នារសៀលថ្ងៃអង្គារ ១កើត ខែផល្គុន ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំគណៈប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ចុះពិនិត្យវឌ្ឍនភាពការងារនៅស្ថានីយបូមទឹកព្រែកពោធិ៍ និងគម្រោងកែលម្អប្រព័ន្ធធារាសាស្ត្រកសិកម្ម (IAIP) ស្ថិតក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់ថា បេសកកម្មនេះធ្វើឡើងក្នុងគោលបំណងតាមដានវឌ្ឍនភាពនៃគម្រោងកែលម្អប្រព័ន្ធធារាសាស្ត្រកសិកម្ម ដែលទទួលបានហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដើម្បីប្រែក្លាយស្ថានីយបូមទឹកព្រែកពោធិ៍ឱ្យទៅជាប្រព័ន្ធធារាសាស្ត្រដ៏ទំនើប និងមានប្រសិទ្ធភាពខ្ពស់។
ឯកឧត្តមរដ្ឋលេខាធិការបានលើកឡើងថា ស្ថានីយបូមទឹកនេះមានសមត្ថភាពអាចផ្គត់ផ្គង់ទឹកស្រោចស្រពលើផ្ទៃដីកសិកម្មរួមមាន៖ ការធ្វើស្រែបង្កើនរដូវ និងដំណាំរួមផ្សំពី ២ ទៅ ៣ដង ក្នុងមួយឆ្នាំ។ ទន្ទឹមនឹងនេះ ឯកឧត្តមបានស្នើដល់ភាគីពាក់ព័ន្ធ សិក្សាលើការបំពាក់បច្ចេកវិទ្យាទំនើបបន្ថែមទៀត ដើម្បីពង្រឹងប្រសិទ្ធភាពគ្រប់គ្រង កាត់បន្ថយចំណាយលើការថែទាំ និងពង្រីកវិសាលភាពចែកចាយទឹកឱ្យកាន់តែទូលំទូលាយដល់តំបន់ជុំវិញ។
សូមជម្រាបថា គម្រោងទំនើបកម្មប្រព័ន្ធធារាសាស្ត្រគឺជាផ្នែកមួយនៃយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ជីវភាពប្រជាកសិករ តាមរយៈការធានាសន្តិសុខទឹកសម្រាប់បង្កើនផលិតភាពកសិកម្មទាំងរដូវវស្សា និងរដូវប្រាំង ដែលជាកត្តាគន្លឹះក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ៕


