នារសៀលថ្ងៃចន្ទ ១៣រោច ខែផល្គុន ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារសាងសង់សំណង់ការពារជើងទេរច្រាំងស្ទឹងសែន ដែលស្ថិតក្នុងសង្កាត់កំពង់ធំ សង្កាត់ដំរីជាន់ខ្លា សង្កាត់កំពង់រទេះ និងសង្កាត់កំពង់ក្របៅ នៃក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
សូមជម្រាបថា ការងារសាងសង់សំណង់ការពារជើងទេរច្រាំងស្ទឹងសែនប្រវែង ២៥៤៥ម៉ែត្រ គឺជាផ្នែកមួយនៃអនុគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រកំពង់គោជំហាន២ នៃគម្រោងគ្រប់គ្រងនិងកាត់បន្ថយគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួត ក្នុងខេត្តកំពង់ធំ ដែលទទួលហិរញ្ញប្បទានពីរាជរដ្ឋាភិបាលកម្ពុជា។ ការងារសំណង់ជើងទេរច្រាំងស្ទឹងសែន រួមមានចំនួន ៤កំណាត់នៅតាមទីតាំងដូចជា៖ ១)មុខសាលាខេត្តប្រវែង ៩២៥ម៉ែត្រ ២)តំបន់ផ្សារចាស់ប្រវែង ៥៧៨ម៉ែត្រ ៣)តំបន់ពោធិ៍បាក់កប្រវែង ៥៨៥ម៉ែត្រ និង ៤)តំបន់កំពង់ក្របៅប្រវែង ៤៥៧ម៉ែត្រ។ គិតត្រឹមដើមខែមីនា ឆ្នាំ២០២៦នេះ វឌ្ឍនភាពការងារសាងសង់សម្រេចបានប្រមាណ ១១%។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍គូសបញ្ជាក់ពីសារៈសំខាន់នៃការកែលម្អជើងទេរច្រាំងស្ទឺងសែននេះថា មិនត្រឹមតែដើម្បីការពារការបាក់ច្រាំងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សោភ័ណភាពក្រុងស្ទឹងសែន ខេត្តកំពង់ធំផងដែរ។ ឯកឧត្តមរដ្ឋមន្ត្រី បានក្រើនរំលឹកដល់ក្រុមការងារសាងសង់ ត្រូវបន្តយកចិត្តទុកដាក់ឱ្យបានហ្មត់ចត់លើគុណភាពសំណង់ ដោយអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមបទដ្ឋានបច្ចេកទេស ព្រមទាំងជំរុញអនុវត្តការងារឱ្យសម្រេចបានតាមផែនការកំណត់។
សូមបញ្ជាក់ថា អនុគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រកំពង់គោជំហាន២ មានទីតាំងគ្របដណ្ដប់ក្នុងភូមិសាស្ត្រស្រុកប្រាសាទសំបូរ ស្រុកសន្ទុក ស្រុកកំពង់ស្វាយ និងក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ ទំហំការងារសំខាន់ៗរួមមាន៖ ទី១)ការងារកែលម្អច្រាំងស្ទឹងសែនចំនួន ៤កំណាត់ប្រវែង ២៥៤៥ម៉ែត្រ ទី២)ការងារទំនប់សណ្ដចំនួន ៥ខ្សែប្រវែង ២៨៥៥ម៉ែត្រ ទី៣)កាងារប្រឡាយដីចំនួន ១៩ខែប្រវែង ៧៩គីឡូម៉ែត្រ និង ទី៤)ការងារសំណង់សិល្បការ្យតូចធំសរុបចំនួន ៣០៣កន្លែង៕


