រដ្ឋមន្ត្រីសុខាភិបាល ស្នើដល់គ្រប់អង្គភាពសុខាភិបាល ត្រូវសហការជិតស្និទ្ធជាមួយដៃគូអភិវឌ្ឍន៍ ដើម្បីធ្វើយ៉ាងណាឱ្យមូលដ្ឋានសុខាភិបាល បម្រើសេវាមានលទ្ធភាព និងសមត្ថភាពគ្រប់គ្រាន់


ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានស្នើដល់គ្រប់អង្គភាពសុខាភិបាល ត្រូវសហការជិតស្និទ្ធជាមួយដៃគូអភិវឌ្ឍន៍ ដើម្បីធ្វើយ៉ាងណា ឱ្យមូលដ្ឋានសុខាភិបាល បម្រើសេវាសុខាភិបាល មានលទ្ធភាព និងសមត្ថភាពគ្រប់គ្រាន់ ក្នុងការបម្រើសេវាប្រកបដោយគុណភាព ប្រសិទ្ធិភាព ស័ក្តិសិទ្ធិភាព និងសុវត្ថិភាព ដោយការទទួលខុសត្រូវមានទំនុកចិត្តពីប្រជាពលរដ្ឋ និងត្រូវគិតគូរពីការពង្រីក និងពង្រឹងគុណភាពសេវា ព្រមទាំងការងារគ្រប់គ្រងអង្គភាព។

ការថ្លែងយ៉ាងដូច្នេះ របស់ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា នៅក្នុងពិធីបើកសន្និបាតបូកសរុបការងារ សុខាភិបាលប្រចាំ២០២៥ និងទិសដៅការងារឆ្នាំ២០២៦ របស់មន្ទីរសុខាភិបាល ខេត្តសៀមរាប នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ ដោយមានការចូលរួមពីលោក តោ គឹមស៊ាន សមាជិកក្រុមប្រឹក្សាខេត្ត និងលោក លី សារី អភិបាលរងខេត្ត ព្រមទាំងលោក លោកស្រី ជាថ្នាក់ដឹកនាំមន្ទីរ អង្គភាព មន្ត្រីបុគ្គលិកពេទ្យ និងមណ្ឌលសុខភាពស្រុកប្រតិបត្តិ ព្រមទាំងតំណាងអង្គការដៃគូចូលរួមផងដែរ។

ឯកឧត្តមសាស្ត្រាចារ្យ បានបន្តថា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី លោកសង្ឃឹមថា រដ្ឋបាលថ្នាក់ក្រោមជាតិ និងអង្គភាព សុខាភិបាលគ្រប់លំដាប់ថ្នាក់ នឹងបន្តចូលរួមយ៉ាងសកម្ម ក្នុងការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ជាពិសេស កម្មវិធីគោលនយោបាយ អាទិភាពទី១ ការពង្រីកសេវាសុខាភិបាល ឆ្ពោះទៅកាន់ការគ្របដណ្តប់សុខភាពជាសកល និងការអនុវត្តវិធានការគន្លឹះក្នុងវិស័យ សុខាភិបាល ព្រមទាំងផែនការយុទ្ធសាស្រ្តសុខាភិបាល ២០២៥-២០៣៤ ដើម្បីសុខភាព និងសុខុមាលភាពប្រជាពលរដ្ឋកម្ពុជាគ្រប់រូប និងប្រជាពលរដ្ឋជំនាន់ក្រោយ។

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា បានឲ្យដឹងថា រាជរដ្ឋាភិបាល អាណត្តិទី៧ ក្នុងគោលនយោបាយយុទ្ធសាស្រ្តបញ្ចកោណ វិស័យសុខាភិបាល ត្រូវបានយកចិត្តទុកដាក់ជាអាទិភាព ហេតុនេះ ក្រសួងសុខាភិបាល បានបង្កើតឡើងនូវហិរញ្ញប្បទានសុខាភិបាល គោលការណ៍លើកលែងបង់ថ្លៃសេវា ការកំណត់អត្តសញ្ញាណជនក្រីក្រ និងមូលនិធិសមធម៌ និងមូលនិធិជំនួយសង្គមផ្សេងៗ សម្រាប់បង់ថ្លៃជួសជនក្រីក្រ ដោយមិនទុកឱ្យនរណាម្នាក់រងគ្រោះដល់ជីវិត ដោយសារតែមានបញ្ហាសុខភាព និងរបាំងហិរញ្ញវត្ថុ។

