ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) នាព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ទទួលទេវតាឆ្នាំថ្មី ក្នុងព្រឹត្តិការណ៍ នគរសង្ក្រាន្ត ព.ស ២៥៦៩ ឈានចូល គ.ស ២៥៧០ នៅរមណីដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ ដែលជាថ្ងៃទី១ នៃថ្ងៃបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ។
ក្នុងពិធីប្រពៃណីជាតិខ្មែរ ដ៏មានសារៈសំខាន់នេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងនាមជាអាជ្ញាធរមូលដ្ឋាន ដែលបានសហការជាមួយ ស.ស.យ.ក ក្នុងការរៀបចំព្រឹត្កិការណ៍ប្រវត្តិសាស្ត្រនេះឡើង និងមានប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិចូលរួម ដើម្បីអបអរសាទរឆ្នាំថ្មី និងដើម្បីចូលរួមថែរក្សាការពារទំនៀមទម្លាប់ប្រពៃណី វប្បធម៌ដ៏ល្អផូរផង់របស់ជាតិ ទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ ជាពិសេសបង្ហាញពីការដឹងគុណយ៉ាងជ្រាលជ្រៅ និងផ្សារភ្ជាប់ពិធីបុណ្យចូលឆ្នាំ ជាមួយវីរកងកម្លាំងជួរមុខ និងបងប្អូនភៀសសឹក ក្រោមស្មារតីការរួបរួមសាមគ្គី នៃមហាគ្រួសារខ្មែរតែមួយ។
ពិធីទទួលទេវតា ជាព្រឹត្តិការណ៍មួយ ក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដែលប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស តែងគោរពប្រណិបត្តិតាមជំនឿបុរាណយូរលង់ ដោយហៅថា វារៈមហាសង្ក្រាន្ត (ឬថ្ងៃមហាសង្ក្រាន្ត) ដែលជាការផ្លាស់វេនទេវតាឆ្នាំចាស់ ផ្លាស់ចូលឆ្នាំថ្មី ខណៈការផ្លាស់ប្តូរវេននៃអង្គទេពធីតា ត្រូវបានគេជឿថា ជាការប្តូរតួនាទីគ្រប់គ្រង រវាងរាជបុត្រីទាំង៧អង្គ របស់កបិលមហាព្រហ្ម។ សម្រាប់ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ខណៈវារៈមហាសង្ក្រាន្ត គឺចំថ្ងៃអង្គារ៍ ជាវេនរបស់រាជបុត្រីទី៣ កបិលមហាព្រហ្ម ព្រះនាម «រាក្យសាទេវី» ដែលនឹងឡើងកាន់តំណែង ជាទេវតាឆ្នាំថ្មីនេះ។
មគ្គនាយិកាកាន់តំណែងឆ្នាំមមីនេះ គង់នៅចាតុម្មហារាជិកា ទ្រង់អម្ពរពណ៌ខ្មៅ ព្រះកាណ៌សៀតផ្កាបុទុម ( ផ្កាឈូក ) អាភរណៈទ្រង់ម៉ោរា។ ព្រះហស្ថស្តាំទ្រង់ត្រីសូល៍, ព្រះហស្តឆ្វេងទ្រង់កៅទណ្ឌ ( ធ្នូ ), ភក្សាហារលោហិត ( ឈាម ) គង់លើអស្សតរជាពាហនៈ (សេះ) ដោយមានកិរិយាឈរបើកព្រះនេត្រ។ ទ្រង់យាងចុះនៅថ្ងៃអង្គារ៍ ១២រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ១០:៤៨ នាទីព្រឹក ចំថ្ងៃទី១ នៃពិធីចូលឆ្នាំប្រពៃណីជាតិខ្មែរ ដែលហៅថា វារៈមហាសង្ក្រាន្ត (ឬថ្ងៃមហាសង្ក្រាន្ត)។
សូមបញ្ជាក់ថា នៅក្នុងពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ឆ្នាំមមី ឆ្នាំ២០២៦ ដែលឈានចូលមកដល់នាឱកាសនេះ សហភាពសហព័ន្ធយុវជនកម្ពុជា បានសហការជាមួយ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំព្រឹត្តិការណ៍នគរសង្ក្រាន្ត រយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមេសានេះ ដោយមានការរៀបចំកម្មវិធីបង្ហាញទស្សនីយភាពតាមបែបវប្បធម៌ សិល្បៈ សាសនា ប្រមាណជាង២០ទស្សនីយភាពធំៗ នៅតាមទីតាំងធំៗរួមមាន៖ រមណីយដ្ឋានវប្បធម៌ ប្រវត្តិសាស្ត្រវត្តភ្នំ ភូមិវប្បធម៌នៅជិតផ្សាររាត្រី សួនច្បារវឌ្ឍនៈ អតីតសួនទីលានធិបតេយ្យ តំបន់ផ្លូវថ្មើរជើងចតុមុខជាដើម ខណៈនៅតំបន់ផ្លូវថ្មើរជើងចតុមុខ ដែលលាតសន្ធឹងចាប់ពីមុខផ្សាររាត្រី រហូតមកដល់មុខព្រះបរមរាជវាំង។
ដោយឡែកទីតាំងតូច៣កន្លែងទៀត មាននៅមុខវត្តបុទុមវត្តី, បាសាក់លេន, ផ្លូវលេខ៣០៨ និងផ្លូវលេខ១៥៥ ជុំវិញផ្សារទួលទំពូង ក្នុងខណ្ឌចំការមន និងក៏មានការរៀបចំស្តង់តាំងបង្ហាញផលិតផលខ្មែរជាច្រើន អមដោយមានឆាកប្រគំតន្ត្រីតូចធំ ចំនួនបីកន្លែង ដើម្បីបង្កលក្ខណៈឱ្យតំបន់នេះ មានភាពសប្បាយរីករាយថែមទៀត៕
































