ឯកឧត្តម​ ថោ ជេដ្ឋា អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខមេគ្រួសារបក្សជាង ២០០០គ្រួសារ ក្នុងមូលដ្ឋានឃុំចំណាលើ ស្រុកស្ទោង ខេត្តកំពង់ធំ


នាព្រឹកថ្ងៃសៅរ៍ ៥កើត ខែផល្គុន ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្ទោង បានអញ្ជើញដឹកនាំក្រុមការងារចុះជួបសំណេះសំណាលសួរសុខទុក្ខមេគ្រួសារគណបក្សចំនួន២២២៤គ្រួសារ ក្នុងមូលដ្ឋានឃុំចំណាលើ ស្រុកស្ទោង ខេត្តកំពង់ធំ។

សូមជម្រាបថា ឃុំចំណាលើ គឺជាឃុំមួយក្នុងចំណោមឃុំទាំង១៣នៃស្រុកស្ទោង មានភូមិសរុបចំនួន១០ភូមិ។ គិតត្រឹមឆ្នាំ២០២៥ ក្នុងឃុំចំណាលើ មានប្រជាពលរដ្ឋសរុបចំនួន១៣៧២៥នាក់ ស្រីចំនួន៧០៧០នាក់ ស្មើនឹង ២៩៩៥គ្រួសារ ក្នុងនោះសមាជិកគណបក្សប្រជាជនកម្ពុជាមានចំនួន២២២៤គ្រួសារ ស្មើនឹង១៩៧៧ខ្នងផ្ទះ។

ក្នុងឱកាសសំណេះសំណាល ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារគណបក្សចុះមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ជាពិសេសក្នុងមូលដ្ឋានឃុំចំណាលើ ដែលបានរួមសាមគ្គីគ្នាបំពេញការងារយ៉ាងសកម្ម ដោយចុះជួយដោះស្រាយបញ្ហាចំពោះមុខដោយផ្ទាល់ ព្រមទាំងផ្សារភ្ជាប់មនោសញ្ចេតនា ផ្តល់នូវភាពកក់ក្ដៅ និងការជឿជាក់ជូនដល់ប្រជាពលរដ្ឋប្រកបដោយការទទួលខុសត្រូវខ្ពស់ រហូតសម្រេចបាននូវសមិទ្ធផលជាច្រើន ជាពិសេសការកសាងសមាជិកគណបក្សថ្មីបានចំនួន១១០១នាក់ ក្នុងរយៈពេល២ឆ្នាំកន្លងមកនេះ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹកពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស ព្រមទាំងសម្តេចអនុប្រធាន និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ជូនដល់សមាជិក សមាជិកាជាមេគ្រួសារគណបក្សទាំងអស់ដែលមានវត្តមានក្នុងអង្គពិធីផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រី បានជំរុញលើកទឹកចិត្តដល់ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំចំណាលើ ត្រូវបន្តសហការគ្នាជាធ្លុងមួយ និងចូលរួមឱ្យកាន់តែសកម្មក្នុងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រនានារបស់រាជរដ្ឋាភិបាល ជាពិសេសការអនុវត្តនូវផែនការសកម្មភាពដែលបានដាក់ចេញ ក្រោមការចង្អុលបង្ហាញផ្ទាល់របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ។

សូមបញ្ជាក់ថា ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំចំណាលើ បានកសាងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗក្នុងមូលដ្ឋានសម្រេចបានសមិទ្ធផលជាច្រើនរួមមាន ១)អគារស្នាក់ការគណបក្សឃុំ ២)ផ្លូវបេតុងក្នុងភូមិប្រវែង ១១គីឡូម៉ែត្រ ៣)អណ្ដូងទឹកស្អាតចំនួន ៩អណ្ដូងក្នុងភូមិនិងក្នុងវត្ត ៤)កែលម្អផ្លូវក្រាលថ្មម៉ិចចូលវត្តអំពិលរលើងប្រវែង១១៥ម៉ែត្រ និង៥)សាងសង់ផ្ទះថ្មជូនមេឃុំចំណាលើចំនួន១ខ្នង៕