មេសិទ្ធិមនុស្សកម្ពុជា៖ ការលើកឡើងរបស់រដ្ឋមន្ត្រីការបរទេសថៃ ដែលនឹងលើកយកបញ្ហា Scam online ទៅប្រើប្រាស់នៅ UN ដើម្បីទប់ទល់ជាមួយកម្ពុជា ជារឿងអាម៉ាស់របស់មេដឹកនាំថៃ, បញ្ហា Scam Online និងការឈ្លានពានទឹកដី ជារឿងពីរផ្ទុយគ្នាស្រឡះ


ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានថ្លែងថា ចំពោះការលើកឡើងរបស់រដ្ឋមន្ត្រីការបរទេសថៃ ដែលនឹងលើកយកបញ្ហា Scam online ទៅប្រើប្រាស់នៅអង្គការសហប្រជាជាតិ (UN) ដើម្បីទប់ទល់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺជារឿងអាម៉ាស់របស់ថ្នាក់ដឹកនាំថៃ ដែលគ្មានការយល់ដឹងពីច្បាប់អន្តរជាតិ និងការបែកចែកឱ្យបានច្បាស់នៃបទល្មើស Scam Online និងការឈ្លានពានទឹកដី។

ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី បានលើកឡើងថា បញ្ហា Scam Online ជាបញ្ហាសាកលដែលកើតមានឡើងស្ទើរគ្រប់ប្រទេសនៅលើសាកលលោក។ បញ្ហា Scam Online និងការឈ្លានពានទឹកដីគឺជារឿងពីរផ្ទុយគ្នាស្រឡះ។

ភ្ជាប់ជាមួយគ្នានេះដែរ ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានបន្ថែមថា ប្រទេសមួយឈ្លានពានប្រទេសមួយទៀតដោយមិនអាចយកមូលហេតុនៃការបង្រ្កាបបញ្ហា Scam Online នោះទេ។ ក្រោមច្បាប់អន្តរជាតិនៃធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ ២ (៤) ហាមដាច់ខាតប្រទេសទាំងអស់ប្រើកម្លាំងយោធាឈ្លានពានដែនអធិបតេយ្យភាព បូរណភាពទឹកដីនៃប្រទេសមួយទៀតលើកលែងករណីដែលអាចប្រើកម្លាំងទ័ពបានដើម្បីការពារខ្លួនតែប៉ុណ្ណោះ ឬមានការយល់ព្រមពីក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិ៕