈ អ្វីដែលចង់បាននោះគឺ ធ្វើយ៉ាងម៉េចឱ្យសេវាសុខាភិបាលមានសុវត្ថិភាពខ្ពស់សម្រាប់អ្នកជំងឺ និងគុណភាពផងដែរ ។គោលនយោបាយរបស់វិស័យសុខាភិបាល អ្នកប្រកបវិជ្ជាជីវៈសុខាភិបាល​ គឺធ្វើអ្វីៗទាំងអស់ដើម្បីផលប្រយោជន៍របស់អ្នកជំងឺ សុខភាព សុខុមាលភាព និងសុវត្ថិភាពសម្រាប់អ្នកជំងឺ»

តាមនាមក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិ ឯកឧត្តមសាស្ដ្រាចារ្យបានប្ដេជ្ញា ខិតខំធ្វើយ៉ាងណាការងាររបស់ខ្លួន ដើម្បីការពារ និងធានានូវកិត្ដិយសរបស់វិជ្ជាជីវៈសាស្ដ្រ និងសូមអំពា​វនាវជាគ្រូពេទ្យត្រូវខិតខំជាមួយក្រសួងសុខាភិបាល និងគណៈវិជ្ជាជីវៈ ជាមួយនឹងអង្គភាព បំពេញការងារយ៉ាងម៉េចឱ្យគោរពទៅច្បាប់វិន័យ ហើយរាល់ការងារទាំងអស់ក្នុងការបម្រើសេវានេះ គឺត្រូវតែយកគោលការណ៍ក្រមសីលធម៌នេះ មកធ្វើជាត្រីវិស័យក្នុងការសម្រេចចិត្ដគ្រប់ការបម្រើសេវាជូនប្រជាពលរដ្ឋ។

ជាមួយគ្នានោះលោកសាស្ដ្រាចារ្យ ងី ម៉េង នាយកមន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀត តាមនាមថ្នាក់ដឹកនាំ និងបុគ្គលិកសុខាភិបាលទាំងអស់នៃមន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀត សូមប្ដេជ្ញាចិត្ដចូលរួមអនុវត្ដច្បាប់ ក្រមសីលធម៌ និងស្ដង់ដាវិជ្ជាជីវៈវេជ្ជសាស្រ្ដឱ្យបានខ្ជាប់ខ្ជួន និងជាប់លាប់ ដើម្បីចូលរួមលើកកម្ពស់គុណភាពបម្រើសេវាព្យាបាល និងចូលរួមអភិវឌ្ឍវិស័យសុខាភិបាលកម្ពុជា៕