សម្តេចបវរធិបតី ហ៊ុន ម៉ាណែត សូមអនុមោទនាខួបលើកទី៥៧ឆ្នាំ នៃថ្ងៃបុណ្យឆ្លងការបកប្រែគម្ពីរព្រះត្រៃបិដកខ្មែរ និងរំលឹកគុណក្រុមជំនុំព្រះត្រៃបិដក


(ភ្នំពេញ)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦នេះ បានបង្ហោះសារ សូមសូមអនុមោទនាខួបលើកទី៥៧ឆ្នាំ នៃថ្ងៃបុណ្យឆ្លងការបកប្រែគម្ពីរព្រះត្រៃបិដកខ្មែរ និងរំលឹកគុណក្រុមជំនុំព្រះត្រៃបិដក (១ មេសា ១៩៦៩ – ១ មេសា ២០២៦)។

គួរបញ្ជាក់ផងដែរថា គម្ពីរព្រះត្រៃបិដកខ្មែរ គឺជាឃ្លាំងចំណេះដឹង ដ៏វិសេសវិសាលបំផុតសម្រាប់ប្រជាជនកម្ពុជា ដែលមិនត្រឹមតែបង្កប់នូវទស្សនវិជ្ជាជីវិតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាគ្រឹះនៃអក្សរសាស្ត្រ និងវប្បធម៌ខ្មែរយ៉ាងរឹងមាំផងដែរ ។

គម្ពីរព្រះត្រៃបិដក​គឺជាឃ្លាំងផ្ទុកនូវពុទ្ធវចនៈរបស់ព្រះពុទ្ធ ដែលទ្រង់ទេសនា ទូន្មាន ប្រៀនប្រដៅ អប់រំ រំឭកដាស់តឿនរវាង ៤៥ព្រះវស្សាចាប់តាំងពីទ្រង់បានត្រាស់​ដឹង ជាព្រះ​សម្ពោធិ​ញ្ញាណ​រហូតដល់ព្រះអង្គបានចូលបរិនិព្វាន។ វចនៈដែលទ្រង់បាន​សម្ដែង​នេះហៅថាធម្មវិន័យ។

ធម្មវិន័យនេះចែកជា៣ផ្នែក៖ វិន័យ សុត្តន្ត និងអភិធម្ម ទាំងបីចំណែកនេះ​ព្រះថេរទាំងឡាយបានសង្គាយនា​​​(ផ្ទៀងផ្ទាត់) ចងក្រងទុកដាក់និង​បែងចែក​ជាក្រុមហៅថា៖ បិដក ឬព្រះត្រៃបិដកដែលជាបណ្ណាល័យ​ដ៏សំខាន់​បំផុតសម្រាប់​ផ្ទុកនូវ​ពុទ្ធវចនៈទាំងនេះ។

គម្ពីរព្រះត្រៃបិដកមានចំនួនច្រើនជាងគម្ពីរវេទ(ព្រហ្មញ្ញសាសនា) និងច្រើនជាង​គម្គីរប៊ីប(គ្រឹស្តសាសនា)១១ដង។ នៅប្រទេសកម្ពុជាគម្ពីរព្រះត្រៃបិដកត្រូវបានក្រុមជំនុំព្រះត្រៃបិដកខ្មែរធ្វើការបកប្រែពីភាសាបាលីមកជាភាសាខ្មែរដើម្បីជាមធ្សោបាយងាយស្រួលក្នុងការ មើល អាន សិក្សា ស្វែងយល់ រៀនសូត្រអំពីទ្រឹស្តីក្នុងព្រះពុទ្ធសាសនា។

ព្រះត្រៃបិដកខ្មែរត្រូវបានធ្វើការបកប្រែចប់មុនគេក្នុងចំណោមប្រទេសកាន់ព្រះសាសនាទាំងអស់ក្នុងលោក។

គម្ពីរព្រះត្រៃបិដកជាភាសាខ្មែរសរុបទាំងអស់មានចំនួន១១០ក្បាល។

១. វិន័យបិដក មានចំនួន១៣ក្បាល ៥គម្ពីរ (ភាគ១ – ១៣)

២. សុត្តន្តបិដក មានចំនួន៦៤ក្បាល ៥គម្ពីរ (ភាគ១៤ – ៧៧)

៣. អភិធម្មបិដក មានចំនួន៣៣ក្បាល ៧គម្ពីរ(ភាគ៧៨ – ១១០)

ប្រភពដដែលបន្តថា ពុទ្ធសាសនបណ្ឌិត្យបានបង្កើតគណៈកម្មការ​ព្រះត្រៃបិដក​នៅឆ្នាំ១៩២៩ ដោយមានព្រះសង្ឃរាជ​ទាំងពីរគណៈជាប្រធាន និងមានសមាជិក ៤០ អង្គប្លាយ និងឧបាសក ដែលមានវិជ្ជាខ្ពង់ខ្ពស់ផ្នែកព្រះពុទ្ធសាសនា និង​ភាសាបាលី ។

ភាគទី១នៃព្រះត្រៃបិដកបានប្រសូតឡើងជាសៀវភៅមាន ២ ភាសាបាលីម្ខាង និងភាសាខ្មែរម្ខាង បោះពុម្ពនៅឆ្នាំ ១៩៣១ ហើយភាគ១១០​ជាភាគចុងក្រោយបានបោះពុម្ពផ្សាយជាដំបូងនៅឆ្នាំ ១៩៦៨ ក្នុងមួយភាគៗ​ជាទូទៅ​ជាង៤០០ទំព័រ ។ ការប្រែបិដកនេះ មានការលំបាក នឿយហត់ស៊ូទ្រាំ ទម្រាំបានរួចរាល់ប្រើពេលអស់ជិត៤០ឆ្នាំ។ ព្រះត្រៃបិដកខ្មែរយើងបានសម្ភោធ និងធ្វើបុណ្យឆ្លងនៅថ្ងៃទី ១ – ២ ខែមេសា ឆ្នាំ ២៥១៣-១៩៦៩៕