គ.ជ.ប ប្រកាសដាក់ឱ្យដំណើរការគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា វិស័យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត


ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីភាពប្រកាសដាក់ឱ្យដំណើរការគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា វិស័យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។

គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនវិស័យ គ.ជ.ប ត្រូវបានបង្កើតឡើងស្របតាមលក្ខន្តិកៈសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងសេចក្តីសម្រេចស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃ គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនតាមវិស័យ ដើម្បីគាំទ្រដល់សកម្មភាពរបស់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាក្នុងការ៖

*លើកកម្ពស់កិត្តិយសឱ្យសក្តិសមនឹងគុណបំណាច់របស់អតីតយុទ្ធជន និងនិវត្តជន ចំពោះបុព្វហេតុជាតិ មាតុភូមិ និងប្រជាជន
*ការពារសិទ្ធិ ផលប្រយោជន៍ និងលើកស្ទួយកម្រិតជីវភាពអតីតយុទ្ធជន និងនិវត្តជន
*ពង្រឹងស្មារតីសាមគ្គីជួយគ្នាទៅវិញទៅមកក្នុងពេលជួបការលំបាក គ្រោះថ្នាក់ មរណភាពដោយមិន ប្រកាន់ប្រភពដើម សាសនា និន្នាការនយោបាយ និងឋានៈក្នុងសង្គមឡើយ។

ឯកឧត្តម ប្រាជ្ញ ចន្ទ បានថ្លែងថា ក្រោមគំនិតផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន ស្ថាបនិក និងជាប្រធានដឹកនាំផ្ទាល់ សមាគមនេះត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ២០០៧ ដែលមានឈ្មោះថា សមាគមអតីតយុទ្ធជនកម្ពុជា។ ក្រោយមកនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ មហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេស បានអនុម័តវិសោធនកម្មលក្ខន្តិកៈរបស់សមាគម ដោយប្តូរឈ្មោះពី «សមាគមអតីតយុទ្ធជនកម្ពុជា» ទៅជា «សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា»

ឯកឧត្តម ប្រាជ្ញ ចន្ទ បានបន្តថា ប្រជាជនកម្ពុជាធ្លាប់មានប្រវត្តិតស៊ូដ៏អង់អាចក្លាហានប្រកបដោយស្មារតី មនសិការ និងឧត្តមគតិស្នេហាជាតិខ្ពស់ ដើម្បីបុព្វហេតុឯករាជ្យជាតិ សង្គ្រោះជាតិចេញពីរបបប្រល័យពូជសាសន៍ ការពារអធិបតេយ្យ និងបូរណភាពដែនដី ដើម្បីសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា។ ក្នុងបុព្វហេតុជាតិមាតុភូមិ ទឹកដីអង្គរដ៏បវរ យុទ្ធជន យុទ្ធនារី មន្រ្តីរាជការ និងប្រជាជនស៊ីវិលជាច្រើនបានបូជាជីវិត របួស ពិការ បាត់បង់សមត្ថភាពការងារ ប្រកបដោយវិរភាពដ៏ឧត្តុង្គឧត្តម។ ហេតុនេះអតីតយុទ្ធជន និងនិវត្តជន គឺជាជនដែលមានស្នាដៃ និងគុណបំណាច់ចំពោះជាតិ មាតុភូមិ ដែលរាជរដ្ឋាភិបាល និងសង្គមជាតិបានយកចិត្តទុកដាក់ផ្តល់កិត្តិយស លើកទឹកចិត្ត ផ្តល់នូវរបបគោលនយោបាយសមស្របតាមស្ថានភាពសេដ្ឋកិច្ច ព្រមទាំងបានជួយឧ បត្ថម្ភគាំទ្រខាងស្មារតី និងសម្ភារ។

