នាថ្ងៃចន្ទ ៧រោច ខែមាឃ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំប្រតិភូក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ព្រមទាំងតំណាងធនាគារពិភពលោក (WB) ចុះត្រួតពិនិត្យជាក់ស្តែងសំណង់ស្ទាក់ទឹកទំនប់អូរតេធិបតី ស្ថិតក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី។
សូមជម្រាបថា ការចុះពិនិត្យការងារគឺក្នុងគោលបំណងពិនិត្យពីសក្កានុពលក្នុងការទាញយកប្រភពទឹកស្អាតដើម្បីបម្រើសេវាកម្មទឹកស្អាតផ្គត់ផ្គង់ក្នុងខេត្តមណ្ឌលគិរី។
ឯកឧត្តមរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា ក្រោយពីបានសម្ពោធដាក់ឱ្យប្រើប្រាស់ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សំណង់ទំនប់អូរតេធិបតីនៅតែល្អរឹងមាំអាចស្ទាក់ទឹកសម្រាប់ទាញយកប្រភពទឹកស្អាត។ ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់បន្ថែមថា ក្រសួងធនធានទឹក និងឧតុនិយម បានគិតគូរខ្ពស់នូវប្រយោជន៍រួម និងយូរអង្វែងប្រកបដោយការប្រទាក់ក្រឡាគ្នារវាងគ្រប់បណ្តាក្រសួងពាក់ព័ន្ធ ដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋក្នុងខេត្តទាំងមូល៕


