ឯកឧត្តម ចាន់ ស៊ីណាត បន្ដបេសកកម្មដឹកនាំគណៈប្រតិភូ ADB ចុះពិនិត្យការចាប់ផ្ដើមការដ្ឋានសាងសង់ស្ថានីយរ៉ាដាតេជោសែនទី២ នៅភ្នំប្រសិទ្ធិ៍ ខេត្តកណ្តាល


នារសៀលថ្ងៃចន្ទ ៧កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានបន្តដឹកនាំគណៈប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ចុះពិនិត្យការចាប់ផ្ដើមការដ្ឋានសាងសង់ស្ថានីយរ៉ាដាតេជោសែនទី២ លើភ្នំប្រសិទ្ធិ៍ ស្ថិតក្នុងឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល។

នាឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានគូសបញ្ជាក់ពីសារៈសំខាន់នៃការធ្វើទំនើបកម្មវិស្វកម្មស្ថានីយរ៉ាដាតេជោសែនទី២ ក្រោមហិរញ្ញប្បទានដៃគូអភិវឌ្ឍន៍ ADB។ ស្ថានីយរ៉ាដាប្រភេទ Doppler Radar នេះ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការបម្រើឱ្យការព្យាករស្ថានភាពធាតុអាកាស ក៏ដូចជាការផ្ដល់ព័ត៌មានទាក់ទងនឹងការប្រែប្រួលអាកាសធាតុ និងរបបទឹកភ្លៀងបានសុក្រឹត និងទាន់ពេលវេលា ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់ក្នុងពហុវិស័យ។

ទន្ទឹមនឹងនោះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានផ្តល់ការណែនាំដល់ក្រុមហ៊ុនម៉ៅការសាងសង់ ត្រូវយកចិត្តទុកដាក់អនុវត្តការងារឱ្យស្របតាមបទដ្ឋានបច្ចេកទេស និងនិយាមប្រតិបត្តិរបស់ ADB ដោយត្រូវផ្ដោតជាចម្បងលើទិដ្ឋភាពសុវត្ថិភាព និងបរិស្ថាន ដើម្បីធានាឱ្យបាននូវគុណភាពសំណង់រឹងមាំតាមបទដ្ឋានវិស្វកម្ម និងបញ្ចប់ការងារឱ្យទាន់តាមកាលវិភាគដែលបានកំណត់៕