ខេត្តចំនួន៣ របស់កម្ពុជា និងខេត្តហ្សាឡាយ របស់វៀតណាម ចុះហត្ថលេខាដើម្បពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការល្អលើពហុវិស័យឆ្នាំ២០២៦ ដល់ឆ្នាំ២០៣០


ខេត្ត៣ របស់ប្រទេសកម្ពុជា រួមមាន៖ ខេត្តស្ទឹងត្រែង រតនគិរី និងខេត្តព្រះវិហារ បានចុះអនុស្សរណនៃការយោគយល់គ្នាជាមួយ ជាមួយខេត្ត ហ្សាឡាយ ប្រទសវៀតណាម ដើម្បីបន្តថែរក្សាចំណងមិត្តភាព និងសហប្រតិបត្តិការលើគ្រប់វិស័យប្រកបដោយចីរភាព និងដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការល្អលើពហុវិស័យឆ្នាំ២០២៦ ដល់ឆ្នាំ២០៣០។

ពិធីនេះបានធ្វើឡើងនៅខេត្ត ហ្សាឡាយ ប្រទេសវៀតណាម នារសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ ដោយគណៈប្រតិភូកម្ពុជាដឹកនាំដោយឯកឧត្តម សរ សុពុត្រា អភិបាលស្ទឹងត្រែង ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តខេត្តរតនគិរី។

ចំពោះភាគីវៀតណាម ដឹកនាំដោយ លោក ថៃ ដាយង៉ុក សមាជិកគណៈកម្មាធិការមជ្ឈិមបក្សកុម្មុនីស្តវៀតណាម លេខាបក្សខេត្តហ្សាឡាយ លោក ហ្វាម អាញ់ទ័ន សមាជិកគណៈកម្មាធិការមជ្ឈិមបក្សកុម្មុនីស្តវៀតណាម អនុលេខាបក្សខេត្ត និងជាប្រធានគណៈកម្មាធិការប្រជាជនខេត្តហ្សាឡាយ។

ថ្លែងនាឱកាសនោះ ឯកឧត្តម សរ សុពុត្រា បានឡើងថ្លែងថា ដំណើរការនៃការរៀបចំព្រឹត្តិការណ៍ទេសចរណ៍ជាតិ ឆ្នាំ២០២៦ ដ៏អស្ចារ្យ ដែលបានបង្ហាញនូវសក្តានុពល ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាពហុវិស័យ និងវប្បធម៌ប្រពៃណី សិល្បៈ ព្រមទាំងជីវភាពរស់នៅដ៏ផូរផង់របស់ប្រជាជនវៀតណាម និយាយជារួម និងដោយឡែក ប្រជាជនខេត្តហ្សាឡាយ។

ការៀបចំដាក់ចេញនូវកំណត់ហេតុស្តីពីកិច្ចសហប្រតិបត្តិការ សម្រាប់ដំណាក់កាល ឆ្នាំ២០២៦-២០៣០ នឹងបានរួមចំណែកលើកកម្ពស់ ពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការលើបណ្តាវិស័យសំខាន់ៗជាច្រើនបន្ថែមទៀត រួមមានវិស័យ សេដ្ឋកិច្ច និងការវិនិយោគ ឧស្សាហកម្មនិងពាណិជ្ជកម្ម ដឹកជញ្ជូន កសិកម្មនិងធនធានទឹក វប្បធម៌ កីឡា និងទេសចរណ៍ អប់រំនិងបណ្តុះបណ្តាល សុខាភិបាល និងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ព្រមទាំងការគាំទ្រគម្រោងមិត្តភាព និងការលើកកម្ពស់សន្តិសុខ និងការងាររុករក ជីកគាស់លើកដាក់អដ្ឋិធាតុ ស្របតាមកិច្ចព្រមព្រៀងនៃប្រទេសទាំងពីរ កម្ពុជា-វៀតណាម។

ពិតណាស់រវាងខេត្តស្ទឹងត្រែង និងខេត្តហ្សាឡាយ ក្នុងរយៈពេលកន្លងមកនេះ បានខិតខំរួមគ្នាពង្រឹងពង្រីកទំនាក់ទំនងគ្នា ជាប់ជាប្រចាំមានសហប្រតិបត្តិការល្អ និងបានជ្រោមជ្រែង គាំទ្រគ្នាទៅវិញទៅមក ទទួលបានលទ្ធផលគួរជាទីមោទនៈ ពិសេសគឺការប្តេជ្ញាក្នុងការបន្តអនុវត្តផែនការដើម្បីស្រាវជ្រាវ ស្វែងរក ជីកគាស់ លើកដាក់ រៀបចំធ្វើមាតុភូមិនិវត្តន៍នូវអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមដែលបាន ពលីក្នុងសម័យសង្គ្រាមនៅកម្ពុជា។

ឯកឧត្តមអភិបាលខេត្តស្ទឹងត្រែង បន្តថ្លែងថា ក្នុងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងប្រជាជនក្នុងខេត្តស្ទឹងត្រែង ចងចាំជានិច្ចនូវគុណូបការៈ ដ៏ធំធេងរបស់វីរៈកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម ដែលបានជួយរំដោះជាតិមាតុភូមិ កម្ពុជា ឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ដ៏ឃោឃៅព្រៃផ្សៃ និងអមនុស្សធម៌ រហូតទទួលបានជ័យជម្នះ នៅថ្ងៃទី៧ មករា ១៩៧៩៕