ថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ អញ្ជើញស្រង់ព្រះ និងបន់ស្រន់សុំសេចក្តីសុខ នៅបូជនីយដ្ឋានប្រវត្តិសាស្ត្រ ទេពឧកញ៉ា ឃ្លាំង មឿង


នាល្ងាចថ្ងៃឡើងស័ក ត្រូវនឹងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងលោកជំទាវ អាំង សុជាតា ខូយរីដា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត ព្រមទាំងឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាកិត្តិយស ក្នុងពិធីស្រង់ព្រះ និងសូត្រមន្តចម្រើនព្រះបរិត្ត ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០។

ពិធីនេះត្រូវបានរៀបចំឡើងយ៉ាងមហោឡារិក នៅ បូជនីយដ្ឋាន ទេពឧកញ៉ា ឃ្លាំង មឿង និងជំទាវ ខាន់ ខៀវ ដែលជាទីតាំងប្រវត្តិសាស្ត្រដ៏ស័ក្តិសិទ្ធិ ស្ថិតក្នុងភូមិកំពែងស្វាយ ឃុំស្នាមព្រះ ស្រុកបាកាន ដោយបាននិមន្តព្រះសង្ឃចំនួន៩អង្គ ដើម្បីចម្រើនព្រះបរិត្ត និងស្រោចសុគន្ធវារី (ស្រង់ព្រះ) ទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា ដែលជាការលាងជម្រះនូវរឿងឧបទ្រុពចង្រៃទាំងឡាយ ក្នុងឆ្នាំចាស់ និងទទួលយកនូវសិរីសួស្តីជ័យមង្គល ក្នុងឆ្នាំថ្មី។

ក្នុងឱកាសដ៏វិសេសវិសាលនេះ ឯកឧត្តមអភិបាលខេត្ត និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំទាំងអស់ បានតាំងចិត្តអធិដ្ឋាន បន់ស្រន់ដល់បារមី នៃបូជនីយដ្ឋានប្រវត្តិសាស្ត្រ ទេពឧកញ៉ា ឃ្លាំង មឿង និងជំទាវ ខាន់ ខៀវ ដែលជាវីរបុរសស្នេហាជាតិដ៏មានមហិទ្ធិឫទ្ធិ ព្រមទាំងទេវតាឆ្នាំថ្មី ព្រះនាង រាក្យសាទេវី (បុត្រីទី៣ នៃកបិលមហាព្រហ្ម) សូមជួយប្រោះព្រំនូវសព្វសាធុការពរ សូមឱ្យថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋទូទាំងខេត្តពោធិ៍សាត់ ក៏ដូចជាប្រជាជនកម្ពុជាទាំងមូល ជួបតែសេចក្តីសុខ សុភមង្គល និងចៀសផុតពីគ្រោះថ្នាក់ទាំងពួង។

ជាមួយគ្នានោះ សូមបារមីដ៏ស័ក្តិសិទ្ធិ ជួយថែរក្សាការពារកងកម្លាំងប្រដាប់អាវុធ ដែលកំពុងឈរជើងការពារបូរណភាពទឹកដីនៅតាមបន្ទាត់ព្រំដែន ឱ្យមានសុខភាពល្អបរិបូរណ៍ កម្លាំងខ្លាំងក្លា ដើម្បីទប់ស្កាត់រាល់ការឈ្លានពានពីសត្រូវ និងរក្សានូវឯករាជ្យអធិបតេយ្យជាតិ ឱ្យបានគង់វង្សតរៀងទៅ។

គួរជម្រាបថា ពិធីបុណ្យចូលឆ្នាំថ្មី មិនត្រឹមតែជាការផ្លាស់ប្តូរសករាជថ្មីប៉ុណ្ណោះទេ ប៉ុន្តែជាស្មារតីនៃសាមគ្គីភាព ការរំលឹកដល់គុណូបការៈបុព្វបុរស និងការបន្តថែរក្សាអត្តសញ្ញាណជាតិខ្មែរ ឱ្យកាន់តែរឹងមាំជានិរន្តរ៍ ក្រោមម្លប់នៃសន្តិភាព៕