ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី ក្នុងនាមតំណាងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានជំរុញដល់ក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ បន្ដអនុវត្តមរតកនយោបាយរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត គឺការផ្ដល់ឱកាសដល់ស្រ្តីក្នុងអង្គភាពបំពេញការងារ ដោយត្រូវគិតគូរទាំងការផ្តល់មុខតំណែង, ការដំឡើងឋានន្តរស័ក្តិ, ការបង្កើនចំនួនក្របខ័ណ្ឌស្ត្រី និងការផ្តល់គោលរបប ប្រាក់ឧបត្ថម្ភ និងមធ្យោបាយសម្ភារៈនានា។
ការលើកឡើងរបស់ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន ធ្វើឡើងក្នុងឱកាសអញ្ជើញជាតំណាងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅសកម្មភាពការងារឆ្នាំ២០២៦ របស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ដ្រី នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦នេះ នៅវិមានសន្ដិភាព។
បើតាមការលើកឡើងរបស់ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន, ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី គឺពិតជាមានភ័ព្វសំណាងអនេក ដោយបានទទួលនូវអនុសាន៍គន្លឹះទាំង១២ចំណុច ពីសំណាក់សម្ដេចតេជា ដែលបានក្លាយទៅជាផែនទីបង្ហាញផ្លូវ និងជាត្រីវិស័យដ៏មានសារៈសំខាន់បំផុត សម្រាប់អនុវត្តការងារប្រកបដោយប្រសិទ្ធភាព និងសក្តិសិទ្ធិភាព ចូលរួមចំណែកក្នុងការលើកកម្ពស់សិទ្ធិស្ត្រី, ជំរុញសមភាពយេនឌ័រ, បង្កើនភាពអង់អាចដល់ស្ត្រី, លើកកិត្តិយស កិត្តិនាមស្ត្រី និងផ្ដល់កាលានុវត្តភាពស្ត្រី នៅក្នុងគ្រប់វិស័យ។
ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានណែនាំដល់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ព្រមទាំងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវបន្តជំរុញការផ្សព្វផ្សាយអប់រំ ការយល់ដឹងអំពីច្បាប់, អនុសញ្ញា, អនុសាសន៍ និង គោលការណ៍នានាដែលពាក់ព័ន្ធ ការយល់ដឹងអំពីសមភាពយេនឌ័រ និងការលុបបំបាត់រាល់ទម្រង់ នៃការរើសអើងស្ត្រីក្នុងសង្គម។ វិធានការផ្សព្វផ្សាយអប់រំនេះ ត្រូវតែជាវិធានការចម្បង ជាអាទិភាពសម្រាប់សង្គមកម្ពុជាយើង ដោយសារតែទាំងនារីក៏ត្រូវស្វែងយល់បន្ថែម អំពីសិទ្ធិនិងអាទិភាពរបស់ខ្លួន, ហើយបុរសក៏ត្រូវយល់អំពីសិទ្ធិសំខាន់ៗ របស់នារីដូចគ្នាដែរ និងត្រូវយល់ពីសកម្មភាពណាដែលចាត់ទុកជាការរើសអើង, ដោយសារកន្លងទៅ អាចថាការបំពាន រើសអើងនានា អាចកើតឡើងជាអចេតនា, ដូច្នេះការអប់រំឲ្យបានជ្រួតជ្រាប, ជ្រាលជ្រៅក្នុងសង្គម គឺមានភាពចាំបាច់ជាទីបំផុត។
លើសពីនេះ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវគិតគូររៀបចំផែនការ បណ្តុះបណ្តាលតាមជំនាញផ្សេងៗ ជូនដល់ស្រ្តីឲ្យបានគ្រប់គ្រាន់ និងប្រកបដោយចីរភាព។ ក្នុងន័យនេះ គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវគិតគូរម៉ត់ចត់ថាតើបរិបទ បច្ចុប្បន្ននេះ, ចំណេះ និងជំនាញអ្វី ដែលចាំបាច់សម្រាប់នារីរបស់យើង ជាពិសេសសម្រាប់ យុគសម័យឌីជីថលនេះ។
ជាមួយគ្នានេះ ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន អំពាវនាវដល់នារីទាំងអស់គ្នា ត្រូវខិតខំកសាងរៀនសូត្រ កសាងសមត្ថភាពខ្លួនឯងបន្ថែមទៀត ឲ្យសមស្របទៅនឹងការផ្តល់ គុណតម្លៃ និងឱកាសពីសង្គម ដោយត្រូវធ្វើឲ្យគេចាត់ទុកថា «មុខតំណែង តួនាទី ដែលយើង ទទួលបាននោះ គឺបានមកដោយការសន្សំ, មិនមែនបានមកដោយការផ្ដល់ឲ្យតែមួយនោះទេ»។
បន្ថែមពីនេះ ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ក៏បានធ្វើការណែនាំដល់ស្ថាប័នអនុវត្តច្បាប់ ទាំងថ្នាក់ជាតិ និងក្រោមជាតិ ត្រូវបន្តយកចិត្តទុកដាក់ ពង្រឹងការអនុវត្តច្បាប់ ដើម្បីទប់ស្កាត់ និងបញ្ឈប់អំពើហិង្សាលើស្រ្តី និងក្មេងស្រី និងបទល្មើសនានាចំពោះស្រ្តី និងកុមារ។ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ត្រូវសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ជាពិសេស ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រសួងព័ត៌មាន ជំរុញលើកកម្ពស់សីលធម៌ ចរិយាធម៌ អរិយធម៌ និងប្រពៃណីផូរផង់ថ្លៃថ្នូរនៃនារីខ្មែរ៕



























