ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអនុញ្ញាតឱ្យ លោក ង្វៀន មាញ់គឿង អនុរដ្ឋមន្ត្រីការបរទេសវៀតណាម ចូលជួបសម្ដែងការគួរសម នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួង។
នៅក្នុងជំនួប ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះ លោក ង្វៀន មាញ់គឿង ក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា និងបានសម្ដែងការពេញចិត្តចំពោះការបន្តរីកចម្រើន នៃទំនាក់ទំនងទ្វេភាគីដ៏ល្អប្រសើរ និងកិច្ចសហប្រតិបត្តិការដ៏សកម្មរវាងប្រទេសទាំងពីរលើគ្រប់វិស័យ។ ឯកឧត្តមបានសម្ដែងនូវអំណរសាទរយ៉ាងកក់ក្ដៅចំពោះរដ្ឋាភិបាលវៀតណាម អំពីជោគជ័យ នៃការរៀបចំការបោះឆ្នោតសកលកាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានសង្កត់ធ្ងន់អំពីសារៈសំខាន់ នៃការរក្សាបាននូវការផ្លាស់ប្ដូរទស្សនកិច្ច និងការប្រាស្រ័យទាក់ទងគ្នាគ្រប់ជាន់ថ្នាក់ ដើម្បីបន្តពង្រឹងចំណងមិត្តភាពរឹងមាំ ដូចដែលបានសបញ្ជាក់តាមរយៈទស្សនកិច្ចផ្លូវរដ្ឋរបស់ លោក តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម នៅកម្ពុជា កាលពីខែកុម្ភៈ ឆ្នាំ២០២៦៕







