ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារទាំងមូលរបស់ សម្ដេចវិបុលបញ្ញា សុខ អាន បានរៀបចំពិធីបុណ្យខួបគម្រប់ ៩ឆ្នាំ នៅវត្តសារាវ័នតេជោ ដើម្បីឧទ្ទិសមហាកុសលជូនដួងវិញ្ញាណក្ខន្ធ សម្ដេចវិបុលបញ្ញា សុខ អាន ដែលជាឪពុកជាទីគោរពស្រលាញ់បំផុតរបស់កូនៗ និងចៅៗ។ ក្នុងឱកាសនោះ កូនចៅគ្រប់រូបបានធ្វើការបួងសួងឱ្យវិញ្ញាណក្ខន្ធ សម្ដេចវិបុលបញ្ញា បានទៅសោយសុខក្នុងសុគតិភពជានិច្ចនិរន្តរ៍ និងជួយប្រោសព្រំដល់កូនចៅឱ្យបន្តបម្រើជាតិ និងប្រជាជនតាមគន្លងដ៏ឧត្តុង្គឧត្តមរបស់សម្ដេចវិបុលបញ្ញា ដែលសម្ដេចគឺជាឥស្សរជន និងជាថ្នាក់ដឹកនាំមួយរូបដ៏ឆ្នើម និងដែលបានបូជាកម្លាំងកាយចិត្តបញ្ញាស្មារតីក្នុងបុព្វហេតុ ជាតិ សាសនា ព្រះមហាក្សត្រ រហូតទទួលបានសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ។ បើទោះបីជា សម្ដេចវិបុលបញ្ញា បានឃ្លាតឆ្ងាយអស់រយៈពេល ៩ឆ្នាំហើយក៏ដោយ ប៉ុន្តែស្នាដៃដ៏ឧត្តុង្គឧត្តមដែលសម្ដេចវិបុលបញ្ញាបានបន្សល់ទុក នឹងស្ថិតក្នុងបេះដូងកូនចៅ និងប្រជាជាតិកម្ពុជាជារៀងរហូតតទៅ។





















