អភិបាលខេត្តក្រចេះ៖ យុវជនត្រូវតែមានចំណេះ ជំនាញណាមួយពិតប្រាកដ ដើម្បីអនាគតរបស់ខ្លួន


ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ បានថ្លែងថា យុវជនត្រូវតែមានចំណេះជំនាញណាមួយសម្រាប់ខ្លួនពិតប្រាកដ ដើម្បីអនាគតល្អទៅថ្ងៃក្រោយ ដោយបច្ចុប្បន្ននេះអ្នកមានចំណេះជំនាញច្បាស់លាស់ ទើបទទួលបានការងារល្អ និងទទួលប្រាក់កម្រៃបានខ្ពស់ផងដែរ។

ការថ្លែងបែបនេះ នៅក្នុងឱកាសដែលឯកឧត្តមអភិបាលខេត្ត បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយជូនលោកតា លោកយាយ ចាស់ជរា ជនទ័លក្រ រួមនិងបងប្អូនប្រជាពលរដ្ឋដែលជួបការលំបាកក្នុងជីវភាព ចំនួន៤២៦គ្រួសារ ស្មើនឹង៧ឃុំ ក្នុងស្រុកឆ្លូង ខេត្តក្រចេះ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាស្រុក។

ជាមួយគ្នានេះ ឯកឧត្តមបានជំរុញលើកទឹកចិត្តអាណាព្យាបាលនៅក្នុងក្រុមគ្រួសារនីមួយៗ ត្រូវតែបន្តលោកទឹកចិត្តកូនចៅរបស់ដើម្បីឲ្យពួកគាត់មានឱកាសចាប់យកចំណេះជំនាញណាមួយពិតប្រាកដសម្រាប់អនាគតរូបរបស់ខ្លួន និងផ្ដាំផ្ញើក្រើនរំលឹកបងប្អូនប្រជាពលរដ្ឋសូមថែរក្សាសុខភាពឱ្យបានល្អ ជាពិសេសនៅរដូវក្តៅនេះផងដែរ។ មួយវិញគួរឆ្លៀតដាំបន្លែ ចិញ្ចឹមសត្វឲ្យបានច្រើន ជាងទិញរបស់គេហូប ការដាំដុះខ្លួនឯងវាជាបន្លែសុវត្ថិភាព ហើយក៏ជាការបង្កើនសេដ្ឋកិច្ចក្នុងគ្រួសារថែមមួយកម្រិតផងដែរ។

លោកស្រី គង់ លឹមហូ អភិបាលស្រុកឆ្លូង បានឲ្យដឹងថា បងប្អូនប្រជាពលរដ្ឋដែលជួបការលំបាក ៤២៦គ្រួសារ ស្មើនឹង៧ឃុំ ក្នុងស្រុកឆ្លូង ខេត្តក្រចេះ ដោយក្នុង១គ្រួសារ ទទួលបានអង្ករ ២០kg មី១កេះតូច ទឹកសុទ្ធ ១កេះធំ ទឹកក្រូច១កេះធំ ទឹកស៊ីវអ៊ីវ ឬទឹកត្រី ១យួរ សារ៉ុង១ រួមនិងថវិការ ៣០,០០០រៀល។ ថ្វីត្បិតតែអំណោយបានចែកជូននាពេលនេះ មិនច្រើនក្តីតែក៏វាបានដោះស្រាយការលំបាករបស់បងប្អូនបានមួយរយៈពេលផងដែរ៕