សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញប្រគល់-ទទួលផ្ទះ ដីឡូតិ៍លំនៅឋានសម្បទានសង្គមកិច្ចជូនគ្រួសារអតីតយុទ្ធមិត្តឆ្នាំ១៩៧៨ ចំនួន១២៦ខ្នងផ្ទះ​ នៅស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង


សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានគណៈយុទ្ធមិត្តជំនាន់បម្រើកងទ័ពឆ្នាំ១៩៧៨ នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួលផ្ទះ ដីឡូតិ៍លំនៅឋានសម្បទានសង្គមកិច្ច ជូនគ្រួសារអតីតយុទ្ធមិត្តឆ្នាំ១៩៧៨ ចំនួន ១២៦ខ្នងផ្ទះ នៅភូមិធ្លកថ្មី ឃុំត្នោត ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។

ថ្លែងនៅក្នុងឱកាសនោះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយវៀង បានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងជាប្រធានកិត្តិយសគណៈយុទ្ធមិត្តជំនាន់បម្រើកងទ័ព ឆ្នាំ១៩៧៨ និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់ ព្រមទាំងបានក្រើនរម្លឹក និងណែនាំ ជាប្រចាំដល់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ឱ្យយកចិត្តទុកដាក់ដោះស្រាយនូវបញ្ហាប្រឈម និងឆ្លើយ តបឱ្យបានទាន់ពេលវេលាចំពោះអតីតយុទ្ធជន។

បន្ថែមលើសពីនេះ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានពាំនាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនដល់អង្គពិធីទាំងមូលដោយក្តីនឹករលឹក និងការគិតគូរអំពីសុខទុក្ខប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង។

សម្តេចកិត្តិសង្គហបណ្ឌិត​ ម៉ែន សំអន​ ក៏បានលើកឡើងអំពីការបង្កើតគណៈយុទ្ធមិត្តនេះ គឺក្រោមការដឹកនាំដ៏ប៉ិនប្រសពរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បានចេញសេចក្តីសម្រេចលេខ២៤ សសរ ស្តីពីការបង្កើតគណៈយុទ្ធមិត្តជំនាន់បម្រើកងទ័ពឆ្នាំ១៩៧៨ ចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦។

នៅក្នុងសេចក្តីសម្រេចនោះបានកំណត់ថា គណៈយុទ្ធមិត្តជំនាន់បម្រើកងទ័ព ឆ្នាំ១៩៧៨ មានតួនាទីភារកិច្ច ដូចតទៅ៖ ថែរក្សាប្រពៃណី ស្នេហាជាតិ ការពារស្នាដៃ និងសមិទ្ធផល ព្រមទាំងសច្ចធម៌ប្រវត្តិសាស្ត្រ ជួយជ្រោមជ្រែងដល់ជីវភាពរស់នៅរបស់យុទ្ធមិត្ត ពិសេសអ្នកដែលមានជីវភាពទន់ខ្សោយ ជួបទុក្ខលំបាក រៀបចំសមាជិក ដែលជាយុទ្ធជន យុទ្ធនារី បានបម្រើកងទ័ព ឆ្នាំ១៩៧៨ ដែលស្ថិតក្រោមការដឹកនាំបញ្ជារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅពេលនោះ។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានបន្តថា សម្តេចតេជោ ហ៊ុន សែន និងសម្តេចបវរធិបតី ហ៊ុន​ ម៉ាណែត បានគិតគូរខ្ពស់ដល់សុខទុក្ខរបស់យុទ្ធជន និងអតីតយុទ្ធជនដែលបានបូជាកម្លាំងកាយចិត្ត និងជីវិត ដើម្បីការពារជាតិមាតុភូមិ។ តាមរយៈការផ្តល់ផ្ទះនេះ ក៏បានបង្ហាញអំពីគោលនយោបាយយូរអង្វែង ក្រោមពាក្យស្លោក «មិនទុកអ្នកណាម្នាក់ឱ្យនៅឯកោរ» ដែលជាគោលការណ៍សំខាន់ក្នុងការដឹកនាំ និងអភិវឌ្ឍន៍ប្រទេស។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានថ្លែងអំណរគុណដល់លោកកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ ថ្នាក់ដឹកនាំខេត្ត និងអង្គភាពជុំវិញខេត្តស្វាយុរៀង ដែលបានជួយសម្របសម្រួល ដោយការយកចិត្តទុកដាក់ខ្ពស់ចពោះសុខទុក្ខរបស់គណៈយុទ្ធមិត្ត។

ជាការឆ្លើយតបគណៈយុទ្ធមិត្តក៏បានគោរពរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចតេជោ និងសម្តេចធិបតី ដែលបានគិតគូរដល់សុខទុក្ខ និងការផ្តល់ជម្រកសមរម្យដល់ពួកគាត់នាពេលនេះ និងបានជូនឱ្យសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតព្រមទាំងក្រុមគ្រួសារ សូមទទួលបាននូវពុទ្ធពរ ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

គួរំលឹកផងដែរថា កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ កន្លងទៅនេះក៏មានពិធីចាប់ឆ្នោតដើម្បីទទួលយក ផ្ទះនិងដីឡូតិ៍លំនៅដ្ឋាន សម្រាប់គ្រួសារអតីតយុទ្ធមិត្តឆ្នាំ១៩៧៨ ចំនួន ១២៦ខ្នងផ្ទះផងដែរ។

សូមបញ្ជាក់ថា នៅក្នុងកម្មវិធីនេះមានអ្នកចូលរួមចំនួន ៥១១គ្រួសារ ក្នុងនោះប្រជាពលរដ្ឋដែលជាម្ចាស់ចំនួន ១២៦ខ្នងផ្ទះ ទទួលបាន៖ ទឹកស៊ីអ៉ីវ ១យួរ ទឹកត្រី ១យួរ ត្រីខ ១យួរ មី ១កេស អង្ករ ២០គីឡូក្រាម និងថវិកា ៥ម៉ឺនរៀល ចំណែកឯប្រជាពលរដ្ឋអ្នកចូលរួមក្រៅពីម្ចាស់ផ្ទះ មានចំនួន ៣២៥គ្រួសារទៀត ទទួលបានថវិកា ៥ម៉ឺនរៀលផងដែរ៕