ក្នុងឱកាសជួបពិភាក្សាការងារជាមួយសហព័ន្ធសភាពាណិជ្ជកម្ម និងឧស្សាហកម្មប៉ាគីស្ថាន រដ្ឋមន្រ្តីពាណិជ្ជកម្មកម្ពុជា និងរដ្ឋមន្រ្តីពាណិជ្ជកម្មប៉ាគីស្ថាន បានឯកភាពជំរុញទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរឱ្យកាន់តែមានការរីកចម្រើនឡើងបន្ថែមទៀត។
ជំនួបពិភាក្សាការងារនេះ បានធ្វើឡើង នាថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ ក្នុងឱកាស លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាការពាណិជ្ជកម្មចម្រុះកម្ពុជា-ប៉ាគីស្ថាន លើកទី២ និងបានឆ្លៀតឱកាសជួបពិភាក្សាការងារជាមួយសហព័ន្ធសភាពាណិជ្ជកម្មនិងឧស្សាហកម្មប៉ាគីស្ថាន (FPCCI) និងដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក Jam Kamal Khan រដ្ឋមន្រ្តីពាណិជ្ជកម្មប៉ាគីស្ថាន លោក Atif Ikham Sheikh ប្រធានសហព័ន្ធសភាពាណិជ្ជកម្មនិងឧស្សាហកម្មប៉ាគីស្ថាន និងថ្នាក់ដឹកនាំនៃអាជ្ញាធរអភិវឌ្ឍន៍ពាណិជ្ជកម្មប៉ាគីស្ថាន។
នៅក្នុងជំនួបនេះផងដែរ ភាគីទាំងពីរបានកត់សម្គាល់នូវវឌ្ឍនភាពពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ប៉ាគីស្ថាន និងបានផ្លាស់ប្តូរយោបល់គ្នាលើយន្តការនៃការជំរុញពាណិជ្ជកម្មទេ្វភាគីឱ្យកាន់តែមានការរីកចម្រើនឡើងបន្ថែមទៀត ជាពិសេសគឺការភ្ជាប់នូវទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគរវាងពាណិជ្ជករនិងវិនិយោគិននៃប្រទេសទាំងពីរ៕














