(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានលើកឡើងថា ការរៀបចំសំណើគម្រោងហិរញ្ញប្បទាន សម្រាប់ការទូទាត់ផ្អែកលើលទ្ធផល ពីមូលនិធិអាកាសធាតុបៃតង សម្រាប់គម្រោងការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ពីការបាត់បង់ និងរេចរិលព្រៃឈើ (រេដបូក)នៅកម្ពុជា គឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការធានា ធនធានដែលត្រូវការចាំបាច់ ដើម្បីជំរុញសកម្មភាពអាកាសធាតុ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់កម្ពុជា។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន មានប្រសាសន៍បែបនេះនៅក្នុងឱកាសអញ្ជើញជាអធិបតីបើកសិក្ខាសាលាផ្តល់សុពលភាព ស្តីពី «ការរៀបចំសំណើគម្រោងហិរញ្ញប្បទាន សម្រាប់ការទូទាត់ផ្អែកលើលទ្ធផល ពីមូលនិធិអាកាសធាតុបៃតង សម្រាប់គម្រោងការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ពីការបាត់បង់ និងរេចរិលព្រៃឈើ (រេដបូក)នៅកម្ពុជា» នៅទីស្តីការក្រសួងបរិស្ថាន នាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែករបស់អង្គការ UNDP ដែលជាដៃគូយ៉ាងជិតស្និត និងជាស្ថាប័នមួយ ដែលមានការទទួលស្គាល់ពីមូលនិធិអាកាសធាតុបៃតង (GCF) ដែលបានផ្តល់ការគាំទ្រទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ ក្នុងដំណើរការរៀបចំសំណើគម្រោងនេះឡើង។
ឯកឧត្តមរដ្ឋមន្រ្តីបានបន្ថែមថា សំណើគម្រោងហិរញ្ញប្បទាន GCF ផ្អែកលើលទ្ធផលរបស់ REDD+ នេះគឺស្របទៅនឹងគោលនយោបាយ និងយុទ្ធសាស្ត្រជាតិសំខាន់ៗ របស់កម្ពុជា ជាពិសេស «យុទ្ធសាស្ត្របញ្ចកោណ» ដំណាក់កាលទី១ យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន (២០២៣-២០២៨) ដែលផ្តោតលើ ភាពស្អាត ភាពបៃតង និងចីរភាព ផែនការយុទ្ធសាស្ត្រឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ (២០២៤-២០៣៣) ផែនការរួមចំណែករបស់ជាតិឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ តំណាក់កាលទី៣ (NDC3.0) ផែនការប្រើប្រាស់ដីធ្លី សហគមន៍អព្យាក្រឹតកាបូន និងកិច្ចខិតខំប្រឹងប្រែងដើម្បីការពារ និងស្តារព្រៃឈើដែលរេចរឹលឡើងវិញតាមរយៈការដាំដើមឈើ និងការស្តារព្រៃឈើឡើងវិញ។ វាក៏គាំទ្រដល់យុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូន (LTS4CN) របស់យើងផងដែរ ដោយធានាថាប្រទេសកម្ពុជានៅតែស្ថិតនៅលើមាគ៌ាឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាព និងរួមចំណែកយ៉ាងខ្លាំងដល់គោលដៅអាកាសធាតុសកល។
សូមបញ្ជាក់ថា ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាផ្តល់សុពលភាពស្តីពី «ការរៀបចំសំណើគម្រោងហិរញ្ញប្បទាន សម្រាប់ការទូទាត់ផ្អែកលើលទ្ធផល ពីមូលនិធិអាកាសធាតុបៃតង សម្រាប់គម្រោងការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ពីការបាត់បង់ និងរេចរិលព្រៃឈើ (រេដបូក)នៅកម្ពុជា»។ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីរាជការ តំណាងក្រសួងស្ថាប័ន ដៃគូអភិវឌ្ឍន៍ផ្សេងទៀត អង្គការជាតិ អន្តរជាតិ អង្គការមិនមែនរដ្ឋាភិបាល រដ្ឋបាលថ្នាក់ក្រោមជាតិ សហគមន៍មូលដ្ឋាន ជនជាតិដើមភាគតិច និងអ្នកពាក់ព័ន្ធជាច្រើននាក់។
វេទិកានេះរៀបចំឡើងដោយលេខាធិការដ្ឋានកិច្ចការឥណទានកាបូន នៃក្រសួងបរិស្ថាន និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ដើម្បីផ្តល់ឱកាសដ៏មានសារៈសំខាន់មួយ ដែលអ្នកចូលរួមអាចផ្ទៀងផ្ទាត់ និងផ្តល់សុពលភាពលើសំណើគម្រោងហិរញ្ញប្បទាន ពីមូលនិធិអាកាសធាតុបៃតង សម្រាប់ការទូទាត់ ផ្អែកលើលទ្ធផលសម្រាប់កម្មវិធី REDD+ នៅកម្ពុជា៕











