នារសៀលថ្ងៃចន្ទ ៥កើត ខែចេត្រ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអនុញ្ញាតឱ្យលោកស្រី Tania Meyer ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំប្រទេសកម្ពុជា តំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក និងសហការី ចូលជួបដើម្បីពិភាក្សាការងារស្តីពីកតិកាសញ្ញាសន្ដិសុខទឹកកម្ពុជា និងទិសដៅអនុវត្តបន្ត នៅទីស្ដីការក្រសួងធនធានទឹក និងឧតុនិយម។
សូមជម្រាបថា កតិកាសញ្ញាសន្តិសុខទឹកកម្ពុជា គឺជាគំនិតផ្តួចផ្តើមដ៏សំខាន់មួយ ក្រោមផែនការអនុវត្តយុទ្ធសាស្ត្រទឹករបស់ក្រុមធនាគារពិភពលោក(WSIP) ដើម្បីធ្វើឱ្យប្រសើរឡើងនូវសន្តិសុខទឹកសម្រាប់មនុស្ស ៤០០ លាននាក់នៅទូទាំងពិភពលោក នៅឆ្នាំ២០៣០។ កម្ពុជាគឺជាប្រទេសមួយក្នុងចំណោមប្រទេសអាទិភាពចំនួន២៧ និងជាប្រទេសមួយក្នុងចំណោមប្រទេសតែពីរប៉ុណ្ណោះនៅអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ដែលឆ្លុះបញ្ចាំងពីភាពជាអ្នកដឹកនាំដ៏រឹងមាំរបស់រដ្ឋាភិបាល និងសក្តានុពលខ្ពស់សម្រាប់ការផ្លាស់ប្ដូរ។
ថ្លែងក្នុងកិច្ចជំនួប ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍បញ្ជាក់ពីសារៈសំខាន់នៃកតិកាសញ្ញាសន្ដិសុខទឹកកម្ពុជា ក្នុងការបង្កើតក្របខ័ណ្ឌជាតិបង្រួបបង្រួមសម្រាប់សន្តិសុខទឹក ពង្រឹងការសម្របសម្រួលអន្តរក្រសួង គាំទ្រចក្ខុវិស័យឆ្នាំ២០៥០ និងភាពធន់នឹងអាកាសធាតុ ដើម្បីចូលរួមដោះស្រាយបញ្ហាប្រឈមសំខាន់ៗដូចជា គ្រោះទឹកជំនន់ គ្រោះរាំងស្ងួត ផលិតភាពប្រព័ន្ធធារាសាស្ត្រទាប ជាដើម។ កតិកាសញ្ញានេះ រៀបចំឡើងផ្អែកលើសសរស្ដម្ភចំនួនបី គឺ ១)ទឹកសម្រាប់ប្រជាជន ២)ទឹកសម្រាប់អាហារ និង ៣)ទឹកសម្រាប់ភពផែនដី។
សូមបញ្ជាក់ថា កតិកាសញ្ញាសន្តិសុខទឹកកម្ពុជា ត្រូវបានបង្កើតឡើងរួមគ្នាដោយក្រសួងដែលពាក់ព័ន្ធនឹងទឹក ក្រោមការគាំទ្រពីធនាគារពិភពលោក ហើយនឹងត្រូវប្រកាសនៅក្នុងកិច្ចប្រជុំនិទាឃរដូវរបស់ក្រុមធនាគារពិភពលោក នាខែមេសា ឆ្នាំ២០២៦ខាងមុខ ក្នុងទីក្រុងវ៉ាស៊ីនតោនឌីស៊ី ដែល«ទឹក»នឹងដើរតួយ៉ាងសំខាន់ក្នុងព្រឹត្តិការណ៍ ទឹកឆ្ពោះទៅមុខ៖ ជំរុញការងារ និងវិបុលភាព។ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ត្រូវបានអញ្ជើញឱ្យចូលរួមកិច្ចប្រជុំនិទាឃរដូវឆ្នាំ២០២៦របស់ធនាគារពិភពលោក នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦ ដើម្បីបង្ហាញពីភាពជាអ្នកដឹកនាំរបស់ប្រទេសកម្ពុជា និងទាក់ទាញការវិនិយោគសកល៕


