ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី នេត សាវឿន និងឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ស សុខា វាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scam នៅកម្ពុជា


ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី និងជាអនុប្រធានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះលទ្ធផលនៃកិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scam របស់កម្លាំងសមត្ថកិច្ចកម្ពុជា។

ក្នុងឱកាសអញ្ជើញជាសហអធិបតីដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍ដើម្បីតាមដានវឌ្ឍនភាព ការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅទីស្ដីការក្រសួងមហាផ្ទៃ នាថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦នេះ ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន និងឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា សុទ្ធតែបានមើលឃើញថា កម្លាំងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ បានរួមសហការគ្នាយ៉ាងល្អក្នុងប្រតិបត្តិការបោសសម្អាត បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ។

ឯកឧត្តមឧបនាយករដ្ឋមន្ដ្រីទាំង២រូប ដែលជាអ្នកទទួលបន្ទុកលើការងារនេះចំពោះមុខប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានអះអាងថា បើទោះបីលទ្ធផលប្រតិបត្តិការកន្លងទៅទទួលបានជោគជ័យយ៉ាងណាក្ដី ប៉ុន្ដែគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវតែបន្ដរួមសហការគ្នាឲ្យបានម៉ឺងម៉ាត់បន្ថែមទៀត ដើម្បីធានាដល់ប្រសិទ្ធភាពនៃការបង្ក្រាបបទល្មើស Online Scam ស្របតាមអ្វីដែលជាឆន្ទៈដ៏មុតស្រួចដែលបានដាក់ចេញដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា។

សូមជម្រាបថា ជាលទ្ធផល ចាប់ពីថ្ងៃទី១៣ ខែកុម្ភៈ មកដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ ពោលមានរយៈពេលសប្ដាហ៍ ប្រតិបត្តិការនៃការបង្ក្រាបនៅទូទាំងប្រទេសមានចំនួន២១លើក ក្នុងនោះមានចំនួន៧រាជធានី-ខេត្ត។ ប្រតិបត្តិការបោសសម្អាតនេះ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សចំនួន៤១៩នាក់ ស្មើនឹង១២សញ្ជាតិ ក្នុងនោះ ជនជាតិចិន២៧៣នាក់, ខ្មែរ៥១នាក់ និងក្រៅពីនេះសញ្ជាតិផ្សេងៗ។ ទីតាំងដែលបានបង្ក្រាបរួមមាន៖

* រាជធានីភ្នំពេញ បង្ក្រាបបានចំនួន១២លើក ឃាត់ខ្លួនមនុស្ស២៤២នាក់ ស្មើនឹង១១សញ្ជាតិ
* ខេត្តស្វាយរៀង បង្ក្រាបបានចំនួន៣លើក ឃាត់ខ្លួនមនុស្ស៤៣នាក់ ស្មើនឹង៤សញ្ជាតិ
* ខេត្តកំពត បង្ក្រាបបានចំនួន២លើក ឃាត់ខ្លួនមនុស្ស៣៥នាក់
* ខេត្តបន្ទាយមានជ័យ បង្ក្រាបបានចំនួន១លើក ឃាត់ខ្លួនមនុស្ស៤នាក់
* ខេត្តបាត់ដំបង បង្ក្រាបបានចំនួន១លើក ឃាត់ខ្លួនមនុស្ស១៣នាក់
* ខេត្តសៀមរាប បង្ក្រាបបានចំនួន១លើក ឃាត់ខ្លួនមនុស្ស៦នាក់
* ខេត្តត្បូងឃ្មុំ បង្ក្រាបបានចំនួន១លើក ឃាត់ខ្លួនមនុស្ស២៦នាក់។

ដោយឡែក សម្រាប់ការចុះរដ្ឋបាលនៅតាមទីតាំងរស់នៅប្រមូលផ្ដុំវិញ ក្នុងរយៈពេល២សប្ដាហ៍កន្លងទៅនេះ គឺត្រួតពិនិត្យនៅតាមបណ្ដាគោលដៅចំនួន១,៩៨៣ទីតាំង ស្មើនឹងមនុស្ស១២,៧១៥នាក់ ក្នុងរាជធានី-ខេត្តចំនួន៩ រួមមាន ខេត្តបាត់ដំបង, កំពង់ចាម, កំពត, កណ្ដាល, ក្រចេះ, រាជធានីភ្នំពេញ, កែប, ឧត្តរមានជ័យ និងខេត្តត្បូងឃ្មុំ។ សម្រាប់ការត្រួតពិនិត្យរដ្ឋបាលនៅតាមដងផ្លូវវិញ ក្នុងរយៈពេល២សប្ដាហ៍ដូចគ្នានេះ គឺត្រួតពិនិត្យនៅតាមគោលដៅសង្ស័យចំនួន៣ខេត្ត ស្មើនឹងចំនួន១៥លើក ក្នុងនោះខេត្តបន្ទាយមានជ័យ, ខេត្តកោះកុង និងខេត្តកំពង់ឆ្នាំង៕