នាព្រឹកថ្ងៃអង្គារ ១កើត ខែផល្គុន ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំកិច្ចប្រជុំ Kick-off Meeting ជាមួយគណៈប្រតិភូបេសកកម្មរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ដើម្បីពិនិត្យវឌ្ឍនភាពនៃគម្រោងកែលម្អប្រព័ន្ធធារាសាស្ត្រកសិកម្ម និងហិរញ្ញប្បទានបន្ថែម (IAIP-AF)។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការបានមានប្រសាសន៍ថា កិច្ចប្រជុំនេះមានគោលបំណងសំខាន់ក្នុងការពិនិត្យឡើងវិញនូវវឌ្ឍនភាពការងារ ចាប់តាំងពីដំណាក់កាលចាប់ផ្តើមរហូតមកដល់បច្ចុប្បន្ន ដើម្បីវាយតម្លៃលើចំណុចវិជ្ជមាន និងបញ្ហាប្រឈមដែលនៅសេសសល់ ក្នុងគោលដៅដាក់ចេញនូវដំណោះស្រាយឱ្យបានចំគោលដៅ និងស្វែងរកគន្លឹះយុទ្ធសាស្ត្រដើម្បីពន្លឿនការអនុវត្តការងារឱ្យស្របតាមផែនការសកម្មភាពដែលបានព្រមព្រៀងជាមួយ ADB។
ឯកឧត្តមរដ្ឋលេខាធិការបានសង្កត់ធ្ងន់ថា បេសកកម្មរបស់ ADB នាពេលនេះ គឺមានសារៈសំខាន់បំផុតក្នុងការជំរុញឱ្យការអនុវត្តគម្រោងកាន់តែមានប្រសិទ្ធភាព តម្លាភាព និងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាកសិករក្នុងតំបន់គោលដៅ។
ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋលេខាធិការក៏បានបញ្ជាក់បន្ថែមថា ADB គឺជាដៃគូអភិវឌ្ឍន៍យុទ្ធសាស្ត្រដ៏យូរអង្វែង និងមិនអាចខ្វះបាន។ ក្នុងនាមក្រសួងធនធានទឹក និងឧតុនិយម ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ ជាពិសេសការគាំទ្រដល់ការអភិវឌ្ឍវិស័យធនធានទឹក ឧតុនិយម និងការរៀបចំមជ្ឈមណ្ឌលជាតិគ្រប់គ្រងទិន្នន័យធនធានទឹក និងឧតុនិយមនៅកម្ពុជាឱ្យកាន់តែមានភាពទំនើប៕


