សមាជិកព្រឹទ្ធសភា សម្តែងការសោកស្តាយ ចំពោះការបាត់បង់អាយុជីវិតមនុស្ស៥នាក់ ដោយគ្រោះថ្នាក់ចរាចរណ៍ នៅស្រុកសន្ទុក


លោកជំទាវ ឃួន ឃុនឌី សមាជិកាព្រឹទ្ធសភា បានសម្តែងអារម្មណ៍តក់ស្លុត និងសោកស្តាយចំពោះឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឱ្យមានមនុស្សចំនួន៥នាក់ ស្លាប់បាត់បង់ជីវិត ស្ថិតនៅភូមិជាយស្បៃ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ នៅរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦។

លោកជំទាវ បានថ្លែងថា ក្រោយពីបានទទួលដំណឹងនេះភ្លាម លោកស្រីរួមទាំងក្រុមការងារ បានសហការគ្នារៀបចំ ភេសជ្ជៈ និងថវិកាចុះមកដល់ទីនេះផ្ទាល់តែម្តង ហើយនេះ ជាការបង្ហាញនូវស្មារតី ទទួលខុសត្រូវខ្ពស់ ក៏ដូចជាការគិតគូរ សុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ របស់ថ្នាក់ដឹកនាំយើង ក្នុងការរួមសុខរួមទុក្ខជាមួយគ្នាក្នុងគ្រាលំបាក ព្រមទាំងរំលែកនូវមរណទុក្ខដ៏ក្រៀមក្រំបំផុតចំពោះ លោកពូអ្នកមីង លោកយាយលោកតា ជាសមាជិកនៃសពផងដែរ។ ទាំងអស់នេះ បានបង្ហាញឲ្យឃើញនូវការលះបង់ របស់ថ្នាក់ដឹកនាំចំពោះបងប្អូនប្រជាពលរដ្ឋ នៅពេលជួបបញ្ហាលំបាកបានទាន់ពេលវេលា។

លោកជំទាវ ឃួន ឃុនឌី បានសំណូមពរបន្ថែមដល់បងប្អូនទាំងអស់ ត្រូវតែប្រុងប្រយ័ត្នខ្ពស់ចំពោះការធ្វើដំណើរទៅមក ដើម្បីបញ្ជៀសនូវគ្រោះថ្នាក់ទាំងឡាយ ដែលយើងមិនបានដឹង នឹងសូមបួងសួងដល់ដួងវិញ្ញាណក្ខន្ធសព បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

សូមបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើងវេលាម៉ោង ៨៖៣០នាទីព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ ស្ថិតក្នុងភូមិជាយស្បៃ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ បណ្តាលឱ្យមនុស្សចំនួន៥នាក់ បានស្លាប់។

យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានបញ្ជាក់ថា រថយន្តបង្កម៉ាកហ៊ីយ៉ាន់ដាយ (Hyundai) ចំណុះ៥តោន ពណ៌ស លាយខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3E-2070 បានធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ ក៏បានរេចង្កូតទៅខាងឆ្វេង ជ្រុលទៅបុកអ្នកថ្មើរជើងពេញទំហឹងតែម្តង បណ្តាលឲ្យស្លាប់ចំនួន៥នាក់។

ជនរងគ្រោះដែលបានបាត់បង់ជីវិតក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះរួមមាន៖

*ទី១៖ ឈ្មោះ សៀង ខាន់ ភេទស្រី អាយុ៦៥ឆ្នាំ (ស្លាប់នៅកន្លែង)
*ទី២៖ ឈ្មោះ ធឿន ចាន់នី ភេទស្រី អាយុ១០ឆ្នាំ (ស្លាប់នៅកន្លែង)
*ទី៣៖ ឈ្មោះ ធឿន ស្រីខួច ភេទស្រី អាយុ១២ឆ្នាំ (ស្លាប់នៅកន្លែង)
*ទី៤៖ ឈ្មោះ គង់ គី ភេទស្រី អាយុ៧៣ឆ្នាំ (ស្លាប់នៅកន្លែង)
*ទី៥៖ ឈ្មោះ ជា សុខហេង ភេទស្រី អាយុ៨ឆ្នាំ (រងរបួសធ្ងន់ និងបានស្លាប់បាត់បង់ជីវិតពេលបញ្ជូនទៅដល់មន្ទីរពេទ្យ)។

ជនរងគ្រោះទាំងអស់មានទីលំនៅភូមិជាយស្បៃ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ៕