ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ នាព្រឹកថ្ងៃទី៥ ខែកម្ភៈ ឆ្នាំ២០២៦នេះ បានអញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ នៅទីស្ដីការក្រសួងអភិវឌ្ឍន៍ជនបទ។
សន្និបាតនេះ ដោយមានចូលរួមពី ថ្នាក់ដឹកនាំក្រសួង តំណាងក្រសួង-ស្ថាប័ន តំណាងអភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត ដៃគូអភិវឌ្ឍ មន្ដ្រីរាជការក្រសួងអភិវឌ្ឍន៍ជនបទ និងមន្ទីរអភិវឌ្ឍន៍ជនបទទាំង២៥ រាជធានី-ខេត្ត ភ្លៀវកិត្តិយសជាតិ និងអន្ដរជាតិ និងតាមប្រព័ន្ធនិម្មិត (Zoom Meeting) សរុបចំនួនអ្នកចូលរួម ១ ៥៤៨នាក់។
យោងរបាយការណ៍បូកសរុបលទ្ធផលសន្និបាតរបស់ ឯកឧត្តម ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការក្រសួងអភិវឌ្ឍន៍ជនបទ បានបង្ហាញថាអង្គសន្និបាតបានប្រព្រឹត្តទៅដោយរលូនតាមរបៀបវារៈដែលបានគ្រោងទុក ដោយមានការធ្វើបទបង្ហាញអំពីសមិទ្ធផលដែលក្រសួងសម្រេចបាន ការបង្ហាញនូវបញ្ហាប្រឈម ជាមួយនឹងការដាក់ចេញនូវទិសដៅការងារបានយ៉ាងច្បាស់លាស់។ ទន្ទឹមនោះ អង្គសន្និបាតទាំងមូលក៏មានចូលរួមពិភាក្សា ផ្ដល់មតិយោបល់ និងធាតុចូលដ៏មានសារៈសំខាន់ជាច្រើនប្រកបដោយន័យស្ថាបនាផងដែរ។
នាឱកាសនេះដែរ ឯកឧត្តម ឆាយ ឫទ្ធិសែន បានសម្តែងនូវការអបអរសាទរចំពោះសមិទ្ធផលជាច្រើនដែលក្រសួងសម្រេចបានស្របតាមផែនការគ្រោងទុក ព្រមទាំងបានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ព្រមទាំងអំណរគុណជូនចំពោះថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់នៃក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងរួមសហការគ្នាយ៉ាងជិតស្និទ្ធបង្កើតជា «សហថាមពល» ក្នុងគោលបំណងកសាងនូវសមិទ្ធផលថ្មីៗជាបន្ដបន្ទាប់សម្រាប់បម្រើជូនជាតិ និងប្រជាជន ក្រោមគោលការណ៍ «រួមគ្នាគិត រួមគ្នាអនុវត្ត និងរួមគ្នាទទួលខុសត្រូវ»។
សមិទ្ធផលដែលសម្រេចបានទាំងអស់នេះ គឺអាស្រ័យដោយកត្តាសុខសន្តិភាពពេញលេញ និងបានសបញ្ជាក់យ៉ាងច្បាស់អំពីសារៈសំខាន់មិនអាចខ្វះបានរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងការចូលរួមចំណែកអនុវត្តតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយថាមវន្តនិងគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងកសាងសង្គមជនបទឱ្យមានភាពរីកចម្រើនប្រកបដោយវិបុលភាព ផាសុកភាព និងសុភមង្គល ក្រោមម្លប់ដ៏ត្រជាក់នៃសុខសន្ដិភាព។
ឯកឧត្តមរដ្ឋមន្ដ្រី ក៏បានផ្ដល់នូវអនុសាសន៍គន្លឹះមួយចំនួន សម្រាប់យកទៅអនុវត្តឱ្យទទួលបានជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់ ដើម្បីឱ្យគោលដៅការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកិច្ច នៅក្នុងតំបន់ជនបទប្រកបដោយបរិយាបន្ន សមធម៌ និងចីរភាព។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានអញ្ជើញផ្ដល់កិត្តិយសបំពាក់គ្រឿងឥស្សរិយយសជូនថ្នាក់ដឹកនាំ និងមន្ដ្រីរាជការ សរុបចំនួន ១៥១រូប ដែលមានស្នាដៃល្អក្នុងការបំពេញការងារជូនជាតិ និងប្រជាជន ក្នុងរយៈពេលកន្លងមក៕
























