អភិបាលខេត្តតាកែវ ណែនាំអាជ្ញាធរ បន្តត្រួតពិនិត្យតាមមូលដ្ឋានដែលសង្ស័យពាក់ព័ន្ធបទល្មើស Scams Online


ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានណែនាំអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចទាំងអស់ ត្រូវបង្កើនស្មារតីយកចិត្តទុកដាក់ខ្ពស់ និងរួមគ្នាបង្ការ ទប់ស្កាត់ចំពោះករណីឆបោក​ ឬចាប់ជំរិតតាមប្រព័ន្ធអនឡាញ (Scam Online) កុំឱ្យមាននៅមូលដ្ឋានរបស់ខ្លួន ដែលធ្វើឱ្យប៉ះពាល់ការរស់នៅរបស់ប្រជាពលរដ្ឋ និងសន្ដិសុខសង្គម។

ថ្លែងនៅចំពោះមុខអភិបាលក្រុងស្រុកទាំង១០ និងមន្រ្តីសមត្ថកិច្ចពាក់ព័ន្ធ នៅក្នុងឱកាសអញ្ជើញជាងធិភាពនៅក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ ធ្នូ លើកទី១១ នៅសាលប្រជុំរដ្ឋបាលខេត្ត នាព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦នេះ, អភិបាលខេត្តតាកែវ បានបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ និងបានដាក់ចេញវិធានការដ៏មុតស្រួច ក្នុងការបង្ការ ទប់ស្កាត់ ករណីឆបោកតាមប្រព័ន្ធអនឡាញ នៅលើទឹកដីកម្ពុជាយើង។

ឯកឧត្តម វ៉ី សំណាង​ បានគូសបញ្ជាក់ថា «អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រូវបង្កើនការចុះតាមដានត្រួតពិនិត្យ ស្រាវជ្រាវ ទីតាំងរោងចក្រ សំណង់ផ្ទះល្វែង និងទីតាំងផ្សេងទៀត ខ្លាចក្រែងមានការបង្កប់ធ្វើ អាជីវកម្មឆបោកតាមប្រព័ន្ធអនឡាញ ពិសេសអំពើជួញដូរមនុស្សគ្រប់ទម្រង់ ករណីគ្រឿងញៀន ត្រូវតែបង្ក្រាបឱ្យបានទាន់ពេលវេលា ដើម្បីធានាបាននូវសុខសុវត្ថិភាពជូនប្រជាពលរដ្ឋជាពិសេសចំពោះអ្នកវិនយោគ ក៏ដូចចាភ្ញៀវទេសចរជាតិ និងអន្តរជាតិ»

ឆ្លៀតនៅក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តតាកែវ បានណែនាំមន្រ្តីច្រកទ្វាព្រំដែនទាំងអស់ក្នុងខេត្តតាកែវ ត្រូវបន្តយកចិត្តទុកដាក់ ត្រួតពិនិត្យឱ្យបានតឹងរឹងបំផុត រាល់ភ្ញៀវបរទេសដែលចេញពីប្រទេសវៀតណាម ចូលមកកម្ពុជា តាមច្រកខេត្តតាកែវ ក្រែងមានប្រព្រឹត្តបទល្មើសជួញដូរមនុស្សឆ្លងដែនខុសច្បាប់ ពិសេស Scams Online កុំឱ្យកើតមានដូចខេត្តមួយចំនួន៕