ឯកឧត្តមសាស្ត្រាចារ្យ ក៏បានអំពាវនាវដល់ថ្នាក់ដឹកនាំ មន្ដ្រីរាជការ បុគ្គលិកសុខាភិបាល សូមធ្វើការដោះស្រាយបញ្ហា ដោយលម្អិតបញ្ហាឲ្យតូចៗ ដោះស្រាយនៅនឹងកន្លែង និងក្នុងនាមជាអ្នកផ្ដល់សេវាព្យាបាល ថែទាំសុខភាព ត្រូវប្រើឥរិយាបថឲ្យបានសមរម្យ និងគោរពនូវក្រមសីលធម៌វិជ្ជាជីវៈសុខាភិបាល ពោល គឺនៅពេលប្រាស្រ័យ ទាក់ទងជាមួយប្រជាពលរដ្ឋ ឬអ្នកជំងឺ ដោយឈរលើគោលការណ៍ បច្ចេកទេស មនុស្សធម៌ គុណធម៌ សុជីវធម៌ និងស្មារតីភ្ញាក់រឭកខ្ពស់។

ឯកឧត្តមសាស្ត្រាចារ្យ បន្ថែមថា គ្រូពេទ្យ គឺជាអ្នកជួយសង្គ្រោះជីវិតអ្នកជំងឺ ធ្វើឲ្យអារម្មណ៍អ្នកជំងឺទទួលបានភាពកក់ក្តៅ ដូចប្រសាសន៍សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា គ្រូពេទ្យ មានតួនាទីធ្វើការជំនួសទេវតា។

លោកវេជ្ជបណ្ឌិត ក្រួស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប បានលើកឡើងថា ការងារសុខាភិបាល ទាំងវិស័យសាធារណៈ និងវិស័យឯកជន ត្រូវបានអនុវត្ត តាមផែនការយុទ្ធសាស្ត្រ ក្រសួងសុខាភិបាល ក្នុងការលើកកម្ពស់សុខភាពប្រជាពលរដ្ឋកម្ពុជា ដូចជា៖ ការលុបបំបាត់ជំងឺឆ្លងសំខាន់ៗ ការកាត់បន្ថយមរណភាព មាតា ទារក និងកុមារ ការកែលម្អសុខភាពបន្តពូជ ការបង្ការ និងការគ្រប់គ្រងជំងឺឆ្លងចម្បងៗ។

លោកវេជ្ជបណ្ឌិត បានបន្តថា ត្រូវពង្រីកការគ្របដណ្តប់នៃប្រព័ន្ធគាំពារសង្គម និងភាពប្រសើរឡើងនៃកត្តាសង្គម ដែលធ្វើឱ្យស្ថានភាពសុខភាព និងសុខុមាលភាព និងគុណភាពជីវិតរស់នៅរបស់ប្រជាជនកម្ពុជាប្រសើរឡើងជាលំដាប់ និងអាយុកាលរស់នៅ រំពឹងទុកខ្ពស់ ពិសេសកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។

លោក លី សារី បានកោតសរសើដល់ថ្នាក់ដឹកនាំមន្ទីរសុខាភិបាល ដែលបានបង្កលក្ខណៈឱ្យមានគ្រប់អង្គពាក់ព័ន្ធ បានចូលរួមផ្តល់គំនិត មតិយោបល់កែលម្អ និងលើកបញ្ហាប្រឈមដែលជួបប្រទះនាពេលកន្លងមក ដើម្បីបន្តអនុវត្តនៅឆ្នាំខាងមុខ ជាពិសេស មានទំនាក់ទំនងល្អជាមួយដៃគូរជាតិ និងអន្តរជាតិ ដែលជម្រុញឱ្យវិស័យសុខាភិបាលក្នុងខេត្ត ទាំងហេដ្ឋារចនាសម័្ពន្ធ ទាំងការផ្តល់សេវា មានការរីកចម្រើនគួរជាទីមោទនៈ។

លោកបញ្ជាក់ថា អង្គសន្និបាតនាពេលនេះ ចាត់ទុកជាយន្តការសម្រាប់ត្រួតពិនិត្យសមិទ្ធិផលការងាររួមគ្នា ក្នុងការផ្ដល់នូវកាលានុវត្ដភាព ដល់គ្រប់តួអង្គប្រតិបត្ដិករ វិស័យសុខាភិបាល ព្រមទាំងអ្នកពាក់ព័ន្ធ ស្វែងយល់ ប្រមូលផ្ដុំនូវទស្សនៈ និងបញ្ញាញាណ តាមរយៈការពិភាក្សា ការចែករំលែកបទពិសោធន៍ល្អៗ ថ្មីៗ និងពិនិត្យមើលលើសមិទ្ធផល ដើម្បីកំណត់ជាធាតុចូលសម្រាប់ប្រើប្រាស់ជាមូលដ្ឋានក្នុងការកែលម្អបន្ថែម៕