ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយ ក្រុមហ៊ុន Internet ក្រុមហ៊ុនទឹកស្អាត និងក្រុមហ៊ុនអគ្គិសនី នៅក្នុងខេត្តប៉ៃលិនទាំងអស់ ស្តីពីបច្ចុប្បន្នភាព នូវកិច្ចសហការជាមួយរដ្ឋបាលខេត្ត ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ ជាពិសេសការចូលរួមនូវវិធានការទប់ស្កាត់ ចំពោះការផ្តល់សេវាដល់សកម្មភាពលួច បង្កប់ Scam Online នៅគ្រប់ទីតាំងអាគារស្នាក់នៅ សណ្ឋាគារ ផ្ទះសំណាក់ ផ្ទះជួល និងទីតាំងប្រមូលផ្តុំមាន ដែលសង្ស័យមានចេតនាប្រព្រឹត្តបទល្មើសខុសច្បាប់។
លោកជំទាវបណ្ឌិត បាន ស្រីមុំ បានបញ្ជាក់ថា បច្ចុប្បន្នអាជ្ញាធរខេត្តប៉ៃលិន កំពុងបន្តយុទ្ធនាការទប់ស្កាត់ និងចុះបង្ក្រាបបទល្មើសនានា ជាពិសេសបទល្មើសបច្ចេកវិទ្យា (Scam Online) គឺក្នុងគោល បំណងរឹតបន្តឹងនៃការអនុវត្ត របបសន្តិសុខសង្គម របៀបរៀបរយ និងសណ្តាប់ធ្នាប់សាធារណៈនៅក្នុងខេត្តទាំងមូល ស្របតាមវិធានការយ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល ដោយត្រូវយកចិត្តទុកដាក់ខ្ពស់ លើការងារគ្រប់គ្រងសុវត្ថិភាព តាមទីតាំង រស់ នៅប្រមូលផ្តុំការពិនិត្យការតាំងទីលំនៅរបស់ជនបរទេស, ទីតាំងកាស៊ីណូ ដើម្បីទប់ស្កាត់ជនបរទេស ដែលលួចចូល មករស់នៅក្នុងខេត្ត ដោយខុសច្បាប់ ដើម្បីទប់ស្កាត់បទល្មើសនានា ជាពិសេសបទល្មើសបច្ចេកវិទ្យា (Scam Online) ឱ្យមានប្រសិទ្ធភាព ខ្ពស់។
លោកជំទាវបណ្ឌិតអភិបាលខេត្ត បានក្រើនរំលឹកអាជ្ញាធរមូលដ្ឋាន មន្ត្រីជំនាញពាក់ព័ន្ធ និងក្រុមហ៊ុនផ្តល់សេវាក្នុងខេត្តទាំងអស់ ត្រូវខិតខំរួមគ្នាដោះស្រាយទុក្ខលំបាក និងបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋ ដោយប្ដូរឥរិយាបថ និងសកម្មភាព ក្នុងការផ្ដល់សេវាសាធារណៈប្រកបដោយសមធម៌ និងបរិយាប័ន្ន ជាពិសេសេវាផ្គត់ផ្គង់ ទឹកស្អាត, អគ្គិសនី និង Internet ប្រកបដោយផាសុខភាព និងមានគុណប្រយោជន៍ ជូនប្រជាពលរដ្ឋស្របតាមសង្គម កំពុងអភិវឌ្ឍ ដើម្បីនិរន្តរភាពនិងការអភិវឌ្ឍសង្គមជាតិ ឈានឆ្ពោះទៅរកការអភិវឌ្ឍស្របតាមយុទ្ធសាស្ត្ររបស់ រាជរដ្ឋាភិបាល ដែលកំណត់ជាអាទិភាពគឺ មនុស្ស ទឹក ភ្លើង ផ្លូវ និងបច្ចេកវិជ្ជា ក្នុងគោលបំណងពង្រឹងនូវអភិបាលកិច្ចល្អ ការលើកកម្ពស់ប្រសិទ្ធភាពការងារ និងគុណភាពជីវិតរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។
នៅក្នុងឱកាសនោះលោកជំទាវបណ្ឌិត បាន ស្រីមុំ បានជំរុញក្រុមហ៊ុន Internet ក្រុមហ៊ុនទឹកស្អាត និងក្រុមហ៊ុនអគ្គិសនី នៅក្នុងខេត្តប៉ៃលិនទាំងអស់ ត្រូវសហការជាមួយគណៈបញ្ជាការឯកភាពខេត្ត និងអាជ្ញាធរមូលដ្ឋាន រួមទាំងមន្ត្រីជំនាញពាក់ព័ន្ធ ដើម្បីចូលរួមធ្វើការអង្កេត និងតាមដាន រាល់គ្រប់ទីតាំងអាគារស្នាក់នៅ សណ្ឋាគារ ផ្ទះសំណាក់ ផ្ទះជួល និងទីតាំងប្រមូលផ្តុំមាន ដែលសង្ស័យមានចេតនាប្រព្រឹត្តបទល្មើសខុសច្បាប់ ជាពិសេស ការចូលរួមនូវវិធានការទប់ស្កាត់ ចំពោះការផ្តល់សេវាដល់សកម្មភាពលួចបង្កប់ Scam Online នៅគ្រប់ទីតាំង៕











