រយៈពេលជាង៣០ឆ្នាំមកហើយដែលកម្ពុជា និងអូស្ត្រាលី បានបើកកិច្ចសហប្រតិបត្តិការ ស្រាវជ្រាវក្នុងវិស័យកសិកម្ម។ ការស្រាវជ្រាវកសិកម្មរវាងកម្ពុជា និងអូស្ត្រាលីនេះ បានធ្វើការងារផ្តោតសំខាន់លើការធ្វើទំនើបកម្មកសិកម្ម ធន់នឹងការប្រែប្រួលអាកាសធាតុ និងការបង្កើនសន្តិសុខស្បៀង។ សកម្មភាពសំខាន់ៗរួមមានការប្រើបច្ចេកវិទ្យាឡាស៊ែរកៀរដី ការស្រាវជ្រាវពូជស្រូវនិងដំណាំ, ការគ្រប់គ្រងជំងឺដំឡូងមី, ការបង្កើតពូជមាន់ស្រែ,ការពង្រឹងខ្សែសង្វាក់តម្លៃកសិកម្ម, និងការជួយគាំទ្រផ្នែកពាណិជ្ជកម្មកសិផល។
សកម្មភាពស្រាវជ្រាវ មានដូចជាការប្រើប្រាស់បច្ចេកវិទ្យាទំនើប ដើម្បីបង្កើនផលិតភាពកសិករខ្នាតតូច និងសហគមន៍កសិកម្ម។ ការប្រើប្រាស់ប្រព័ន្ធឡាស៊ែរកៀរដី ដើម្បីកែប្រែមុខមាត់ឧស្សាហកម្មស្រូវ-អង្ករ បង្កើនការសន្សំសំចៃទឹក និងការកើនទិន្នផល។
កិច្ចសហការស្រាវជ្រាវបានឆ្លើយតបទៅនឹងការរីករាលដាលនៃជំងឺមេរោគស្លឹកស្រពោនលើដំណាំដំឡូងមី ដើម្បីការពារគុណភាពឫសដំឡូងមី។ ដូចជាកាលពីឆ្នាំ២០២៣ មានកម្មវិធី អភិវឌ្ឍន៍បង្កាត់ ពូជសត្វ បែបសហគមន៍ ដំបូងគេបង្អស់ សម្រាប់ មាន់នៅ ក្នុងប្រទេសកម្ពុជា លើគម្រោង កែលម្អ ពូជមាន់ស្រែ មានសាច់ឆ្ងាញ់ ដែលធននឹងអាកាសធាតុដែលធ្វើអោយកសិករងាយស្រួលចិញ្ចឹមនិងការបង្កើតពូជស្រូវថ្មីមួយមានឈ្មោះថាចំប៉ីស៧០ ដែលត្រូវបានបង្កាត់ចេញពីពូជស្រូវផ្ការំដួលរបស់កម្ពុជា ដែលជាស្រូវ ជាប់ពានរង្វាន់ល្អដាច់គេក្នុងពិភពលោក មានទិន្នផលជាមធ្យម៤តោន៣ក្នុងមួយហិកតាដែលធ្វើឱ្យជីវភាពរបស់ប្រជាកសិករកម្ពុជាកាន់តែប្រសើរឡើង។
សូមបញ្ជាក់ថា កិច្ចសហប្រតិបត្តិការស្រាវជ្រាវនេះ ជាផ្នែកមួយនៃយុទ្ធសាស្ត្រអភិវឌ្ឍន៍កសិកម្មរបស់កម្ពុជាឆ្នាំ ២០២២-២០៣០ និងផែនទីបង្ហាញផ្លូវស្តីអំពីបច្ចេកវិទ្យាកសិកម្ម។
លោកស្រី Fiona Simson ប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់សម្រាប់ការស្រាវជ្រាវកសិកម្មអន្តរជាតិរបស់អូស្រ្តាលីថ្មីៗនេះ បានមកបំពេញទស្សនកិច្ចនៅកម្ពុជា ហើយបានចូលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីពិនិត្យលើសមិទ្ធផលនានាកន្លងមកនិងបានស្វែងយល់បន្ថែមអំពីអាទិភាពបច្ចុប្បន្នរបស់កម្ពុជា និងកាលានុវត្តភាពសម្រាប់កិច្ចសហការបន្តទៅថ្ងៃអនាគត៕



