នាព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក Rémi Maumont de Longevialle នាយកប្រតិបត្តិក្រុមហ៊ុន VINCI Airports ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសនៃការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលស្តីពី «សុខភាពតែមួយ» (One Health Summit) នៅទីក្រុងលីយ៉ុង និងបំពេញទស្សនកិច្ចការងារនៅសាធារណរដ្ឋបារាំង ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦។
ក្នុងឱកាសនៃជំនួប, លោកនាយកប្រតិបត្តិក្រុមហ៊ុនបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចធិបតី ដែលបានអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ លោកនាយកប្រតិបត្តិក៏បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែគាំទ្រប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន និងរក្សាបាននូវភាពជាដៃគូសហប្រតិបត្តិការយ៉ាងល្អប្រសើរ។ បន្ថែមលើនេះ, លោកនាយកប្រតិបត្តិបានគោរពជម្រាបជូនសម្តេចធិបតីអំពីវឌ្ឍនភាពនៃអាជីវកម្ម និងផែនការសកម្មភាពរបស់ក្រុមហ៊ុន ដែលកំពុងផ្តោតលើការផ្សារភ្ជាប់ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនអាកាសចរណ៍នៃបណ្តាប្រទេសនានា ក្នុងគោលបំណងពង្រីកការតភ្ជាប់ជើងហោះហើរត្រង់ មកកាន់កម្ពុជា ព្រមទាំងជំរុញការផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍ ដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យមកកម្សាន្តនៅកម្ពុជា ឱ្យកាន់តែច្រើនថែមទៀត។ លោកក៏បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីជំរុញ និងអភិវឌ្ឍឧស្សាហកម្មអាកាសចរណ៍ ក៏ដូចជាស្វែងរកកាលានុវត្តភាពថ្មីៗក្នុងការបន្តពង្រីកការវិនិយោគ និងប្រតិបត្តិការអាជីវកម្មរបស់ខ្លួននៅកម្ពុជាបន្ថែមទៀត។
ជាការឆ្លើយតប, សម្តេចធិបតីបានសម្តែងនូវក្តីសោមនស្សរីករាយដែលបានជួបពិភាក្សាការងារជាមួយលោកនាយកប្រតិបត្តិ និង បានវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏មានសារៈសំខាន់ និងការរួមចំណែករបស់ក្រុមហ៊ុនក្នុងការអភិវឌ្ឍឧស្សាហកម្មអាកាសចរណ៍នៅកម្ពុជា។ សម្តេចធិបតីក៏បានជម្រាបជូនអំពីការដាក់ឱ្យដំណើរការជាផ្លូវការនូវ «អាកាសយានដ្ឋានអន្តរជាតិតេជោ» ហើយរាជរដ្ឋាភិបាលបានប្រគល់ភារកិច្ចជូនក្រសួងស្ថាប័នពាក់ព័ន្ធ ពិភាក្សាជាមួយក្រុមហ៊ុន និងវិស័យឯកជន ដើម្បីស្វែងរកមធ្យោបាយថ្មីៗ សំដៅជំរុញសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា។ សម្តេចធិបតីបានសង្កត់ធ្ងន់ថា គោលបំណងចម្បងរបស់កម្ពុជា គឺការពង្រីកជើងហោះហើរត្រង់មកកម្ពុជា ពីបណ្តាប្រទេសនានានៅជុំវិញពិភពលោក។
មុននឹងបញ្ចប់, សម្តេចធិបតីបានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តកិច្ចពិភាក្សា និងផ្សារភ្ជាប់ទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីស្វែងរកកាលានុវត្តភាពថ្មីៗ និងអភិវឌ្ឍអាជីវកម្មរបស់ក្រុមហ៊ុនឱ្យកាន់តែជោគជ័យបន្ថែមទៀត៕


