លោក គីម ឆាងយ៉ុង ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំនៅកម្ពុជា បានបង្ហាញការតាំងចិត្តលើកកម្ពស់ទំនាក់ទំនងរវាងកម្ពុជា និងកូរ៉េឱ្យកាន់តែខ្លាំងក្លាថែមទៀត។
លោកឯកអគ្គរដ្ឋទូត បានបញ្ជាក់ដូច្នេះ ក្នុងជំនួបសម្តែងការគួរសមជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦។
នៅក្នុងជំនួបនោះ លោកឯកអគ្គរដ្ឋទូតបានគូសបញ្ជាក់ថា លោកពិតជាមានកិត្តិយសណាស់ ដែលត្រូវបានរដ្ឋាភិបាលកូរ៉េតែងតាំងជាឯកអគ្គរដ្ឋទូតប្រចាំកម្ពុជា ដែលជាប្រទេសមួយមានប្រវត្តិសាស្ត្រដ៏យូរលង់ និងមានវប្បធម៌ អរិយធម៌ដ៏សម្បូរបែប។
លោកឯកអគ្គរដ្ឋទូត បានសម្ដែងនូវការពេញចិត្តចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងប្រទេសទាំងពីរ ដែលបានរីកចម្រើនឡើងជាលំដាប់ ចាប់តាំងពីការភ្ជាប់ទំនាក់ទំនងការទូតឡើងវិញ នៅឆ្នាំ១៩៩៧ ក្រោមការជំរុញ និងគាំទ្ររបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា។ បច្ចុប្បន្ន ទំនាក់ទំនងនៃប្រទេសទាំងពីរ បាននិងកំពុងត្រូវបានបន្តពង្រឹងនិងពង្រីកយ៉ាងសកម្ម តាមរយៈការផ្លាស់ប្តូរទស្សនកិច្ចជាន់ខ្ពស់ និងគ្រប់កម្រិត ក៏ដូចជាវឌ្ឍនភាពគួរឱ្យកត់សម្គាល់នៃកិច្ចសហប្រតិបត្តិការក្នុងវិស័យជាច្រើន។
លោកឯកអគ្គរដ្ឋទូត បានបញ្ជាក់បន្ថែមថា នៅឆ្នាំ២០២៧ ខាងមុខនេះ ដែលជាខួបលើកទី៣០ នៃការភ្ជាប់ទំនាក់ទំនងការទូតឡើងវិញរវាងប្រទេសទាំងពីរ ស្ថានទូតកូរ៉េខាងត្បូងប្រចាំកម្ពុជា គ្រោងនឹងរៀបចំកម្មវិធីមួយចំនួន ដើម្បីអបអរសាទរព្រឹត្តិការណ៍ដ៏សំខាន់នេះ។ លោកឯកអគ្គរដ្ឋទូតក៏បានបញ្ជាក់បន្ថែមទៀតថា កូរ៉េខាងត្បូង មានបំណងពង្រឹង និងពង្រីកទំនាក់ទំនងជាមួយកម្ពុជា ហើយលោកបានប្ដេជ្ញាចិត្តយ៉ាងមុតមាំថា នៅក្នុងអាណត្តិបេសកកម្មការទូតនេះ លោកនឹងខិតខំពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ឱ្យសម្រេចបានលទ្ធផលផ្លែផ្កាបន្ថែមទៀត។
ជាការឆ្លើយតប សម្ដេចមហាបវរធិបតី បានស្វាគមន៍ និងអបអរសាទរ លោក គីម ឆាងយ៉ុង ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំកម្ពុជា។ សម្ដេចមហាបវរធិបតី បានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើនជាលំដាប់នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងប្រទេសទាំងពីរ។
សម្តេចមហាបវរធិបតី បានរំលឹកថា ប្រទេសទាំងពីរបានដំឡើងកម្រិតទំនាក់ទំនង ជា «ភាពជាដៃគូយុទ្ធសាស្ត្រ» នាឆ្នាំ២០២៤ ដែលការណ៍នេះបានបើកច្រកសម្រាប់ការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែទូលាយថែមទៀត។
សម្ដេចមហាបវរធិបតី និងលោកឯកអគ្គរដ្ឋទូត បានពិភាក្សា និងផ្លាស់ប្ដូរយោបល់គ្នាក្នុងការបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗមួយចំនួន ជាអាទិ៍៖ វិស័យសេដ្ឋកិច្ច, ពាណិជ្ជកម្ម, វិនិយោគ, អប់រំ, ការពារជាតិ និងសន្តិសុខ។ ជាមួយគ្នានេះ សម្ដេចមហាធិបតី និងលោកឯកអគ្គរដ្ឋទូត ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អ ប្រកបដោយលទ្ធផលជាផ្លែផ្ការវាងនគរបាលនៃប្រទេសទាំងពីរ ក្នុងការប្រយុទ្ធប្រឆាំង និងបង្រ្កាបអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាផងដែរ៕








