ធនាគារពិភពលោក ប្ដេជ្ញាបន្តផ្ដល់ការគាំទ្រ ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា


នៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្ត្រី​កម្ពុជា បានអនុញ្ញាតឱ្យលោក Carlos Felipe Jaramillo អនុប្រធានធនាគារ​ពិភពលោក ទទួលបន្ទុកតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក និងសហការី ចូលជួប​សម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្ដិភាព។

ក្នុងជំនួបនោះ លោកអនុប្រធានធនាគារពិភពលោក បានថ្លែងអំណរគុណសម្ដេចមហា​បវរ​ធិបតី ដែលបានអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្ដែងការគួរសម​នា​ឱកាសនេះ ព្រមទាំងបានសម្ដែងសេចក្ដីសោមនស្សរីករាយដែលបានជួប​ពិភាក្សា​ការ​ងារ​ជាមួយសម្ដេចមហាបវរធិបតីជាថ្មីម្ដងទៀត។

លោកអនុប្រធានធនាគារពិភពលោក បានកោតសរសើរចំពោះការរីកចម្រើនរបស់​កម្ពុជា និងបង្ហាញការគាំទ្រចំពោះការដាក់ចេញនូវគោលដៅជំរុញកំណើន​សេដ្ឋកិច្ច​របស់កម្ពុជា ក្នុងការប្រែក្លាយកម្ពុជាទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

លោក Carlos Felipe Jaramillo ក៏បានជម្រាបសម្ដេចមហាបវរធិបតី អំពីគម្រោង​នានា​​ដែលកំពុងបន្តអនុវត្តក្រោមការគាំទ្រពីធនាគារពិភពលោកនៅកម្ពុជា។ នាពេល​បច្ចុប្បន្នធនាគារពិភពលោកបានដាក់ចេញនូវអាទិភាពចម្បង​ក្នុងការផ្តល់ជំនួយដល់​បណ្ដាប្រទេសនានា រួមទាំងកម្ពុជា ក្នុងការបង្កើតឱកាសការងារជូនដល់ប្រជាពលរដ្ឋ ដោយផ្តោតលេីវិស័យសក្ដានុពលចំនួន៥ រួមមាន៖ ១) វិស័យកសិកម្ម និងកសិ-ពាណិជ្ជ​កម្ម ២) វិស័យទេសចរណ៍ ៣) វិស័យកម្មន្តសាល ៤) វិស័យសុខាភិបាល និង៥) ការ​អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។

ក្នុងន័យនេះ ធនាគារពិភពលោកនឹងបន្តពង្រឹង និងជំរុញកិច្ចសហប្រតិបត្តិការយ៉ាង​ជិត​ស្និទ្ធ​ជាមួយវិស័យឯកជន ដែលជាម៉ាស៊ីននៃកំណើនដ៏សំខាន់ ក្នុងការបង្កើតការងារ និងការអភិវឌ្ឍសេដ្ឋកិច្ច។ លោកអនុប្រធានក៏បានជម្រាបសម្ដេចមហាបវរធិបតីថា ធនា​គារពិភពលោកប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការបន្តគាំទ្រ និងពង្រីកកិច្ចសហប្រតិបត្តិការ​ជាមួយ​រាជរដ្ឋាភិបាលកម្ពុជា ដើម្បីជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ឱ្យកាន់​តែ​មានសន្ទុះខ្លាំងក្លាបន្ថែមទៀត និងប្រកបដោយចីរភាព។

សម្ដេចមហាបវរធិបតីប្រមុខរាជរដ្ឋាភិបាល បានសម្ដែងការស្វាគមន៍ និងរីករាយ​ដែល​បានជួបលោកអនុប្រធានធនាគារពិភពលោកជាថ្មីម្ដងទៀត ព្រមទាំងបាន​សម្ដែង​ការ​អរគុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងធនាគារពិភពលោក និង​រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាការគាំទ្រដល់ការអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្រ​បញ្ចកោណ-ដំណាក់កាលទី១ ក្នុងការជំរុញកម្ពុជាឱ្យសម្រេចបានចក្ខុវិស័យនៃការ​ប្រែ​ក្លាយកម្ពុជាទៅជាប្រទេសមានចំណូលខ្ពស់ នៅក្នុងឆ្នាំ២០៥០។

សម្ដេចនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ជូនឯកឧត្តមអនុប្រធានធនាគារពិភពលោក អំពី​ការដាក់ចេញនូវគោលនយោបាយក្នុងការជំរុញនូវវិស័យអាទិភាពជាច្រើនរបស់រាជរដ្ឋាភិបាល សំដៅកសាងភាពធន់របស់កម្ពុជា ដែលក្នុងនោះរួមមាន៖ ការកសាងមូលធន​មនុស្ស, ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ, វិស័យអប់រំ, វិស័យសុខាភិបាល, និងការពង្រឹង​វិស័យហិរញ្ញវត្ថុ, ការទាក់ទាញការវិនិយោគ, ការអភិវឌ្ឍសហគ្រាសធុនតូចនិងមធ្យម និងការអភិវឌ្ឍសមត្ថភាពផលិតកម្មសម្រាប់បម្រើឱ្យទីផ្សារក្នុងស្រុក ព្រមទាំងការដាក់​ចេញ​វិធានការចាំបាច់នានា ដើម្បីធ្វើឱ្យបរិយាកាសវិនិយោគនៅកម្ពុជាកាន់តែមានទាក់​ទាញ និងប្រកួតប្រជែង សំដៅធានាបាននូវភាពធន់នៃការអភិវឌ្ឍ​សង្គម-សេដ្ឋកិច្ច​កម្ពុជា។

ក្នុងជំនួបនេះ សម្ដេចមហាបវរធិបតី និងលោក Jaramillo ក៏បានពិភាក្សាបន្ថែម​អំពី​អាទិភាពសំខាន់ៗក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា និងបានពិភាក្សាអំពីការអភិវឌ្ឍ​វិស័យអប់រំ និងការកសាងធនធានមនុស្សនៅកម្ពុជា, ការពង្រឹងសមត្ថភាព, ការបណ្ដុះ​បណ្ដាលជំនាញវិជ្ជាជីវៈដល់យុវជនកម្ពុជា និងសារៈសំខាន់នៃភាពជាដៃគូ​រវាងរដ្ឋា​ភិ​បាល និងវិស័យឯកជន សំដៅចាប់យកកាលានុវត្តភាព និង ការជំរុញកំណើនសេដ្ឋ​កិច្ចកម្ពុជា ប្រកបដោយភាពធន់ នៅក្នុងបរិបទនៃភាពមិនប្រាកដប្រជានៃពិភព​លោក​នាពេលបច្ចុប្បន្ន៕