ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សហការជាមួយអង្គការ UN-ESCAP នាថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦នេះ បានចេញផ្សាយរបាយការណ៍ស្តីពី «បញ្ញាសិប្បនិម្មិត៖ លើកកម្ពស់ នវានុវត្តន៍ ក្រមសីលធម៌ និងបរិយាបន្ននៅកម្ពុជា» ដើម្បីផ្តល់ជាព័ត៌មាន និង ចំណេះដឹងដល់ក្រសួងស្ថាប័នរដ្ឋ វិស័យឯកជន សាកលវិទ្យាល័យ និងដៃគូអភិវឌ្ឍន៍ ប្រើជាប្រយោជន៍សម្រាប់បង្កើតគោលនយោបាយ និងអភិវឌ្ឍន៍ធុរកិច្ចរបស់ខ្លួនស្របតាមការរីកចម្រើននៃបច្ចេកវិទ្យា។
របាយការណ៍នេះត្រូវបានរៀបចំឡើង តាមរយៈការពិគ្រោះយោបល់ស៊ីជម្រៅ ជាមួយអ្នកជំនាញមកពីស្ថាប័នរាជរដ្ឋាភិបាល គ្រឹះស្ថានសិក្សា អ្នកជំនាញក្នុងស្រុកនិងអន្តរជាតិ និងដៃគូអភិវឌ្ឍន៍ ដើម្បីដាក់ចេញនូវក្របខ័ណ្ឌយុទ្ធសាស្ត្រ សម្រាប់អភិបាលកិច្ច AI ដែលអនុលោមតាមបរិបទជាតិ និងបទដ្ឋានអន្តរជាតិ។ គោលបំណងសំខាន់គឺដើម្បីតម្រង់ទិសតួអង្គពាក់ព័ន្ធក្នុងវិស័យ AI នៅកម្ពុជា ឱ្យឈានទៅរកការសម្រេចបាននូវកំណើនសង្គម-សេដ្ឋកិច្ច ដែលផ្អែកលើអភិក្រមនៃក្រមសីលធម៌ សមធម៌ និងបរិយាបន្ន។
ថ្លែងក្នុងពិធីបើកសិក្ខាសាលា នាថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦នេះ ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី បានលើកឡើងអំពីឥទ្ធិពលធំធេងរបស់ AI និងភាពចាំបាច់នៃសកម្មភាពដែលកម្ពុជាត្រូវអនុវត្តឱ្យបានឆាប់រហ័ស ដោយបញ្ជាក់ថា «នៅទូទាំងពិភពលោក AI កំពុងផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ច ជំរុញបរិវត្តកម្មឧស្សាហកម្ម និងកែប្រែអភិបាលកិច្ច។ AI ផ្តល់ឱ្យកម្ពុជានូវឱកាសដ៏កម្រមួយ ក្នុងការរំលងដំណាក់កាលអភិវឌ្ឍន៍មួយចំនួន ដោយបង្កើនល្បឿននវានុវត្តន៍ កែលម្អការផ្តល់សេវា បំពេញចន្លោះប្រហោងនៃការអភិវឌ្ឍ និងពង្រឹងការធ្វើគោលនយោបាយផ្អែកលើភស្តុតាងនៅគ្រប់វិស័យ»។
ឯកឧត្តមបានរំលេចនូវអភិក្រមដែលផ្អែកលើសសរស្តម្ភចំនួន៣ គឺនវានុវត្តន៍ ក្រមសីលធម៌ និងបរិយាបន្ន ដោយលើកឡើងថា «ការអភិវឌ្ឍបច្ចេកវិទ្យាត្រូវតែយកមនុស្សជាស្នូល ហើយក្រមសីលធម៌មិនមែនជាឧបសគ្គចំពោះនវានុវត្តន៍ទេ ប៉ុន្តែជាមូលដ្ឋានគ្រឹះដែលធានាធម្មានុរូប និងចីរភាពនៃបច្ចេកវិទ្យា»។
ឯកឧត្តម ហ៊ុល សៀងហេង អនុរដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានបានគូសបញ្ជាក់ថា របាយការណ៍ដែលបានចេញផ្សាយនេះ សម្រាប់ជាព័ត៌មាន ក៏ដូចជា ចំណេះដឹងដល់ក្រសួងស្ថាប័នរដ្ឋ វិស័យឯកជន ដៃគូអភិវឌ្ឍន៍ សាកលវិទ្យាល័យ និងស្ថាប័នស្រាវជ្រាវ ធ្វើជាគោលនយោបាយក្នុងធុរកិច្ចរបស់ខ្លួន និងជាឯកសារស្រាវជ្រាវនៅតាមគ្រឹះស្ថានឧត្តមសិក្សាជាដើម។
ឯកឧត្តមបានលើកឡើងថា «ធម្មតានៅក្នុងសាកលវិទ្យា វិស័យឯកជន ឬក៏រដ្ឋាភិបាល យើងជ្រាបស្រាប់ហើយបញ្ញាសិប្បនិម្មិតបានចូលដល់សកម្មភាពឬកិច្ចរបស់យើងហើយ ប៉ុន្តែការចាប់យកក៏ដូចជាការស្រាវជ្រាវបន្តទៅលើបច្ចេកវិទ្យានេះ ត្រូវការការតម្រង់ច្បាស់លាស់ ដើម្បីធានាឱ្យនូវបរិយាបន្ន ក៏ដូចជានិរន្តភាព និងការទទួលខុសត្រូវសម្រាបើការអភិវឌ្ឍន៍ និងចាប់យកបច្ចេកវិទ្យានេះ»។
លោក Jonathan Tsuen Yip Wong ប្រធានផ្នែកនវានុវត្តន៍ សហគ្រាស និងការវិនិយោគនៃ UN-ESCAP បានលើកឡើងថា បរិយាបន្នគឺជាបញ្ហាចម្បងមួយ ព្រោះមនុស្សជាច្រើន និងបណ្តាប្រទេសមួយចំនួនមិនអាចតាមទាន់នូវការវិវត្តរីកចម្រើនយ៉ាងឆាប់រហ័សនៃ AI ។ ដូច្នេះ កិច្ចសហការរវាងរដ្ឋាភិបាល គ្រឹះស្ថានសិក្សា វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ មានសារសំខាន់ណាស់ ប្រសិនបើយើងចង់បង្កើតគោលនយោបាយដែលមានការគិតគូរល្អិតល្អន់ និងគ្រប់ជ្រុងជ្រោយ»។
សិក្ខាសាលាបានប្រមូលផ្តុំអ្នកជំនាញ តំណាងក្រសួងស្ថាប័នរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ អ្នកស្រាវជ្រាវ និងតំណាងវិស័យឯកជន ដើម្បីពិភាក្សាអំពីការផ្លាស់ប្តូរ ពីគោលនយោបាយ ទៅការអនុវត្តជាក់ស្តែង។ អ្នកចូលរួមក៏បានលើកឡើងពីសារសំខាន់នៃកិច្ចសហការដើម្បីធានាថា AI ត្រូវបានអភិវឌ្ឍប្រកបដោយបរិយាបន្ន និងការទទួលខុសត្រូវ ខណៈដែលតួអង្គពាក់ព័ន្ធបានបង្ហាញការប្តេជ្ញាចិត្ត ក្នុងការកសាងប្រព័ន្ធអេកូឡូស៊ី AI មួយ ដែលដំណើរការដោយនវានុវត្តន៍ ដឹកនាំដោយក្រមសីលធម៌ និងមានបរិយាបន្នសម្រាប់ប្រជាជនកម្ពុជាទាំងអស់៕



















