ឯកឧត្តម ថោ ជេដ្ឋា អញ្ជើញចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធធារាសាស្រ្តសហគមន៍កសិកម្មតាសីសាមគ្គី ក្នុងភូមិសាស្ដ្រខេត្តបាត់ដំបង ដែលសម្រេចបានប្រមាណ ៨៨%


នាព្រឹកថ្ងៃព្រហស្បតិ៍ ៨កើត ខែចេត្រ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារនៃគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធធារាសាស្រ្តសហគមន៍កសិកម្មតាសីសាមគ្គី ស្ថិតក្នុងភូមិសាស្ត្រឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង ដែលទទួលបានហិរញ្ញប្បទានពីធនាគារពិភពលោក (WB) តាមរយៈគម្រោងពិពិធកម្មកសិកម្មកម្ពុជា។

សូមជម្រាបថា ទំហំការងារសំខាន់ៗនៃគម្រោងរួមមាន៖ ទី១)ការងារពង្រឹងគុណភាពស្រះ ១កន្លែង ទំហំ ៨៨ម៉ែត្រx៣៦ម៉ែត្រx៧ម៉ែត្រ ទី២)ការងារជីកស្រះថី្ម ១កន្លែង ទំហំ ៧០ម៉ែត្រx៤០ម៉ែត្រx៤ម៉ែត្រ ទី៣) ការងារដំឡើងប្រព័ន្ធទុយោស្រោចស្រព ប្រវែង ៩២៣១ម៉ែត្រ ទី៤)ការងារខួងអណ្តូង និងបំពាក់ម៉ូទ័រដើរដោយថាមពលពន្លឺព្រះអាទិត្យ ចំនួន ៦កន្លែង ទី៥)ការងារដំឡើងម៉ូទ័រជំរុញទឹកដើរដោយថាមពលពន្លឺព្រះអាទិត្យ ចំនួន ៤កន្លែង ទី៦)ការងារសាងសង់ស្ថានីយបូមទឹក ចំនួន ២កន្លែង និង ទី៧)ការងារសាងសង់ស្ថានីយបូមទឹកបណ្តែត ចំនួន ២កន្លែង។ គិតមកដល់ពេលនេះ លទ្ធផលការងារសម្រេចបានជាង ៨៨%៕