ឯកឧត្តម ប៉ុក ប៉ាន់ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាអនុប្រធានក្រុមការងារបច្ចេកទេសចម្រុះ សម្រាប់វិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TWG on TVET) បានដឹកនាំកិច្ចប្រជុំក្រុមការងារ នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ ដើម្បីពិនិត្យពិភាក្សាលើសេចក្តីព្រាងរបាយការណ៍វាយតម្លៃការអនុវត្តគោលនយោបាយជាតិស្តីពី អ.ប.វ.ឆ្នាំ២០១៧-២០២៥ និងការរៀបចំសន្និធិជំនាញកម្ពុជា នៅទីស្តីក្រសួង ។
កិច្ចប្រជុំក៏មានការអញ្ជើញចូលរួមពី លោក Christian Disler នាយករងទីភ្នាក់ងារអភិវឌ្ឍន៍ និងសហប្រតិបត្តិការស្វីស (SDC) តំណាង SDC ជាអនុប្រធានក្រុមការងារបច្ចេកទេសចម្រុះ និងសមាជិក សមាជិកា ដែលតំណាងក្រសួង ស្ថាប័ន គ្រឹះស្ថានបណ្ដុះបណ្ដាល ព្រមទាំងវិស័យឯកជន និងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ។
ឯកឧត្តមរដ្ឋលេខាធិការ បានវាយតម្លៃខ្ពស់លើសមិទ្ធផល ដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជិវៈ និងអន្តរក្រសួង ស្ថាប័នពាក់ព័ន្ធ បានខិតខំប្រឹងប្រែងអនុវត្តក្នុងរយៈពេលជិត១ទស្សវត្សរ៍កន្លងមកនេះ ដើម្បីចូលរួមសម្រេចនូវចក្ខុវិស័យក្នុងការលើកកម្ពស់ជីវភាពរស់នៅ សេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋ បង្កើនបាននូវកម្លាំងពលកម្ម ឬធនធានមនុស្សកម្ពុជាប្រកបដោយចំណេះដឹង សមត្ថភាព ជំនាញ ឥរិយាបថការងារ សីលធម៌វិជ្ជាជីវៈ ផលិតភាពខ្ពស់ និងមានលក្ខណៈប្រកួតប្រជែងសម្រាប់ការងារពេញមួយជីវិត។
យោងតាមរបាយការណ៍វាយតម្លៃ បានកំណត់នូវសមិទ្ធផល និងការវិភាគ ព្រមទាំងបានទាញចេញនូវឧត្តមានុវត្ត និងមេរៀន បទពិសោធល្អ ការប្រឈម និងឧបសគ្គនានាដែលបានជួបប្រទះ ដើម្បីប្រើប្រាស់ជាឧបករណ៍សម្រាប់ការបំពេញធាតុចូលសម្រាប់ការរៀបចំគោលនយោបាយជាតិស្តីពី ការអភិវឌ្ឍជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ឆ្នាំ២០២៦-២០៣៥ ដែលជាមូលដ្ឋានគ្រឹះយ៉ាងសំខាន់ក្នុងការចូលរួមចំណែកសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ និង២០៥០។ របាយការណ៍វាយតម្លៃនេះ នឹងត្រូវដាក់ប្រជុំពិនិត្យអនុម័តក្នុងកិច្ចប្រជុំគណៈកម្មការតាមដានវាយតម្លៃការអនុវត្តគោលនយោបាយជាតិស្តីពី អ.ប.វ. ឆ្នាំ២០១៧-២០២៥ ដើម្បីដាក់ជូនគណៈកម្មាធិការជាតិបណ្តុះបណ្តាលរាយការណ៍ជូនរាជរដ្ឋាភិបាល។
ទន្ទឹមនេះអង្គប្រជុំបានពិភាក្សាគ្នាយ៉ាងផុសផុលអំពីការរៀបចំសន្និធិជំនាញកម្ពុជាដែលជារបាយការណ៍លម្អិតលើស្ថិតិចំនួនសិក្ខាកាម សិស្ស និស្សិតដែលដែលទទួលបានការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈលើមុខជំនាញផ្សេងៗគ្រប់កម្រិត ពីគ្រប់ក្រសួង ស្ថាប័ននានា ដោយមានបែងចែកលម្អិតតាមវិស័យ មុខជំនាញ កម្រិតសិក្សា និងតាមភូមិសាស្រ្ត រាជធានី-ខេត្តទូទាំងប្រទេស ដែលជាឧបករណ៍មួយដ៏មានសារៈសំខាន់ក្នុងការចូលរួមពង្រឹង និងកំណត់ទិសដៅនៃការអភិវឌ្ឍជំនាញប្រកបដោយគុណភាព និងប្រសិទ្ធភាព ជាមូលដ្ឋានសម្រាប់ការរៀបចំគោលនយោបាយពាក់ព័ន្ធនានា និងជាទិន្នន័យគន្លឹះមួយសម្រាប់ទាក់ទាញការវិនិយោគមកកាន់ប្រទេសយើងផងដែរ។
សូមជម្រាបដែរថា នៅក្នុងកិច្ចប្រជុំនេះ សមាជិកក្រុមការងារ តំណាងវិស័យឯកជន និងតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ក៏បានចែករំលែកពីបទពិសោធអនុវត្តល្អៗ ក៏ដូចជាបានលើកឡើងនូវសំណូមពរពាក់ព័ន្ធសំខាន់ៗផងដែរ៕











