ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ដែលនឹងឈានមកដល់នាពេលឆាប់ៗខាងមុខនេះ និងដើម្បីឧទ្ទិសកុសលជូនដល់វីរកងទ័ព វីរនគរបាល ដែលបានពលីជីវិតក្នុងបុព្វហេតុការពារជាតិមាតុភូមិ, នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកយោធពលខេរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦នេះ បានរៀបចំដឹកនាំធ្វើពិធីបង្សុកូល នៅមហាចេតិយ នៃតំបន់ប្រវត្តិសាស្រ្តយោធាតេជោកោះថ្ម អុិច១៦ នៅភូមិទន្លូង ឃុំកោះថ្ម ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
ពិធីនេះមានការចូលរួមពីសំណាក់ ឯកឧត្តម ប៉ែន កុសល្យ អភិបាល ខេត្តត្បូងឃ្មុំ ព្រមទាំងនាយ នាយរងអាវុធហត្ថ និងមន្ត្រីចំណុះសាលាខេត្តត្បូងឃ្មុំ។
ពិធីនេះធ្វើឡើងដើម្បីឧទ្ទិសជូនវិញ្ញាណក្ខន្ធកម្មាភិបាលយុទ្ធជនយុទ្ធនារី ដែលបានធ្វើពលីកម្មក្នុងបុព្វហេតុសង្រ្គោះអាយុជីរិតប្រជាជន រំដោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍។ ដើម្បីឧទ្ទិសជូនវិញ្ញាណក្ខន្ធប្រជាជនស្លូតត្រង់ដែលជាជនរងគ្រោះពីការកាប់សម្លាប់ដោយរបបប្រល័យពូជសាសន៍ និងដើម្បីគោរពឧទ្ទិសជូនវិញ្ញាណក្ខន្ធវីរកងកម្លាំងប្រដាប់អាវុធ ទាំងកងទ័ព ទាំងកងនគរបាលជាតិដែលបានលះបង់អាយុជីវិតក្នុងបុព្វហេតុការពារបូរណភាព អាធិបតេយ្យជាតិប្រឆាំងការឈ្លានពានពីបរទេស។
ពិធីបង្សុកូលនេះធ្វើឡើងក៏ដើម្បីឧទ្ទិសកុសល្យផលបុណ្យជូនដល់មាតា បិតា ញាតិ្តការទាំងប្រាំពីរសន្តាន ដែលបានចែលឋានទៅកាន់បរលោកខាងមុខ សូមវិញ្ញាណក្ខន្ធរបស់លោកទាំងអស់មកទទួលអនុមោទនា យកមគ្គផលដែលបានកើតចេញពីទឹកចិត្តដ៏បរិសុទ្ធជ្រះថ្លា របស់លោក លោកស្រី អ្នកនាងកញ្ញាទាំងអស់ នាពេលនេះ៕




























