ឯកឧត្តម កិត្តិនីតិកោសល្យបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានអញ្ជើញបើកកិច្ចប្រជុំស្ដីពីផ្សព្វផ្សាយច្បាប់ស្ដីពីការប្រឆាំងអំពើពុករលួយ និងវិសោធនកម្មច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ លិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធ ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៅខេត្តកំពង់ឆ្នាំង នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦។
ក្នុងឱកាសនោះ ឯកឧត្តមកិត្តិនីតិកោសល្យបណ្ឌិត ឱម យ៉ិនទៀង បានមានប្រសាសន៍ថា អង្គភាពប្រឆាំងអំពើពុករលួយមានសិទ្ធិអំណាចក្នុងការស្រាវជ្រាវ និងប្រមូលព័ត៌មាន ដែលពាក់ព័ន្ធនឹងបទល្មើសពុករលួយ ដើម្បីបម្រើឱ្យការអនុវត្តច្បាប់ ការបង្ក្រាប និងទប់ស្កាត់ បទល្មើសពុករលួយដែលកើតមាន ឱ្យទាន់ពេលវេលា និងមានប្រសិទ្ធភាព ដោយគ្មានការរំខាន ឬជ្រៀតជ្រែកពីសំណាក់អ្នករាជការសាធារណៈ ឬមន្រ្តីដែលពាក់ព័ន្ធឡើយ។ កម្មវិធីចុះផ្សព្វផ្សាយនេះ មានគោលបំណងចែករំលែកចំណេះដឹង បទពិសោធន៍ដល់មន្រ្តីថ្នាក់មូលដ្ឋាន ជាពិសេសមន្រ្តីអនុវត្តន៍ការងារផ្ទាល់សកម្មភាពនៃអំពើពុករលួយ។ អំពើពុករលួយ ត្រូវបានគេនិយាយ និងស្គាល់ច្បាស់ ប៉ុន្តែគោលគំនិត និងខ្លឹមសារនៃអំពើពុករលួយមិនត្រូវបានយល់ដឹងទូលំទូលាយ និងស៊ីជម្រៅនោះទេ។
ទន្ទឹមនឹងនេះ ឯកឧត្តមកិត្តិនីតិកោសល្យបណ្ឌិតបានបន្តទៀតថា ការរៀបចំពិធីដ៏មានសារៈសំខាន់ថ្ងៃនេះ ជាសក្ខីភាពឆ្លុះបញ្ចាំងឱ្យឃើញថា រាជ្យរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់ក្នុងការចូលរួមអនុវត្តចំណុចស្នូល និងមុំទី៣នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដែលបានផ្ដោតសំខាន់លើការកែទម្រង់ និងការពង្រឹងអភិបាលកិច្ចព្រមទាំងធ្វើទំនើបកម្ម រដ្ឋបាលសាធារណៈឱ្យមានសមត្ថភាពខ្ពស់ ខ្លាំង ឆ្លាតវៃ និងស្អាតស្អំ ដើម្បីបម្រើផលប្រយោជន៍ជូនប្រទេសជាតិ និងប្រជាប្រជាពលរដ្ឋ។ បច្ចុប្បន្នអំពើពុករលួយភាគច្រើនតែងតែកើតឡើងនូវសកម្មភាព សូកប៉ាន់ ដូច្នេះក្នុងកម្មពីធីផ្សព្វផ្សាយច្បាប់ ស្តីពីការប្រឆាំងអំពើពុករលួយ និងច្បាប់ ស្តីពីវិសោធនកម្មប្រឆាំងអំពើពុករលួយឲ្យមន្រ្តីជំនាញពាក់ព័ន្ធបានទទួលចំណេះដឹងបន្ថែមដើម្បីអនុវត្តឱ្យត្រូវនៅសញ្ញាណនៃអំពើពុករលួយ។
ថ្លែងក្នុងបរិបទនេះ ឯកឧត្តម កិត្តិនីតិកោសល្យបណ្ឌិត ឱម យ៉ិនទៀង បានជំរុញដល់មន្រ្តីរាជការគ្រប់អង្គភាពទាំងអស់ គោរពទទួលយកលំអិតនូវខ្លឹមសារច្បាប់ក្នុងពិធីផ្សព្វផ្សាយច្បាប់ស្តីពីការងារប្រឆាំងអំពើពុករលួយ និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយដែលជាការចែករំលែកចំណេះដឹង និងបទពិសោធន៍ដល់មន្ត្រីឱ្យយល់ដឹងកាន់តែច្បាស់ពីច្បាប់នៃអំពើពុករលួយ និងទទួលបាននូវសុក្រិតប្រកបដោយតម្លៃធនធានមនុស្ស៕
.jpeg)
.jpeg)

