ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញចុះពិនិត្យ ការតបណ្តាញទឹកស្អាត ទៅតាមខ្នងផ្ទះ របស់ប្រជាពលរដ្ឋភៀសសឹក ស្នាក់នៅផ្ទះបណ្តោះអាសន្នរបស់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ស្ថិតក្នុងស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។
ឯកឧត្តមទេសរដ្ឋមន្ដ្រី គន់ គីម បានកោតសរសើរក្រុមការងារ ដែលបានខិតខំពន្លឿនការតភ្ជាប់បណ្តាញទឹកស្អាត ជូនប្រជាពលរដ្ឋក្នុងឱកាសចូលឆ្នាំប្រពៃណីខ្មែរ និងបានបន្តមកដល់ថ្ងៃនេះ ដែលសម្រេចលទ្ធផលបានប្រមាណ៩៥ភាគរយ។
ឯកឧត្តមទេសរដ្ឋមន្ដ្រី គន់ គីម បានបញ្ជាក់ថា ផ្ទះបណ្តោះអាសន្នរបស់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា សម្រាប់ប្រជាពលរដ្ឋភៀសសឹក ត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់ខ្ពស់ ពីការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ទឹក ភ្លើង សាលារៀន និងរៀបចំដីកសិកម្មសម្រាប់ជំរុញសកម្មភាពកសិកម្មទាំងលក្ខណៈគ្រួសារ និងសហគមន៍ ដើម្បីបង្កើតឱកាសការងារ និងប្រាក់ចំណូល ព្រមទាំងអាចគាំទ្រដល់ជីវភាពរស់នៅប្រចាំថ្ងៃ។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមទេសរដ្ឋមន្ដ្រី គន់ គីម បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋភៀសសឹក ដើម្បីនាំយកការផ្តាំផ្ញើសាកសួរសុខទុក្ខពីប្រមុខរាជរដ្ឋាភិបាល និងសំណូមពរដល់ប្រជាពលរដ្ឋភៀសសឹក ក្នុងករណីមានតម្រូវការបន្ទាន់ សូមរាយការណ៍ទៅកាន់អាជ្ញាធរ និងសមត្ថកិច្ច៕



















