អភិបាលខេត្តព្រះវិហារ រៀបចំចាប់ឆ្នោតផ្ទះស្នាក់នៅជូនពលរដ្ឋភៀសសឹក ដើម្បីធានាតម្លាភាព និងភាពយុត្តិធម៌


ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ បានជួបសំណេះសំណាលសួរសុខទុក្ខ និងរៀបចំការចាប់ឆ្នោតកំណត់លេខរៀងផ្ទះស្នាក់នៅ ជូនប្រជាពលរដ្ឋភៀសសឹក ដើម្បីចូលរស់នៅជាបណ្ដោះអាសន្ន។

ឯកឧត្តមអភិបាលខេត្តព្រះវិហារ បានថ្លែងថា ការរៀបចំផ្ទះស្នាក់នៅនេះ គឺជាគម្រោងរបស់សមាគមអតីតយុទ្ធជន និងនិវត្តន៍ជនកម្ពុជា ដែលផ្ដល់ជូនក្រោមរូបភាព «ខ្ចីស្នាក់នៅ» ដែលមានទីតាំងស្ថិតនៅភូមិថ្នល់បែក ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ។ ការរៀបចំពិធីចាប់ឆ្នោតនេះ គឺមានគោលបំណងធានា «តម្លាភាព សុចរិតភាព និងយុត្តិធម៌» សម្រាប់ប្រជាពលរដ្ឋគោលដៅទាំងអស់ ដើម្បីឲ្យមានភាពស្មើភាព និងទទួលយកបាន។

ឯកឧត្តមអភិបាលខេត្តព្រះវិហារ បានថ្លែងបន្តថា ការផ្ដល់ជម្រកស្នាក់នៅបណ្តោះអាសន្នជូនពលរដ្ឋផៀសសឹកនាពេលនេះ បានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល និងសមាគមអតីតយុទ្ធជន ក្នុងការជួយសម្រួលការលំបាកជូនប្រជាពលរដ្ឋភៀសសឹក ឲ្យមានទីជម្រកសមរម្យ សុវត្ថិភាព និងមានភាពអនាគតល្អប្រសើរ។

ជាមួយគ្នានេះ ឯកឧត្តម គីម រិទ្ធី បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋដែលទទួលបានផ្ទះស្នាក់នៅ ត្រូវខិតខំថែរក្សាសមិទ្ធផលទាំងនេះឲ្យបានល្អ ខិតខំបង្កើនការដាំដុះជុំវិញលំនៅឋាន និងរស់នៅដោយសាមគ្គីភាព ជួយគ្នាទៅវិញទៅមក ដើម្បីកសាងសហគមន៍ថ្មីឲ្យមានភាពរឹងមាំ និងរីកចម្រើន៕