នារសៀលថ្ងៃពុធ ១៥រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងធនធានទឹក និងឧតុនិយម ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅអនុវត្តឆ្នាំ២០២៦ របស់ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប។
ក្នុងរបាយការណ៍បូកសរុប ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា បានគូសបញ្ជាក់ថា ក្នុងឆ្នាំ២០២៥ ក្រសួងបានអនុវត្តយ៉ាងសកម្មនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ តាមរយៈការកសាង និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធធនធានទឹកសំខាន់ៗ រួមមាន៖ អាងទឹកដងកាំបិត កំពង់គោ ទំនប់លេខ២ ស្ទឹងឃ្លៀច ស្ទឹងក្រញូង និងអាងទឹកដូនទ្រី។ បន្ថែមលើនេះ ក្រសួងបាននិងកំពុងពង្រឹងសមត្ថភាពព្យាករណ៍អាកាសធាតុតាមរយៈការរៀបចំសាងសង់ស្ថានីយ Doppler Radar តេជោសែនទី២ និងសាងសង់ប្រព័ន្ធរំដោះទឹកជំហាន២ ក្នុងខេត្តបន្ទាយមានជ័យ ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងធានាសន្តិសុខទឹកសម្រាប់បម្រើដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។
ថ្លែងក្នុងឱកាសបិទសន្និបាត ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា បានពាំនាំនូវការសាកសួរសុខទុក្ខ និងក្តីនឹករលឹកដ៏ជ្រាលជ្រៅពីសំណាក់ សម្តេចធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ជូនដល់អង្គសន្និបាតទាំងមូល។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលក្រសួង-ស្ថាប័នទាំងបីសម្រេចបាន ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការជំរុញកម្ពុជាឱ្យក្លាយជាប្រទេសដែលមានសន្តិសុខទឹកទាំងបរិមាណ និងគុណភាព។ ជាមួយគ្នានេះ ឯកឧត្តមបានផ្តល់នូវអនុសាសន៍គន្លឹះមួយចំនួនសម្រាប់ក្រសួង, គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប ដើម្បីតម្រង់ទិសក្នុងការគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍន៍ធនធានទឹកឱ្យកាន់តែមានប្រសិទ្ធភាព និងចីរភាពសម្រាប់ឆ្នាំ២០២៦ និងឆ្នាំបន្តបន្ទាប់ទៀត៕



