អភិបាលខេត្តពោធិ៍សាត ជំរុញឱ្យក្រុង-ស្រុកទាំង៧ ត្រៀមលក្ខណៈប្រកួតប្រជែងជ្រើសរើស «ឃុំ-សង្កាត់គំរូ» ផ្នែកសណ្តាប់ធ្នាប់ និងអនាម័យបរិស្ថាន


(ពោធិ៍សាត់)៖ ក្នុងឱកាសដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦នេះ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានដាក់ចេញនូវសេចក្តីណែនាំដ៏មានសារៈសំខាន់មួយ ដល់រដ្ឋបាលក្រុង-ស្រុកទាំង៧ ត្រូវជ្រើសរើសឃុំ-សង្កាត់ណាមួយក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដើម្បីត្រៀមលក្ខណៈប្រកួតប្រជែងជា «ឃុំ-សង្កាត់គំរូ»

កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងនៅសាលប្រជុំទេពឧកញ៉ា ឃ្លាំង មឿង សាលាខេត្ត ដោយបានការចូលរួម ពីសំណាក់ថ្នាក់ដឹកនាំរដ្ឋបាលខេត្ត សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ អភិបាលក្រុង-ស្រុកទាំង៧ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

ឯកឧត្តម ខូយ រីដា បានជម្រាបជូនថា គោលបំណងសំខាន់នៃការប្រកួតប្រជែងខាងលើ គឺដើម្បីលើកកម្ពស់ការរៀបចំសណ្តាប់ធ្នាប់សាធារណៈ៖ ការរៀបចំបណ្តាញផ្លូវថ្នល់ ការលក់ដូរមិនឱ្យរំលោភលើចិញ្ចើមផ្លូវ និងការសម្របសម្រួលចរាចរណ៍ក្នុងមូលដ្ឋាន។ អនាម័យបរិស្ថានល្អប្រសើរ៖ ការគ្រប់គ្រងកាកសំណល់ ការដាំដើមឈើ និងការកែលម្អសោភ័ណភាពតាមភូមិ-ឃុំ ឱ្យមានភាពស្រស់បំព្រង និងមានខ្យល់អាកាសបរិសុទ្ធ។

ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់យ៉ាងច្បាស់ថា លោកនឹងអញ្ជើញចុះពិនិត្យ និងវាយតម្លៃដោយផ្ទាល់តាមបណ្តាឃុំ-សង្កាត់ដែលបានជ្រើសរើសទាំងនោះ។ ការចុះពិនិត្យផ្ទាល់នេះ គឺដើម្បីធានានូវតម្លាភាព និងជំរុញឱ្យអាជ្ញាធរមូលដ្ឋានយកចិត្តទុកដាក់ពិតប្រាកដ ក្នុងការបម្រើសេវាសាធារណៈ និងការរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង ស្របតាមទិសដៅអភិវឌ្ឍន៍របស់ខេត្ត។

ឯកឧត្តមបានសង្កត់ធ្ងន់ថា ការប្រកួតប្រជែងនេះ មិនមែនធ្វើឡើងត្រឹមតែជាបង្គ្រប់កិច្ចនោះទេ ប៉ុន្តែវាគឺជាការវាស់វែងនូវសមត្ថភាពដឹកនាំ និងការទទួលខុសត្រូវរបស់អភិបាលក្រុង-ស្រុក និងមេឃុំ-ចៅសង្កាត់ ក្នុងការកែប្រែមុខមាត់មូលដ្ឋានរបស់ខ្លួន ឱ្យក្លាយជាទីកន្លែងដែលគួរឱ្យចង់រស់នៅ និងទាក់ទាញភ្ញៀវទេសចរ។

យោងតាមរបៀបវារៈ នៃកិច្ចប្រជុំអង្គពិធីបានពិភាក្សាលើចំណុចគន្លឹះចំនួន៥ រួមមាន៖
ទី១. ការត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក៖ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងលើកកម្ពស់សុវត្ថិភាពដល់អ្នកធ្វើដំណើរ។
ទី២. ការបង្ក្រាបបញ្ហាគ្រឿងញៀន៖ បន្តអនុវត្តវិធានការក្តៅក្នុងការទប់ស្កាត់ និងបង្ក្រាបរាល់សកម្មភាពជួញដូរ និងប្រើប្រាស់គ្រឿងញៀនក្នុងសហគមន៍។
ទី៣. ការអនុវត្តគោលនយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព»៖ សំដៅធានាឱ្យបាននូវភាពសុខសាន្ត របស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។
ទី៤. ស្ថានភាពសន្តិសុខតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ៖ តាមដាន និងគ្រប់គ្រងសភាពការណ៍ឱ្យបានហ្មត់ចត់ ដើម្បីរក្សាសន្តិភាព និងកិច្ចសហប្រតិបត្តិការល្អ។
ទី៥. របាយការណ៍បញ្ហាប្រឈមរបស់រដ្ឋបាលក្រុង-ស្រុក៖ ការដោះស្រាយបញ្ហាជាក់ស្តែងដែលកើតមានឡើងនៅតាមមូលដ្ឋាននីមួយៗ៕