ក្នុងរយៈពេលត្រឹមតែ៥ថ្ងៃបន្ទាប់ពីការសន្យា នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦នេះ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ប្រមាណជាង៤០០នាក់ នៅក្នុងសហគមន៍រាំងខ្វាវ ស្ថិតក្នុងភូមិក្សេត្របូរី ឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ ជាលើកទី២ ដើម្បីបំពេញតាមការសន្យា ដែលលោកបានផ្តល់ជូនកាលពីថ្ងៃទី១៧ ខែមីនាកន្លងទៅ។
ក្នុងដំណើរចុះមកជាលើកទី២ ដ៏មានអត្ថន័យនេះ ឯកឧត្តម ខូយ រីដា បាននាំមកនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខយ៉ាងជ្រាលជ្រៅបំផុត ពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលជានិច្ចកាល សម្តេចទាំងទ្វេ តែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋនៅគ្រប់ទិសទី ជាពិសេសបងប្អូនដែលរស់នៅតំបន់ដាច់ស្រយាល។
ឆ្លើយតបតាមការសន្យាកាលពីលើកទីមួយ ឯកឧត្តមអភិបាលខេត្ត ក៏បាននាំយកនូវពូជបន្លែ កូនឈើហូបផ្លែ សាច់គោ សាច់ជ្រូក ព្រមទាំងគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ចម្រុះជាច្រើនប្រភេទ មកចែកជូនដោយផ្ទាល់ដៃ ដល់បងប្អូនប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សក្នុងសហគមន៍ ដើម្បីជំរុញការបង្កបង្កើនផល ពង្រឹងសេដ្ឋកិច្ចគ្រួសារ បានបរិភោគ និងប្រើប្រាស់ ទាំងការរស់នៅប្រចាំថ្ងៃ និងការសិក្សារៀនសូត្រ។
ឯកឧត្តម ខូយ រីដា បានលើកទឹកចិត្ត និងកោតសរសើរចំពោះ លោកគ្រូ អ្នកគ្រូ ដែលបានខិតខំប្រឹងប្រែងបង្ហាត់បង្រៀនដល់សិស្សានុសិស្ស បើទោះបីជាស្ថិតក្នុងតំបន់ឆ្ងាយដាច់ស្រយាល ដោយបានជំរុញឱ្យគណៈគ្រប់គ្រងសាលាបន្តពង្រឹងគុណភាពអប់រំ និងបំណិនជីវិតដល់កូនៗកុមារទាំងអស់។
ជាការពិតណាស់ ការការពារធនធានធម្មជាតិ គឺលោកនៅតែបន្តក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋ ឱ្យចូលរួមទប់ស្កាត់ការកាប់ទន្ទ្រានដីព្រៃខុសច្បាប់ និងរាយការណ៍ជាបន្ទាន់ចំពោះជនចំណូលស្រុក ដែលមានបំណងមិនល្អមកលើធនធានធម្មជាតិក្នុងតំបន់នេះ។
ចំពោះហេដ្ឋារចនាសម្ព័ន្ធ និងសេវាសាធារណៈ ឯកឧត្តមបានបញ្ជាក់ពីវឌ្ឍនភាពនៃការត្រៀមតភ្ជាប់បណ្តាញអគ្គិសនី និងការជំរុញទៅក្រសួងសាមី ដើម្បីដំឡើងបង្គោលអង់តែនទូរស័ព្ទ យ៉ាងយូរក្នុងអំឡុងចុងឆ្នាំ២០២៦នេះ បងប្អូននឹងបានប្រើប្រាស់សេវាទូរស័ព្ទហើយ។
ឯកឧត្តមបានដាស់តឿន និងអំពាវនាវយ៉ាងទទូចឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាធ្វើអនាម័យ បោសសម្អាតបរិស្ថាន ទាំងតាមខ្នងផ្ទះរៀងៗខ្លួន និងនៅតាមទីសាធារណៈឱ្យបានស្អាតល្អជានិច្ច ដើម្បីបង្កើនសោភ័ណភាពភូមិឋាន និងការពារសុខភាព។ ហើយលោកនឹងមានកាដូពិសេស លើកទឹកចិត្តសម្រាប់ភូមិឋានណាដែលស្អាត និងគ្មានសំរាម។
វត្តមានជាលើកទី២ ក្នុងរយៈពេលដ៏ខ្លីរបស់ ឯកឧត្តមអភិបាលខេត្តពោធិ៍សាត់ បានសបញ្ជាក់ឱ្យឃើញពីស្មារតីទទួលខុសត្រូវខ្ពស់ និងជាថ្នាក់ដឹកនាំដែលចុះជាប់ជាមួយមូលដ្ឋាន ធ្វើឱ្យបងប្អូនប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សក្នុងសហគមន៍រាំងខ្វាវទាំងមូល សម្តែងនូវក្តីរំភើបរីករាយ និងជឿជាក់យ៉ាងមុតមាំលើការដឹកនាំរបស់រដ្ឋបាលខេត្តពោធិ៍សាត់។
ក្នុងថ្ងៃដដែលនោះ បន្ទាប់ពីបញ្ចប់បេសកកម្មនៅសហគមន៍រាំងខ្វាវ ឯកឧត្តម ខូយ រីដា ក៏បានបន្តអញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាព នៃការរៀបចំសោភ័ណភាពនៅ អនុវិទ្យាល័យសម្តេចឪ សម្តេចម៉ែ ក្នុងស្រុកភ្នំក្រវាញ ក្នុងគោលបំណងជំរុញការលើកកម្ពស់បរិស្ថានសិក្សាឱ្យកាន់តែមានភាពស្រស់បំព្រង បៃតង និងមានរបៀបរៀបរយ ដើម្បីផ្តល់ភាពទាក់ទាញ និងផាសុកភាពដល់សិស្សានុសិស្ស ក្នុងការសិក្សារៀនសូត្រផងដែរ៕










































