លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានថ្លែងថា មានតែចំណេះដឹង បញ្ញា វិន័យ និងសីលធម៌ប៉ុណ្ណោះ ដែលជាឧបករណ៍ដ៏សំខាន់បំផុត ជួយឱ្យក្មេងៗដែលជាយុវជនជំនាន់ក្រោយក្លាយជាធនធានមនុស្សយ៉ាងសំខាន់ ក្នុងការកសាងប្រទេសជាតិឱ្យកាន់តែរីកចម្រើនទៅថ្ងៃអនាគត។
ការថ្លែងរបស់លោកជំទាវបណ្ឌិត ធ្វើឡើងក្នុងឱកាសអញ្ជើញទស្សនកិច្ចការអនុវត្តកម្មវិធីផ្តល់អាហារតាមសាលារៀន ដោយប្រើប្រាស់កសិផលក្នុងសហគមន៍ នៅសាលាបឋមសិក្សាប្រាសាទជាងទង ស្ថិតក្នុងភូមិក្រាំងប្រស្វាយ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួមពីសម្តេចមហាមន្ត្រី គួយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦។
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានថ្លែងថា «ខ្ញុំសូមលើកទឹកចិត្តដល់ក្មួយៗទាំងអស់ដែលមានវត្តមាននៅទីនេះ ត្រូវខិតខំរៀនសូត្រ អភិវឌ្ឍសមត្ថភាព មានវិន័យ និងសីលធម៌ល្អ ដើម្បីអនាគតផ្ទាល់សម្រាប់ខ្លួនឯង គ្រួសារ និងសង្គមជាតិយើង ព្រោះថាមានតែចំណេះដឹង បញ្ញា វិន័យ និងសីលធម៌ ប៉ុណ្ណោះដែលជាឧបករណ៍ដ៏សំខាន់បំផុត ជួយឱ្យក្មួយៗដែលជាយុវជនជំនាន់ក្រោយ អាចក្លាយទៅជាធនធានមនុស្សយ៉ាងសំខាន់ ជាកម្លាំងចលករសង្គមប្រកបដោយគុណភាព ដើម្បីចូលរួមកសាងប្រទេសជាតិឱ្យរឹងមាំ រីកចម្រើនទៅថ្ងៃអនាគត»។
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានបន្ថែមទៀតថា ដើម្បីឱ្យក្មេងៗអាចក្លាយជាទំពាំងស្នងឫស្សី ជាអនាគតរបស់ប្រទេសជាតិទៅថ្ងៃអនាគត ក្មេងៗត្រូវទទួលបានការចិញ្ចឹមបីបាច់ល្អ ការសិក្សាជ្រៅជ្រះ និងត្រូវទទួលបានអាហារល្អ ជាពិសេសអាហារដែលមានសុវត្ថិភាពខ្ពស់។ ជាក់ស្តែង ការអនុវត្តកម្មវិធីផ្តល់អាហារតាមសាលារៀន ដោយប្រើប្រាស់កសិផលក្នុងសហគមន៍ គឺជាកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដែលមានក្រសួងអប់រំ យុវជន និងកីឡា ជាសេនាធិការ ដោយប្រើប្រាស់កម្មវិធីនេះ ដើម្បីគាំទ្រការមករៀនឱ្យបានទៀងទាត់ ហើយកុមារអាចទទួលបានអាហារដែលមានអាហារូបត្ថម្ភចម្រុះ និងផ្តោតអារម្មណ៍ល្អ ព្រោះអាហារល្អគឺជាមូលដ្ឋាននៃការសិក្សាល្អ។ មួយវិញទៀត ត្រូវប្រើប្រាស់កម្មវិធីផ្ដល់អាហារនេះ ដើម្បីបង្កើតបរិយាកាសអាហារមានសុខភាព និងមានសុវត្តិភាពនៅតាមសាលារៀន ដោយកុមារទទួលបានអាហារល្អ កាត់បន្ថយអាហារដែលមានជាតិស្ករ អំបិល និងមានជាតិខ្លាញ់ខ្ពស់។
ជាមួយគ្នានេះលោកជំទាវបណ្ឌិត ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនអាជ្ញាធរមូលដ្ឋាន អង្គការដៃគូរផ្សេងៗ និងបងប្អូន ប្រជាពលរដ្ឋ ដែលរួមគ្នាដាំបន្លែបង្កាក្នុងសហគមន៍ ក្នុងសាលារៀន ប្រើប្រាស់ផលិតផលក្នុងសហគមន៍ ដើម្បីគាំទ្រជីវភាពកសិករ ផ្សារភ្ជាប់អាហារូបត្ថម្ភនិងការសិក្សារបស់កុមារ បង្កើនសេដ្ឋកិច្ចមូលដ្ឋាន និងបណ្តុះស្មារតីពង្រឹងសហគមន៍ឱ្យពឹងផ្អែកលើខ្លួនឯង។ ជាមួយគ្នានេះលោកជំទាវបណ្ឌិតបានបង្ហាញការគាំទ្រ និងសង្ឃឹមយ៉ាងមុតមាំថា ចលនានេះនឹងបន្តជារៀងរហូត និងកាន់តែរីកសុះសាយបន្ថែមទៀត។
នៅក្នុងឱកាសនោះលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានគូសរំលេចអំពីតួនាទីសំខាន់នៃកាអនុវត្ដកម្មវិធីដែលចូលរួមកាត់បន្ថយគម្លាតសិក្សា រវាងសិស្សនៅទីប្រជុំជននិងជនបទ ការលើកកម្ពស់សុខភាព និងអាហារូបត្ថម្ភ ការពង្រឹងបំណិនផ្នែកសង្គមរបស់សិស្ស ការកាត់បន្ថយហានិភ័យនៃជំងឺមិនឆ្លង និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានផងដែរ ខណៈកម្មវិធីផ្ដល់អាហារនេះ កំពុងធ្វើឡើងនៅក្នុងសាលាជាង ១ពាន់ទូទាំងប្រទេស និងមានសិស្សជាង ៣០ម៉ឺននាក់កំពុងទទួលផល៕










