យោងតាមលក្ខន្តិកៈសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា អតីតយុទ្ធជន គឺសំដៅដល់បុគ្គលដែលធ្លាប់បម្រើការងារក្នុងកងយោធពលខេមរភូមិន្ទ និងកងនគរបាលជាតិ ហើយបានបញ្ចប់ការងាររបស់ខ្លួនត្រឹមត្រូវតាមច្បាប់។ រីឯនិវត្តជន គឺសំដៅដល់បុគ្គលដែលធ្លាប់បានបម្រើការងារក្នុងវិស័យសាធារណៈ ហើយបាន បញ្ចប់ការងាររបស់ខ្លួនត្រឹមត្រូវតាមច្បាប់។ ប៉ុន្តែនៅក្នុងស្ថាប័ន គ.ជ.ប យើងពុំមានអតីតយុទ្ធជនទេ គឺមានតែនិវត្តជនប៉ុណ្ណោះ។

ប្រធាន គ.ជ.ប បានបន្ថែមថា ហើយការបង្កើតគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនវិស័យ គ.ជ.ប នាពេលនេះ ក៏នឹងផ្តល់នូវអត្ថប្រយោជន៍បន្ថែមទៀតដល់និវត្តជន គ.ជ.ប ពីលើអត្ថប្រយោជន៍ផ្តល់ដោយបេឡាសន្តិសុខសង្គមផ្នែកប្រាក់សោធនសម្រាប់អ្នករាជការ គ.ជ.ប។ គ.ជ.ប បានអនុវត្តការដាក់អ្នករាជការ គ.ជ.ប ដែលមានអាយុតាមការកំណត់ឱ្យចូលនិវត្តជាលើកដំបូងនៅក្នុងឆ្នាំ២០២៣។ បើគិតត្រឹមបច្ចុប្បន្ន គ.ជ.ប មាននិវត្តជនចំនួន ៣៨រូប ហើយ គ.ជ.ប គ្រោងនឹងដាក់អ្នករាជការ គ.ជ.ប ចំនួន ១២រូបទៀតឱ្យចូលនិវត្តនៅក្នុងឆ្នាំ២០២៦នេះ។

លោក ប្រាជ្ញ ចន្ទ បានបញ្ជាក់ថា ក្រៅពីការប្រកាសដាក់ឱ្យដំណើរការគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនវិស័យ គ.ជ.ប ក៏ជាឱកាសជួប និងសំណេះសំណាលដ៏មានអត្តន័យដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាពរវាងមន្រ្តី គ.ជ.ប ជំនាន់មុន និងមន្រ្តី គ.ជ.ប បច្ចុប្បន្នប្រកបដោយក្តីនឹករលឹក ភាពកក់ក្តៅ និងភាពស្និទ្ធស្នាល ដើម្បីបង្ហាញពីការយកចិត្តទុកដាក់ចំពោះអតីតមន្រ្តី គ.ជ.ប ដែលធ្លាប់មានគុណបំណាច់ជាច្រើនឥតគណនាក្នុងការបម្រើការងារជូន គ.ជ.ប នាពេលកន្លងមក។

លោកសូមអំពាវនាវបន្ថែមទៀតដល់ថ្នាក់ដឹកនាំ និងមន្រ្តី បុគ្គលិក គ.ជ.ប ទាំងអស់ បន្តជួយឧបត្ថម្ភគាំទ្រដល់គណៈកម្មាធិការសមាគម អតីតយុទ្ធជន និងនិវត្តជនវិស័យ គ.ជ.ប ដើម្បីធានានិរន្តរភាព ប្រសិទ្ធភាពការងាររបស់សមាគម ក៏ដូចជាបង្កើតនូវភាពជាគំរូដល់មន្រ្តី គ.ជ.ប ក្មេងៗជំនាន់ក្រោយទៀតឱ្យចេះចែករំលែក និងគិតគូរដល់មន្រ្តីជំនាន់មុនព្រោះនៅថ្ងៃអនាគតមន្រ្តីរាជការ គ.ជ.ប ម្នាក់ៗសុទ្ធតែដល់អាយុត្រូវចូលនិវត្តន៍គ្រប់ៗគ្នា៕